ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៣ ខែមេសា នេះ បានចេញសេចក្តីណែនាំស្តីពីការប្រមូលសំណាក ដោយដាក់កំហិតឱ្យប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ដ្រ «តំបន់ក្រហម» ជាតំបន់ដែលមានការឆ្លងរាលដាលជំងឺកូវីដ ត្រូវទៅធ្វើតេស្តរកមេរោគឆ្លងដ៏កាចសាហាវនេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ក្នុងសេចក្តីណែនាំនេះថា ដើម្បីកាត់ផ្តាច់ប្រភពចម្លង និងឈានទៅគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ «តំបន់ក្រហម» ត្រូវទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ ជាកំហិត តាមទីតាំងដែលអាជ្ញាធររាជធានីបានកំណត់។
ចំពោះប្រជាពលរដ្ឋ ដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យ៣ ក្នុងខណ្ឌមានជ័យ ត្រូវទៅយកសំណាកនៅទីតាំងទី១ នៅទីលានចាក់សំរាមចាស់ ក្នុងភូមិដំណាក់ធំ ទីតាំងទី២នៅតាមបណ្តោយផ្លូវលេខ ១០១៩ (ផ្លូវទ្រុងមាន់) ក្នុងភូមិទ្រា និងទី៣ នៅ វិហារព្រះយេស៊ូ ទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងនេះបន្តថា ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំង ដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវទៅយកសំណាកនៅ ទី១ សាលាបឋមសិក្សាសុភមង្គម ក្នុងភូមិបប្រ៉កខាងជើង ទី២ នៅផ្សារ K-Mall ក្នុងភូមិត្រពាំងថ្លឹង១ និងទី៣ នៅដីឡូតិ៍ខាងក្រោយផ្សារឯករាជ្យ ក្នុងភូមិត្រពាំងថ្លឹង១។
ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃភូមិ១៤ ភូមិ១៦ និងភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវទៅយកសំណាកនៅ ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡា។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបានព្រមានថា៖«ក្នុងករណីប្រជាពលរដ្ឋណាម្នាក់ មិនព្រមសហការ ឬគេចវេះ មិនទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ១៩ តាមការណែនាំនេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន»។
នៅថ្ងៃនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីសម្រេចបិទផ្សាររដ្ឋ និងផ្សារមិនមានរៀបរយទាំងអស់ រយៈពេល ១៤ ថ្ងៃ។
សេចក្តីសម្រេចទាំងនេះធ្វើឡើង ខណៈដែលក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះ ពីការរកឃើញចំនួនអ្នកវិជ្ជមានមេរោគកូវីដ១៩រហូតដល់ ៦៥៥នាក់ ដែលក្នុងនោះ មាន៥២២នាក់ ជាអ្នកឆ្លងនៅរាជធានីភ្នំពេញ៕










