ខេត្ត​កណ្តាល៖ រដ្ឋបាល​ស្រុក​ខ្សាច់​កណ្តាល​បង្កើត​ផ្សារ​បណ្តោះអាសន្ន​ថ្មី​មួយ​សម្រាប់​អ្នក​លក់​ចំនួន ១២០ តូប ដោយ​លក់​មិន​គិត​ថ្លៃ​ឈ្នួល​តូប ក្នុង​គោល​បំណង​ដើម្បី​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ក្នុង​កាលៈទេសៈ​ដែល​មេរោគ​កូវីដ ១៩ កំពុង​រីក​រាលដាល​ខ្លាំង។ ផ្សារ​ថ្មី​នេះ ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែកតាមាក់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ដែល​អាច​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក ប៊ុន ផេង អភិបាល​ស្រុក​ខ្សាច់​កណ្តាល​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២៩ ខែ​មេសា​ថា ផ្សារ​ថ្មី​នេះ ជា​ផ្សារ​បណ្តោះអាសន្ន ដោយ​បំបែក​អ្នក​លក់​ពីផ្សារ​ព្រែក​តាមាក់​មួយ​ចំនួន។

លោក​ថ្លែង​ថា៖ «ផ្សារ​ហ្នឹង​មិនមែន​ជា​ផ្សារ​ចល័ត​ទេ គឺ​ផ្សារ​បន្លែ​បណ្តោះអាសន្ន មាន ១២០ តូប ហើយ​អាជីវករ​យើង​យក​ពី​ផ្សារ​ព្រែក​តាមាក់ ដោយ​យក​តែ​អ្នក​លក់​បន្លែ ត្រី សាច់​មក​ទេ ដើម្បី​រក្សា​គម្លាត ហើយ​ផ្សារ​ចាស់​ដំណើរការ​លក់​ធម្មតា តែ​លក់​អីៗ​ផ្សេង​ក្រៅ​ពី​បន្លែ​ត្រី​សាច់​ហ្នឹង»។

លោក ប៊ុន ផេង ថ្លែង​ថា ផ្សារ​ថ្មី​នេះ បាន​រៀបចំ​រួច​រាល់​ហើយ ប៉ុន្តែ​មិន​ទាន់​ដំណើរការ​បាន ដោយសារ​តែ​រង់ចាំ​លទ្ធផល​ការ​ធ្វើ​តេស្ត​របស់​អាជីវករ​រក​មេរោគ​កូវីដ ១៩ ជា​មុន​សិន។

លោក​ថ្លែង​ថា៖ «ផ្សារ​ថ្មី​នេះ មាន​គណៈកម្មការ​បាញ់​អាល់កុល និង​វាស់​កម្តៅ បើ​សិន​ជា​អ្នក​បម្រុង​ចូល​ទៅ​ទិញ​មាន​បញ្ហា​ឡើង​កម្តៅ​ខ្លួន​ខុស​ប្រក្រតី​ក៏​មិន​អនុញ្ញាត​ឲ្យ​ចូល​ដែរ ហើយ​អ្នក​លក់​ត្រូវ​តែ​ធ្វើ​តេស្ត​រក​មេរោគ​ជា​មុន​សិន បើ​មាន​មេរោគ​ក៏​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​លក់​ដែរ អ៊ីចឹង​យើង​នឹង​បើក​ដំណើរ​ឲ្យ​ពួក​គាត់​លក់ ក្រោយ​ពេល​បាន​លទ្ធផល​តេស្ត​សំណាក​របស់​អាជីវករ»។

បើ​តាម​លោក​អភិបាល​ស្រុក​ខ្សាច់​កណ្តាល គោល​បំណង​នៃ​ការ​បង្កើត​ផ្សារ​នេះ​ឡើង គឺ​ដើម្បី​កាត់​បន្ថយ​ប្រជាពលរដ្ឋ​ជួប​គ្នា​ច្រើន​នៅ​ផ្សារ ការពារ​សុខ​សុវត្ថិភាព និង​រក្សា​គម្លាត​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក។ លោក​ថា ផ្សារ​ថ្មី​នេះ​ផ្ដួចផ្ដើម​គំនិត​ដោយ​អភិបាល​ខេត្ត​កណ្តាល និង​រួម​សហការ​រៀបចំ​ផ្សារ ដោយ​លោក​ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក​ក្រុមហ៊ុន JET’S GROUP៕