ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងអស់ ស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរជាថ្មីទៀត ដើម្បីឆ្លងកាត់ «តំបន់លឿងទុំ» និង «តំបន់ក្រហម» ខណៈលិខិតចាស់ត្រូវអស់សុពលភាពនៅថ្ងៃទី ៦ ខែឧសភានេះ។
សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១ បានប្រាប់ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងអស់ ដែលធ្លាប់បានទទួលលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញត្រូវអស់សុពលភាពប្រើប្រាស់ចាប់ពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១។
ដើម្បីធានាស្ថិរភាពនៅក្នុងការដំណើរការប្រក្រតីផ្នែកសង្គម និងសេដ្ឋកិច្ច ក៏ដូចជាដើម្បីពង្រឹងការអនុវត្តវិធានការប្រយុទ្ធការឆ្លងរាលដាលជំងឺកូវីដ១៩ និងកាត់ផ្តាច់ចរន្តនៃការឆ្លងរាលដាលនៃជំងឺដ៏សាហាវនេះទៅតំបន់ផ្សេងទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងអស់ដែលត្រូវការចាំបាច់ស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ឆ្លងកាត់ «តំបន់លឿងទុំ» និង «តំបន់ក្រហម» អាចដាក់ពាក្យស្នើសុំនៅរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង ១៤ ចាប់ពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ នេះតទៅ។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលថ្លែងថា ម្ចាស់អាជីកម្ម ឬម្ចាស់ក្រុមហ៊ុនត្រូវតែស្នើសុំទៅតាមទីតាំងដែលមានហានិភ័យ ប៉ុន្តែសម្រាប់ឧស្សាហកម្ម ផលិតឱសថ និងផលិតចំណីអាហារ គឺមិនចាំបាច់ស្នើសុំលិខិតធ្វើដំណើរនោះទេ គឺអាចធ្វើដំណើរទៅបានធម្មតា។
លោក ឃឹម ស៊ុនសូដា ថ្លែងថា ម្ចាស់អាជីវកម្ម ឬ ម្ចាស់ក្រុមហ៊ុនអាចស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ ឬ នៅក្នុង «តំបន់លឿងទុំ» និង «តំបន់ក្រហម» ទៅតាមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលដែលអនុញ្ញាតដល់ម្ចាស់អាជីវកម្ម ប្រើប្រាស់មនុស្សប្រមាណ ២ % នៃបុគ្គលិកសរុបទាំងអស់។
លោក ឃឹម ស៊ុនសូដា ថ្លែងថា៖ «ខណ្ឌអាចចេញលិខិតអនុញ្ញាតឱ្យទៅម្ចាស់អាជីវកម្ម ឬម្ចាស់ក្រុមហ៊ុន សម្រាប់ធ្វើដំណើរ និងចរាចរណ៍ទៅតាមមនុស្សប៉ុណ្ណោះ ឧទាហរណ៍កន្លែងមនុស្ស ១០០ នាក់ គេអនុញ្ញាតឱ្យ ២% យើងចេញឱ្យតែ ២ នាក់ អ៊ីចឹងទៅ»។
បើតាមលោក ឃឹម ស៊ុនសូដា កន្លងមក ខណ្ឌបានចេញឱ្យគ្រប់ម្ចាស់អាជីវកម្ម និងម្ចាស់រោងចក្រអស់ហើយ ប៉ុន្តែត្រូវបានអស់សុពលភាពនៅថ្ងៃទី ៦ ខែឧសភា។
ឥឡូវថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យចេញលិខិតអនុញ្ញាតថ្មី សម្រាប់ធ្វើដំណើរនៅក្នុង «តំបន់លឿងទុំ» និង «តំបន់ក្រហម» ដល់ម្ចាស់អាជីវកម្ម និងម្ចាស់ក្រុមហ៊ុន។
រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២១ បានដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១៕