
រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញនូវតារាងប្រៀបធៀប នូវទីតាំងដែលរកឃើញមានអ្នកវិជ្ជមានវីរុសកូវីដ ១៩ ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយ។ ក្រសួងព័ត៌មាន
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញនូវតារាងប្រៀបធៀបនូវទីតាំងដែលរកឃើញមានអ្នកវិជ្ជមានវីរុសកូវីដ ១៩ ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ ដែលករណីអ្នកឆ្លងវីរុសកូវីដនេះ គឺកើតមានក្នុងខណ្ឌទាំង ១៤។
យោងតាមតារាងប្រៀបធៀបរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ដែលត្រូវបានផ្សាយដោយទូរទស្សន៍ជាតិកម្ពុជានៅថ្ងៃអង្គារ ទី ២៧ ខែមេសា នេះបានបង្ហាញថា សង្កាត់ចំនួន ៥ ក្នុងខណ្ឌចំនួន ៤ មានអ្នកឆ្លងវីរុសកូវីដ ១៩ ច្រើនជាងគេ។
សង្កាត់ទាំងនោះមាន សង្កាត់បឹងសាឡាង ក្នុងខណ្ឌទួលគោក សង្កាត់ចោមចៅ ១ ក្នុងខណ្ឌពោធិ៍សែនជ័យ សង្កាត់ស្ទឹងមានជ័យ ១ និងស្ទឹងមានជ័យ ២ ក្នុងខណ្ឌមានជ័យ និងសង្កាត់ទួលសង្កែ ១ ក្នុងខណ្ឌឫស្សីកែវ។
យោងតាមតារាងដដែលនេះ ខណ្ឌដែលមានអ្នកឆ្លងច្រើនបន្ទាប់ មានចំនួន ៣១០ សង្កាត់ ស្ថិតក្នុងខណ្ឌទាំង ១៤ និងអ្នកឆ្លងក្នុងចំនួនតិចជាងគេមានចំនួន ៧០ សង្កាត់ ក្នុងខណ្ឌទាំង ១៤ ផងដែរ។
កាលពីយប់ថ្ងៃទី ២៦ ខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្តីប្រកាសបន្តបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន ៧ ថ្ងៃបន្តទៀត ចាប់ពីម៉ោងសូន្យថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ០៥ ខែឧសភា ដោយក្នុងនោះ លោកក៏បានបញ្ជាក់ពីភូមិសាស្រ្តដែលនឹងត្រូវធ្វើការបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» ផងដែរ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងនៅថ្ងៃអង្គារ ទី ២៧ ខែមេសានេះថា ការអនុវត្តនូវការកំណត់តំបន់ពណ៌ទៅតាមតំបន់នៃភូមិសាស្រ្តដែលបានបិទខ្ទប់បន្តនេះនឹងចាប់ផ្តើមពីម៉ោងសូន្យថ្ងៃទី ២៩ ខែមេសា។
លោកថា៖ «មកដល់ពេលនេះ រាជធានីភ្នំពេញរបស់យើងទើបតែកំណត់តំបន់ក្រហមប៉ុណ្ណោះ។ ក្រុមការងាររបស់សាលារាជធានីភ្នំពេញរបស់យើង បានកំពុងតែដុតដៃដុតជើង រៀបចំនូវការផ្សព្វផ្សាយបន្ថែមទៀត នៅក្នុងសន្និសីទកាសែតនៅថ្ងៃស្អែកនេះ»។
នៅយប់ថ្ងៃទី ២៦ មេសា លោក ម៉េត មាសភក្តី បានបញ្ជាក់ពីផែនទីដែលមានការបែងចែងតំបន់ទៅតាមពណ៌ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ លើបណ្ដាញសង្គមហ្វេសប៊ុកដែលជាព័ត៌មានមិនពិត ហើយលោកក៏បានស្នើដល់សាធារណជនបញ្ឈប់ការចែកចាយផែនទីដែលច្នៃប្រឌិត មិនផ្លូវការទាំងឡាយជាបន្ទាន់ ហើយសម្រាប់អ្នកចែកចាយព័ត៌មានក្លែងក្លាយនេះ នឹងត្រូវចាត់ការតាមផ្លូវច្បាប់។
ទន្ទឹមនឹងគ្នានេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យក្រុមហ៊ុន និងម្ចាស់អាជីវកម្មដែលបានទទួលលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង ១៤ នាពេលកន្លងមកនោះ អាចប្រើប្រាស់រហូតដល់ថ្ងៃទី ០៥ ខែឧសភាបាន៕



