ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើ​សេចក្ដី​ជូនដំណឹង​ដោយ​ព្រមាន​ដល់​ម្ចាស់​អាជីវកម្ម សេវាកម្ម ស្ថាប័នឯកជន និង​ប្រជាពលរដ្ឋ​ដែល​មិនបាន​គោរព​នូវ​កាតព្វកិច្ច​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​អាច​ប្រឈម​នឹង​វិធាន​រដ្ឋបាល​ដោយ​បិទ​អាជីវកម្ម ឬ​សេវាកម្ម​ជា​បណ្ដោះអាសន្ន រួមទាំង​ការបញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​ជំពាក់​បំណុល​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។

សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​ ២៥ ខែ ឧសភា ​បាន​ឲ្យ​ដឹងថា​៖ «​ក្រោយពី​បានចាប់ផ្ដើម​អនុវត្ត​ទទួល​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ដំណាក់កាល​អន្តរកាល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​រហូត​មក​ទល់​ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សង្កេត​ឃើញ​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​រួចហើយ​។ ប៉ុន្ដែ​នៅមាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ទៀត មិនទាន់​បាន​បំពេញ​កាតព្វកិច្ច​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​នេះ​នៅឡើយ​»​។

កាលពី​ខែ​តុលា ឆ្នាំ​ ២០១៩ រាជរដ្ឋាភិបាល​បាន​សម្រេច​បង្វែរ​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​នៅក្នុង​រាជធានី​ភ្នំពេញ​ពី​ក្រុមហ៊ុន​ស៊ិនទ្រី​មក​ជូន​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណង់​រឹង​រាជធានី​ភ្នំពេញ​ធ្វើការ​គ្រប់គ្រង​បណ្តោះ​អាសន្ន​វិញ​មុន​នឹង​រក​ក្រុមហ៊ុន​ថ្មី​មក​ជំនួស​បាន ព្រោះតែ​ក្រុមហ៊ុន​ស៊ិនទ្រី​មិន​មាន​សមត្ថភាព​បន្ត​ក្នុង​ការប្រមូល​សំរាម​។

លោក នួន សំណាវុធ អភិបាល​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម សំណល់​រឹង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ប្រព័ន្ធ​តេឡេក្រាម​កាលពី​ថ្ងៃ​អង្គារ​ថា សេចក្តី​ជូនដំណឹង​នេះ​គឺជា​ការ​រំឭក​ជាមុន​ទៅដល់​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​ទាំងអស់​ដែល​មិនបាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​។ លោក​បន្តថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ចំនួន​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​នៅក្នុង​ដៃ ហើយ​ក្នុង​ករណី​ដែល​ដល់​ពេល​កំណត់​នឹង​មាន​វិធានការ​ដូច​បាន​ដំណត់​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​សេចក្តី​ជូនដំណឹង​នេះ យើង​បាន​ជម្រាប​អស់ហើយ ដោយ​យើង​មិនទាន់​បង្ហាញ​ជាក់លាក់​នូវ​ចំនួន និង​ឈ្មោះ​អតិថិជន​ដែល​មិនបាន​បង់​ទេ​។ យើង​រំឭក​គាត់​សិន​បាន​ន័យថា អ្វីៗ​យើង​មាននៅ​ក្នុង​ដៃ​អស់ហើយ នៅពេល​ដែល​យើង​ចាប់ផ្តើម​អនុវត្ត គឺ​យើង​នឹង​បញ្ចេញ​ (​ឈ្មោះ​) ​តែម្តង​»​។

លោក នួន សំណាវុធ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ការគ្រប់គ្រង​ការប្រមូល​សំរាម និង​សំណល់​រឹង​នៅក្នុង​រាជធានី​ភ្នំពេញ​វិញ គឺ​នៅតែ​ស្ថិតក្នុង​ការដឹកនាំ​របស់​សាលា​រាជធានី​បណ្តោះអាសន្ន​ដដែល ព្រោះតែ​ការដាក់​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​ថ្មី​ចំនួន ៣ មិន​ទាន់​ត្រូវបាន​បញ្ចប់​។

