ភ្នំពេញ: រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​អ្នកប្រកប​អាជីវកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​វិញ​ដោយ​កាត់ផ្ដាច់​ចេញ​ពី​វិក្កយបត្រ​អគ្គិសនី​កម្ពុជា ជាមួយ​នឹង​ការព្រមាន​ធ្វើការ​ផាកពិន័យ​ទៅតាម​ផ្លូវច្បាប់ បើ​មិន​ព្រម​ទៅ​បង់​តាម​ការណែនាំ​។

លោក​ កែវ ចាន់ណារិទ្ធ អភិបាលរង​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានីភ្នំពេញ​បាន​ថ្លែង​ពី​ថ្ងៃ​អាទិត្យ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កែសម្រួល​នីតិវិធី​ថ្មី​នៃ​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម ព្រោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កាត់ផ្ដាច់​ចេញ​ពី​វិក្កយបត្រ​អគ្គិសនី​កម្ពុជា​។ តម្លៃ​សេវា​ប្រមូល​សំរាម​ដែល​ត្រូវ​បង់​តាម​នីតិវិធី​ថ្មី​នេះ មិន​ខុស​ពី​តម្លៃ​ដែល​ប្រជាពលរដ្ឋ ធ្លាប់​បង់​ភ្ជាប់​ជាមួយ​អគ្គិសនី​ពី​មុន​នោះ​ទេ​ពោល​តម្លៃ​ ១ ​ដុល្លារ​ សម្រាប់​ផ្ទះល្វែង​នៅ​រក្សា​ដដែល ហើយ​តម្លៃ​សម្រាប់​ផ្ទះ​អាជីវកម្ម​ក៏​នៅ​រក្សា​ដូចគ្នា​ដែរ​។

លោក​បន្តថា នីតិវិធី​នៃ​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម​ថ្មី​នេះ ប្រជាពលរដ្ឋ​អាច​បង់​តាមរយៈ​មធ្យោបាយ​ប្រព័ន្ធ​អេឡិចត្រូនិក​ជាច្រើន​ដូចជា​ការទូទាត់​អេឡិចត្រូនិក (​តាម​ទូរស័ព្ទដៃ​) ការទូទាត់​នៅ​ធនាគារ ACLEDA ឬ​តាម​ភ្នាក់ងារ​ទូទាត់​ផ្សេងៗ​ទៀត​រួមមាន ធនាគារ​ឯកទេស​វីង អ៊ីម៉ាន់នី លីហួរវេរលុយ ផៃផេ ទ្រូម៉ាន់នី​។ ក្នុង​មួយ​ប្រត្តិបត្តិការ​ចំណាយ​ថ្លៃ​សេវា​ចាប់ពី​ ៥០០ ​រៀល​ទៅ ៨០០ ​រៀល ​ទៅ​តាម​ទំហំ​ទឹកប្រាក់​នៃ​ការបង់​ទូទាត់ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក៏​អាច​បង់​ជាប្រចាំ​ឆ្នាំ​ក៏បាន ដោយ​មាន​ភាពចំណេញ​ច្រើន​គឺ​អស់ថ្លៃ​សេវា​តែ​មួយ​ប្រតិបត្តិការ​ទូទាត់​ប៉ុណ្ណោះ​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​យើង​ទៅ​បង់ប្រាក់​នៅ​តាម​ភ្នាក់ងារ​ទូទាត់​ប្រាក់​នានា​ប្រជាពលរដ្ឋ​គ្រាន់តែ​ប្រាប់​លេខ​សម្គាល់​អតិថិជន (ID) របស់​គាត់​នៅក្នុង​វិក្កយបត្រ​អគ្គិសនី​ជា​ការស្រេច​។ ខ្ញុំ​សង្ឃឹមថា ប្រជាពលរដ្ឋ និង​អ្នកបង្កើត​សំរាម​ទាំងអស់​នឹង​ចូលរួម​ចំណែក​ក្នុង​ការពង្រីក​វប្បធម៌​ចូលរួម​ក៏​ដូចជា​ការរក្សា​អនាម័យ បរិស្ថាន សោភណភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ស្រស់ស្អាត​ថែមទៀត​»​។

លោក ចាន់ណារិទ្ធ បាន​សង្កត់ធ្ងន់​ថា​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម ប្រជាពលរដ្ឋ​ត្រូវ​បង់ថ្លៃ​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ១៥ នៃ​ខែ​បន្ទាប់ ហើយ​ក្នុង​ករណី​ខកខាន​មិនបាន​បង់​ទូទាត់ ក្រោយ​រយៈពេល​ ១៥ ​ថ្ងៃ ​នៃ​ដំណាច់ខែ​នីមួយៗ​នឹង​ត្រូវ​ចាត់ទុក​ជា​បំណុល​ដែល​ជា​កម្មវត្ថុ​នៃ​ការផាក​ពិន័យ​ប្រាក់​ទៅតាម​ច្បាប់​។ ដោយឡែក​សម្រាប់​ផ្ទះ​អាជីវកម្ម ភោជនីយដ្ឋាន ឬ​សិប្បកម្ម​ផ្សេងៗ ប្រសិន​បើ​មិន​ព្រម​បំពេញ​កាតព្វកិច្ច​នេះ​អាច​នឹងត្រូវ​ដកហូត​លិខិត​អនុញ្ញាត​អាជីវកម្ម​ជាដើម​។

