ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ទាំងអស់​ឲ្យ​គោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​រៀបចំ​សម្ភារ​កម្ចាត់​មេរោគ​នៅ​តាម​ទីតាំង​របស់​ខ្លួន​។ ជាមួយ​គ្នា​នេះ​ដែរ​ក៏​ព្រមាន​បិទ​បណ្តោះអាសន្ន​នូវ​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ទាំងឡាយ​ណា​ដែល​មិនបាន​អនុវត្ត​តាម​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ចុះហត្ថលេខា​ដោយ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​មិនមាន​ការភ័យខ្លាច និង​បាត់​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូវីដ ​១៩ ហើយ​នៅតាម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​មួយចំនួន​ខ្វះ​ការប្រុងប្រយ័ត្ន ទាំង​ម្ចាស់​ភោជនីយដ្ឋាន និង​ភ្ញៀវ​ដោយ​ពុំបាន​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ក្រោយពី​ក្រសួង​នេះ​បាន​​ប្រកាស​ជា​សាធារណៈ​ពី​ការព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ទាំង​ ១២២ ​នាក់ ​ជាសះស្បើយ​អស់​នៅ​កម្ពុជា និង​មិន​ទាន់​រកឃើញ​ករណី​ថ្មី​។

លោក ឃួង ស្រេង ​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​ដូច្នេះ​ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ទាំងអស់​ឲ្យ​មាន​ការប្រុងប្រយ័ត្ន ដោយ​ត្រូវ​គោរព​តាម​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​​ជំងឺ​កូវីដ ​១៩»​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ត្រូវ​រៀបចំ​ឲ្យ​មាន​ទឹក​អាល់កុល ឬ​ជែល​សម្រាប់​លាងដៃ​នៅមុខ​ទ្វារ​ច្រក​ចេញ-ចូល និង​ត្រូវ​ចាត់តាំង​បុគ្គលិក​ធ្វើការ​វាស់​កម្តៅ​ភ្ញៀវ​ទាំងអស់​មុន​នឹង​អនុញ្ញាត​ឲ្យ​ចូល​ភោជនីយដ្ឋាន ឬ​អាហារដ្ឋាន​។

លោក ស្រេង បាន​ឲ្យ​ដឹងថា​៖ «​ត្រូវ​រក្សា​គម្លាត​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។ ក្នុងករណី​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ណា​មិន​បាន​អនុវត្ត​តាម​ការណែនាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បិទ​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​នោះ​ជា​បណ្តោះអាសន្ន​»​។

លោក ប៉េងពេជ្យ ករុណា បុគ្គលិក​ផ្នែក​គិតលុយ​នៃ​ភោជនីយដ្ឋាន​គុយទាវ​ទូក​ម្ចាស់​ដើម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ចាប់​តាំងពី​ខែកុម្ភៈ ក្នុង​អំឡុង​ពេល​ផ្ទុះ​ខ្លាំង​នៃ​ជំងឺ​នេះ ភោជនីយដ្ឋាន​ដែល​លោក​បម្រើការ​គឺ​តែងតែ​អនុវត្ត​ទៅតាម​គោលការណ៍​របស់​ក្រសួង​។ លោក​បន្តថា រហូត​មក​ដល់​ពេលនេះ​ខាង​ភោជនីយដ្ឋាន​ក៏​នៅតែ​បន្ត​អនុវត្ត​គោលការណ៍​នេះ​ដដែល ខណៈ​លោក​ក៏​សង្កេត​ឃើញ​ថា មាន​ភោជនីយដ្ឋាន ជាពិសេស​ភ្ញៀវ​ហាក់​លែង​សូវ​ខ្វល់ខ្វាយ​នឹង​ការការពារ​ខ្លួន​។

