
សមត្ថកិច្ចពិនិត្យលិខិតស្នាមចំពោះអ្នកបើកបរក្នុងអំឡុងពេលបម្រាមគោចរ។ ហ៊ាន រង្សី
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសម្រេចដាក់បន្ថែមបម្រាមគោចរ និងបន្តការអនុវត្តវិធានការរដ្ឋបាលចំនួន ២ សប្តាហ៍បន្តទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ គិតចាប់ពីថ្ងៃទី ១៥ ខែមេសា រហូតដល់ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១។
តាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង នៅព្រឹកថ្ងៃទី ១៣ ខែមេសានេះ បានឲ្យដឹងថា ការបន្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ននេះ ធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
សេចក្តីសម្រេចសរសេរថា៖ «ត្រូវផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ។ល។ ដែលទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មរបស់ខ្លួន ប៉ុន្តែអាចប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់បាន»។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ពីការបន្តបម្រាមគោចរនៅពេលយប់ នៅចន្លោះម៉ោង ២០ ដល់ម៉ោង ៥ ព្រឹកផងដែរ ដោយត្រូវផ្អាកការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប៉ុន្តែករណីមួយចំនួន ត្រូវបានលើកលែង ដូចជាការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។
ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការក្រុម ពន្លត់អគ្គិភ័យ កម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកម្មជូនស្ថាប័ន-អង្គភាព។ ការធ្វើចរាចរណ៍របស់រថយន្តកុងតឺន័ររថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញ ផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តដឹកជញ្ជូនសំរាម សំណល់រឹង និងសំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូន ម្ហូបអាហារ របស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន។
លើសពីនេះ ការធ្វើដំណើរបស់បុគ្គលិក និងកម្មករ កម្មការិនី ទៅទីកន្លែងបំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន រោងចក្រ ឬទីតាំងអាជីវកម្ម ដែលអនុញ្ញាតឲ្យបើកដំណើរការជាធម្មតា និងការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ក៏ត្រូវបានអនុញ្ញាតផងដែរ។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានព្រមាននៅក្នុងសេចក្តីសម្រេចនេះថា៖ «បុគ្គល ឬនីតិបុគ្គលទាំងឡាយដែលមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចនឹងត្រូវទទួលទោស ដូចកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន»។
លោកអភិបាលរាជធានីភ្នំពេញក៏បានប្រាប់ទៅនាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរ អង្គភាពជំនាញ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