ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​សេចក្តី​ណែនាំ​ពី​ការសម្រួល​ដល់​ការធ្វើដំណើរ​របស់​អ្នក​ដែល​ត្រូវ​ផ្តល់​អាទិភាព ក្នុង​អំឡុងពេល​អនុវត្ត​វិធានការ​បិទ​ខ្ទប់ ដោយ​តម្រូវ​ឱ្យ​ស្ថាប័ន​ផ្តល់​បញ្ជី​ឈ្មោះ​បុគ្គលិក​ ឬ​កម្មករ មិនឱ្យ​លើសពី ២ ភាគរយ​នៃ​ចំនួន​បុគ្គលិក​សរុប រួច​ស្នើសុំ​ការអនុញ្ញាត​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឬ​នៅតាម​ខណ្ឌ​ទាំង ១។

លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ណែនាំ​នៅ​ថ្ងៃអាទិត្យ ទី ១៨ ខែមេសា នេះ​ថា ដើម្បី​ធានា​ប្រក្រតីភាព​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ស្រប​តាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ក្នុង​ការធ្វើដំណើរ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​អំឡុងពេល​បិទខ្ទប់ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ណែនាំ​ដល់​អ្នក​ដែល​ត្រូវ​ផ្តល់​អាទិភាព​ធ្វើដំណើរ​នាពេលនេះ។

លោក​ថា ស្ថាប័ន​នីមួយៗ​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​បុគ្គលិក កម្មករ-កម្មការិនី​នៃ​ទីតាំង​អាជីវកម្ម​របស់ខ្លួន ដោយ​ត្រូវ​កាត់បន្ថយ​នូវ​ចំនួន​មក​នៅត្រឹម​កម្រិត​អប្បបរមា​មិនឱ្យ​លើសពី ០២ ភាគរយ​នៃ​ចំនួន​បុគ្គលិក ឬ​កម្មករ-កម្មការិនី​សរុប។

ប៉ូលីសបានបិទខ្ទប់នៅលើមហាវិថីសហព័ន្ធរុស្សីក្នុងខណ្ឌពោធិសែនជ័យនៅថ្ងៃទី ១៨ ខែមេសា​ ឆ្នាំ ២០២១។ ហេង ជីវ័ន

លោក​បញ្ជាក់ថា៖ «ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​បញ្ជី​ឈ្មោះ​បុគ្គលិក​ និង​កម្មករ​សរុប និង​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​បញ្ជាក់​ធានា​អះអាង​ចំនួន ០២ ភាគរយ​នៃ​បុគ្គលិក ឬ​កម្មករ-កម្មការិនី ពី​ម្ចាស់​សហគ្រាស ឬ​ម្ចាស់​អាជីវកម្មដ្ឋាន​ផងដែរ»។

លោក​ ឃួង ស្រេង ​បន្តថា ការស្នើសុំ​ការធ្វើដំណើរ​នេះ​គឺ​ត្រូវ​ស្នើ​ទៅ​អង្គភាព​ច្រកចេញចូល​តែមួយ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឬ​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​នៃ​រដ្ឋបាល​ខណ្ឌ​ទាំង ១៤ ពិសេស​ក្នុង​មូលដ្ឋាន​ខណ្ឌ ដែល​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​តាំងនៅ ដើម្បី​ចេញ​លិខិតបញ្ជាក់​អំពី​ការធ្វើដំណើរ​ចេញចូល​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជូន​ដល់​ម្ចាស់​អាជីវកម្ម និង​បុគ្គលិក កម្មករ-កម្មការិនី។

ជាមួយ​គ្នា​នេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បង្កើត​គ្រុប​តេឡេក្រាម (Telegram) សម្រាប់​ឱ្យ​អ្នក​ដែល​ត្រូវ​បានផ្តល់​អាទិភាព​ស្នើសុំ​តាម Online ដែល​នឹង​ជូនដំណឹង​តាម​សារព័ត៌មាន និង គេហទំព័រ (Page) របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមទាំង​គេហទំព័រ​របស់​រដ្ឋបាល​ខណ្ឌ​ទាំង ១៤៕

ប៉ូលីសបានបិទខ្ទប់នៅលើមហាវិថីសហព័ន្ធរុស្សីក្នុងខណ្ឌពោធិសែនជ័យនៅថ្ងៃទី ១៨ ខែមេសា​ ឆ្នាំ ២០២១។ ហេង ជីវ័ន

ប៉ូលីសបានបិទខ្ទប់នៅលើមហាវិថីសហព័ន្ធរុស្សីក្នុងខណ្ឌពោធិសែនជ័យនៅថ្ងៃទី ១៨ ខែមេសា​ ឆ្នាំ ២០២១។ ហេង ជីវ័ន