លោក ករុណា ថ្លែង​ថា​៖ «​ពិតជា​មាន​ការលែងដៃ​ពិតមែន ព្រោះ​ពីមុន​ភ្ញៀវ​មក ១០ ​នាក់ គាត់​ពាក់​ម៉ាស់​ទាំង​ ១០ ​នាក់ តែ​ពេលនេះ ១០ ​នាក់​អី គាត់​ពាក់​ម៉ាស់​តែ ៣ ​នាក់​ទេ​។ ប៉ុន្តែ​យ៉ាងណា​ហាង​យើង​បាន​អនុវត្តតាម​គោលការណ៍​នេះហើយ ដោយ​បុគ្គលិក​យើង​ពាក់​ម៉ាស់​ទាំងអស់​គ្នា ហើយ​មាន​ទឹក​អាល់កុល វាស់​កម្តៅ​រាល់ពេល ហើយ​ភ្ញៀវ​ខ្លះ​ក៏​គាត់​សប្បាយចិត្ត នៅពេល​ឃើញ​យើង​ធ្វើ​បែប​នេះ​»​។

លោក ករុណា បាន​ឲ្យ​ដឹង​ដោយ​បង្ហាញ​ការពេញចិត្ត​ចំពោះ​វិធានការ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញ​ដើម្បី​ទប់ស្កាត់ និង​បង្ការ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​កន្លែង​ដែលមាន​មនុស្ស​ចេញចូល​ច្រើន អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បន្ត​ទៀត កុំ​ឲ្យ​លែងដៃ និង​សុំ​ចិត្ត​ដល់​អតិថិជន​ទាំងអស់​ដែល​ចូល​ហាង​អាហារ និង​ភោជនីយដ្ឋាន បន្ត​ការប្រុងប្រយ័ត្ន​បន្ថែមទៀត​។

លោក ហែន ភារៈ វេជ្ជបណ្ឌិត​ផ្នែក​ផ្លូវដង្ហើម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​លោក​នៅតែ​មាន​ការបារម្ភ ចំពោះ​ការផ្ទុះ​ឡើងវិញ​នូវ​ជំងឺ​កូវីដ​១៩ ដូច​ទៅ​នឹង​ប្រទេស​ដទៃទៀត ខណៈ​ដែល​ប្រជាពលរដ្ឋ​លែង​សូវ​ខ្វល់ខ្វាយ​ក្នុង​ការការពារ​ខ្លួន​ដូច​ពីមុន​។

លោក ភារៈ បាន​ឲ្យ​ដឹង​ទៀតថា ការផ្ទុះ​ឡើងវិញ​នេះ​គឺ​មិនអាច​ធ្វើការ​ប៉ាន់ប្រមាណ​ទុក​បាន​នោះ​ទេ ដែល​ទាមទារ​ឲ្យ​មាន​ការចូលរួម​ទាំងអស់​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា ខណៈ​បម្រាម​ទាំងនោះ​គឺជា​វិធានការ​មួយ​ដ៏មាន​ប្រសិទ្ធភាព​ដែល​អង្គការ​សុខភាព​ពិភពលោក​ដាក់​ចេញ​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​​ ១៩​។

លោក ភារៈ បញ្ជាក់​ថា​៖ «​គេ​មិន​ឲ្យ​យើង​ធ្វេសប្រហែស​ទេ ព្រោះ​មាន​ការលាប់​ឡើង​វិញ ព្រោះ​មាន​អ្នក​ដែល​ជា​ហើយ​ហ្នឹង គាត់​មិន​មាន​ប្រព័ន្ធ​ភាពសុំា​ការពារ​ខ្លួន​ទេ ដែល​ងាយ​នឹង​លាប់​ឡើងវិញ ហើយ​បង្ក​ការលំបាក​។ ការ​នាំ​ចូល​មេរោគ​ថ្មី​ពី​ក្រៅ គឺ​យើង​អាច​ការពារ​បាន​តាមរយៈ​ការបិទ​ជើង​ហោះហើរ តែ​ការឆ្លង​ក្នុង​ប្រទេស​នេះ គឺ​ខ្លាំង​បំផុត​ហ្នឹង កន្លែង​សាធារណៈ ដូចជា ផ្សារទំនើប រោងកុន ភោជនីយដ្ឋាន និង​ខារ៉ាអូខេ​នេះ​ហើយ ដែល​ប្រឈម​ខ្លាំង​។ កន្លែង​ដែល​មាន​ការប្រមូល​ផ្តុំគ្នា​ច្រើន និង​សាលារៀន​ជាដើម​»៕

វីដេអូ៖