ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​បន្ត​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ​រយៈពេល ៧ ថ្ងៃ​ទៀត គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ រហូតដល់​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១។

យោងតាម​សេចក្តី​សម្រេច ដែល​ចុះហត្ថលេខា​ដោយ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២១ បាន​បញ្ជាក់ថា ការផ្អាក​ដំណើរការ​ផ្សារ​ជា​បណ្តោះអាសន្ន​នេះ​គឺ​ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅក្នុង​រាជធានី​ភ្នំពេញ។

ជាមួយ​នឹង​ការសម្រេច​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឱ្យ​នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​កងរាជ​អាវុធហត្ថ រាជធានី​ភ្នំពេញ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ទាំង ១៤ ប្រធាន​មន្ទីរ អង្គភាព​ជំនាញ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គណៈ​គ្រប់គ្រង​ផ្សារ ត្រូវ​ទទួលបន្ទុក​អនុវត្ត​សេចក្តីសម្រេច​នេះ​តាម​ភារកិច្ចរៀងៗ​ខ្លួន ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ។

អភិបាលរង​រាជធានី​ភ្នំពេញ​លោក កើត ឆែ ធ្លាប់បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ពេលថ្មីៗ​នេះ​ថា បើ​មិនមាន​ការប្រកាស​បន្ត​ផ្អាក​ដំណើរការ​ផ្សា​រទាំង​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាន់ពេលវេលា​ទេនោះ កំណើន​នៃ​ការឆ្លង​ជំងឺ​កូវីដ១៩​នឹង​មាន​កាន់តែច្រើន​ដែល​ធ្វើឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អាច​គ្រប់គ្រង​បាន៕

វីដេអូ៖