លោក​ ហេង យ៉ុនគូរ៉ា នាយក​ប្រតិបត្តិ​អង្គការ​កែច្នៃ​ និង​អនាម័យ​សហគមន៍ (CSARO) ​បាន​ថ្លែងថា លោក​គាំទ្រ​ឲ្យ​មាន​ការធ្វើ​កំណែទម្រង់​បែបនេះ ប៉ុន្ដែ​នៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​បាន​យល់​ពី​នីតិវិធី​បង់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅឡើយ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា វា​ជា​ការល្អ ប៉ុន្ដែ​នៅមាន​ពលរដ្ឋ​យើង​មួយ​ចំនួន​ពិបាក​ខ្លះ​ដែរ​ក្នុង​ការបង់​តាម​ប្រព័ន្ធ​នេះ​ព្រោះ​ចំណេះដឹង​ពួកគាត់​នៅ​មាន​កម្រិត​។ ម្យ៉ាងទៀត​ខ្ញុំ​ក៏​មិនទាន់​យល់​ដែរ​ថា​ប្រសិន​ដូចជា​អ្នក​ប្រកប​អាជីវកម្ម​គឺ​ត្រូវការ​វិក្កយបត្រ​មកវិញ​ដើម្បី​ដឹងថា យើង​បង់​ប៉ុន្មាន​? ហើយ​រាយការណ៍​ទៅ​ស្ថាប័ន​គាត់​វិញ ប៉ុន្ដែ​ចំពោះ​ពលរដ្ឋ​គ្មាន​អាជីវកម្ម​មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​ទេ សំខាន់​ឲ្យ​តែ​ចេះ​វិធី​បង់ប្រាក់​ជា​ការស្រេច​»​។

លោក​ យ៉ុនគូរ៉ា ជំរុញ​ឲ្យ​ពលរដ្ឋ​ជួយ​ដាក់​សំរាម​ឲ្យ​ដាច់​ដោយឡែក​ពី​គ្នា​តាម​លំដាប់​ដូចជា សម្បក​ដប​ដាក់​ផ្សេង​កាកសំណល់​ផ្ទះបាយ​ដាក់​ផ្សេង សំណល់​ប្លាស្ទិក​ដាក់​ដោយឡែក​ និង​សំណល់​រឹង​ដាក់​ផ្សេង​។ ​ការ​ទុកដាក់​របៀប​នេះ ដើម្បី​ងាយស្រួល​ដល់​អ្នកប្រមូល និង​ងាយស្រួល​ដល់​អ្នក​យក​ទៅ​កែច្នៃ​ផងដែរ​។

លោក​ ហុង សេងហាន ពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​ថ្លែង​ថា​លោក​បានឃើញ​ការណែនាំ​នេះ ប៉ុន្ដែ​មិនទាន់​បាន​សាកល្បង​បង់ប្រាក់​តាម​ប្រព័ន្ធ​នេះ​នៅ​ឡើយ​ដោយ​កន្លងមក​លោក​ធ្លាប់​បង់ថ្លៃ​សេវា​តាមរយៈ​អគ្គិសនី​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​បានឃើញ​ខាង​អាជ្ញាធរ​គេ​ជូនដំណឹង​មក​ខ្ញុំ​ដែរ ប៉ុន្ដែ​មិនទាន់​បាន​សាកល្បង​បង់​ផង ហើយ​ខ្ញុំ​មិន​ទាន់​ចេះ​របៀប​បង់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ហ្នឹង​ទេ ប្រហែល​ជា​ចាំ​សួរ​គេ​ពី​វិធី​ហ្នឹង​»​។

ទោះយ៉ាងណា​លោក​ កែវ ចាន់ណារិទ្ធ បាន​ឲ្យ​ដឹងថា ចំពោះ​ក្រុមហ៊ុន​ស៊ីនទ្រី​ (Centri) ត្រូវបាន​សាលា​រាជធានី​អនុញ្ញាត​ឲ្យ​បន្ត​ការងារ​របស់គាត់​ជា​លក្ខណៈ​អន្តរកាល​ពោល គឺ​ក្រុមហ៊ុន​ស៊ីនទ្រី​អាច​ប្រមូល​សំរាម​ត្រឹម​ចន្លោះ​ពី​ ៦ ​ខែ​ទៅ​ ៨ ​ខែ​ខាង​មុខ​នៅ​ឆ្នាំ​ ២០២០ ​នេះ​។ រដ្ឋបាល​រាជធានី​បាននិង​កំពុង​ធ្វើការ​ដាក់​ដេញ​ថ្លៃ​រក​ក្រុមហ៊ុន​មក​ជំនួស​ក្រុមហ៊ុន​ស៊ីនទ្រី​ឲ្យ​បាន​ឆាប់​បំផុត​ដោយ​យ៉ាងយូរ​នៅ​អំឡុង​ខែកក្កដា ឬ​ខែសីហា ហើយ​អាច​នឹង​មាន​ក្រុមហ៊ុន​ថ្មី​មក​ជំនួស​ក្រុមហ៊ុន​ស៊ីនទ្រី​ជា​ផ្លូវការ​៕

វីដេអូ៖