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា​ យ៉ាងយូរ​នៅ​ចុងឆ្នាំ​ ២០២០ ខាងមុខ នីតិវិធី​នៃ​ការដាក់​ដេញថ្លៃ​ដំណាក់កាល​ទី​ ២ នឹង​ចាប់ផ្តើម​អនុវត្ត ហើយ​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​គ្រប់គ្រង​ការប្រមូល​សំរាម​ក្នុង​តំបន់​ចំនួន ៣ ក្នុង​រាជធានី​ភ្នំពេញ​ក៏​នឹង​អាចអនុវត្ត​ការងារ​របស់​ពួកគេ​បាន​​ក្នុង​ពេល​នោះ​ផងដែរ​។

លោក​បាន​ឲ្យ​ដឹងថា​៖ «​យើង​កំពុងស្ថិត​ក្នុងដំណាក់កាល​ទី ២ ដែល​ជា​ការដាក់​ដេញថ្លៃ ហើយ​យើង​កំពុង​តែ​ធ្វើការងារ​នេះ​។ ពាក់ព័ន្ធ​នឹង​ដំណើរការ​ដែល​យើង​រៀបចំ​ដាក់​ដេញថ្លៃ​នេះ ប្រហែល​ជា​ចុងឆ្នាំ ព្រោះ​ពេល​ដែល​យើង​ដេញថ្លៃ​ចប់ ហើយ​ចុះកិច្ចសន្យា​នោះ យើង​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នាំ​សម្ភារ និង​ចុះបញ្ជី​ក្រុមហ៊ុន​ហើយ​ក្រុមហ៊ុន​នាំ​សម្ភារ​ចូល ដើម្បី​អាច​ដំណើរការ​បាន​»​។

លោក សំណាវុធ បាន​ថ្លែង​​ថា ដោយសារ​តែ​នីតិវិធី​នៃ​ការដាក់​ដេញថ្លៃ​នេះ គឺជា​ការសម្ងាត់​មិនអាច​ឲ្យ​ដឹង​ពី​ចំនួន​ក្រុមហ៊ុន​ប៉ុន្មាន​ចូលរួម​ដេញថ្លៃ​នៅក្នុង​​ដំណាក់កាល​នីមួយៗ​នោះ​ទេ តែ​ដំណាក់​ចុងក្រោយ​ក្នុង​ការជ្រើសរើស​ក្រុមហ៊ុន​ចំនួន ៣ សម្រាប់​ធ្វើការ​គ្រប់គ្រង​ការប្រមូល​សំរាម​។

តាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​កាលពី​ចុង​ឆ្នាំមុន​បាន​ឲ្យ​ដឹងថា សំរាម​ដែល​បាន​បង្កើតឡើង​នៅ​កម្ពុជា​ក្នុង​ ១ ​ថ្ងៃៗ​មាន​ជាង ១ ​ម៉ឺន​តោន​សរុប​គឺ​ស្មើនឹង​ជិត ៤ ​លាន​តោន​ក្នុង ១ ​ឆ្នាំ​។ សំរាម​ទាំងនោះ​មាន ៦៥ ​ភាគរយ​ជា​សំណល់​សរីរាង្គ ២០ ​ភាគរយ ​ជា​សំណល់​ថង់​ប្លាស្ទិក និង​នៅ​សេសសល់​គឺជា​សំណល់​រឹង និង​សំណល់​ផ្សេងទៀត​។ សម្រាប់​ទីក្រុង​ភ្នំពេញ​សំរាម​ត្រូវបាន​បង្កើតឡើង​ប្រមាណ ៣ ​ពាន់​តោន​ក្នុង ១ ថ្ងៃ​៕

វីដេអូ៖