ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ហាម​ឃាត់​ការ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​រយៈពេល ២ សប្តាហ៍​បន្ថែម​ទៀត ដើម្បី​រួម​ចំណែក​ក្នុង​ការ​បង្ការ និង​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ខណៈ​សង្គម​ស៊ីវិល​សាទរ និង​ស្នើ​ឲ្យ​មាន​វិធានការ​នៃ​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង​ជា​អចិន្ត្រៃយ៍។

កាល​ពី​ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​នូវ​សេចក្តី​ណែនាំ​ស្តីពី​ការ​បន្ត​ផ្អាក​ការ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ដែល​វិធានការ​នេះ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ១៩។

នៅ​ចំពោះ​មុខ ដើម្បី​ឈាន​ទៅ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៏ ២០ កុម្ភៈ ២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បន្ត​គោល​ការណ៍​ណែនាំ​នេះ​រយៈពេល ២ សប្ដាហ៍​បន្ថែម​ទៀត ដោយ​គិត​ចាប់​ពី​ថ្ងៃទី ៩ ខែ​ឧសភា រហូត​ដល់​ថ្ងៃទី ២២ ខែឧ សភា ឆ្នាំ ២០២១។ នេះ​បើ​តាម​សេចក្តី​ណែនាំ​របស់​សាលា​រាជធានី ចុះ​ថ្ងៃទី ៨ ខែ ឧសភា។

សាលា​រាជធានី​ភ្នំពេញ​បាន​សង្កាត់​ធ្ងន់​ថា៖ «គ្រប់​ទីផ្សារ ដេប៉ូ​ចែកចាយ​ភេសជ្ជៈ និង​អាជីវកម្មដ្ឋាន​ផ្នែក​អាហារ-ភេសជ្ជៈ​គ្រប់​ប្រភេទ ត្រូវ​បន្ត​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ការ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ក្នុង​ភូមិសាស្ត្រ​រាជធានី»។

សេចក្តី​ណែនាំ​បាន​ព្រមាន​ថា៖ «បុគ្គល​ទាំងឡាយ​ណា​ដែល​បន្ត​លក់​ដូរ​ចែកចាយ និង​ចរាចរណ៍​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ក្នុង​អំឡុង​ពេល​នៃ​ការ​ហាម​ឃាត់​នេះ នឹង​ត្រូវ​ទទួល​ទោស ដូច​មាន​កំណត់​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​​ទៀត និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន»។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ណែនាំ​ថ្មី​នេះ​ថា រដ្ឋបាល​ខណ្ឌ​ទាំង ១៤ និង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ចុះ​ត្រួត​ពិនិត្យ​តាម​បណ្តា​គោលដៅ ទីផ្សារ ដេប៉ូ​ចែកចាយ​ភេសជ្ជៈ និង​អាជីវកម្មដ្ឋាន​ផ្នែក​អាហារ -ភេសជ្ជៈ​គ្រប់​ប្រភេទ ដើម្បី​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្ដី​ណែនាំ​នេះ។

លោក​បញ្ជាក់​ថា៖ «ក្នុង​ករណី​រក​ឃើញ​ថា គណៈ​គ្រប់គ្រង​ផ្សារ ម្ចាស់​ដេប៉ូ ឬ​ម្ចាស់​អាជីវកម្មដ្ឋាន​ណា​មួយ មិន​ព្រម​សហការ មិន​អនុវត្ត​តាម​សេចក្ដី​ណែនាំ​នេះ ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការ​លើកលែង​ឡើយ»។

លោក ទឹម វរ៉ា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សម្របសម្រួល​សកម្មភាព​សុខភាព​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​នេះ​ថា លោក​សាទរ​ចំពោះ​វិធានការ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​បន្ត​ការ​ហាមប្រាម​ការ​ចែកចាយ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ។

លោក​បន្ត​ថា ការ​ហាម​ឃាត់​នេះ មិន​ត្រឹម​តែ​បាន​ចូល​រួម​ចំណែក​ដល់​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា គឺ​ជា​គ្រោះថ្នាក់​ធំ​ដល់​សង្គម​ជាតិ។

លោក សង្ឃឹម​ថា៖ «គ្រឿង​ស្រវឹង វា​ប៉ះពាល់​ដល់​សុខភាព​បាន​ជា​យើង ទាមទារ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់ និង​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ជា​អចិន្ត្រៃយ៍។ បើ​សិន​ជា រដ្ឋាភិបាល​គាត់​គិត​ពី​បញ្ហា​សុខភាព​ដល់​ប្រជាពលរដ្ឋ​សុំ​ឲ្យ​មាន​ការ​បិទ​ការ​ផ្សព្វផ្សាយ​ជា​រៀង​រហូត​ហ្នឹង​ជា​ការ​ល្អ​មួយ។ នេះ​ដើម្បី​ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​ដោយ​សារ​ជំងឺ»។

កាល​ពី​ថ្ងៃទី ៤ ខែ​ឧសភា សមាគម អង្គការ​សង្គម​ស៊ីវិល​ជិត ៤០ ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម ដើម្បី​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បិទ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​គ្រប់​រូបភាព​ជា​អចិន្ត្រៃយ៍ បន្ទាប់​ពី​ស្ថាប័ន​ទាំង​នេះ បាន​គាំទ្រ​ដល់​វិធានការ​របស់​រដ្ឋាភិបាល ដែល​អនុវត្ត​បាន​ជោគជ័យ​ក្នុង​ការ​ហាមប្រាម​ការ​ផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង ក្នុង​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​១៩៕