សៀមរាបៈ រដ្ឋបាល​ស្រុក​បន្ទាយស្រី​កាលពី​ថ្ងៃ​ទី​ ១៣ ​ខែ​​​មករា​ បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម​បូម​ខ្សាច់​ទាំងអស់​ក្នុង​ស្រុក​នេះ​ក្រោយពី​ពិនិត្យ​ឃើញ​ការដ្ឋាន​​​​​មួយ​ចំនួន​មិន​មាន​ច្បាប់​អនុញ្ញាត​ និង​មួយ​ចំនួន​អនុវត្ដ​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​​ដែល​បាន​ធ្វើ​ឲ្យ​ទឹក​អូរ​ទឹក​ព្រែក​ឡើង​កខ្វក់​​ ងាប់​ត្រី បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។

លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ក្រោយ​ពី​បាន​ពិនិត្យ​ និង​វាយតម្លៃ​ឃើញ​ភាគច្រើន​លើសលប់​នៃ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ទូទាំង​ស្រុក​បន្ទាយស្រី​មិន​បាន​អនុលោម​តាម​ច្បាប់​កំណត់​របស់​រដ្ឋបាល​ស្រុក ​និង​ដោយ​មាន​ការ​ឯកភាព​ពី​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ត​សៀមរាប​ក៏​បាន​សម្រេច​ផ្អាក​ទាំង​ស្រុង​ជា​បណ្តោះអាសន្ន​នូវ​ការដ្ឋាន​បូម​ខ្សាច់​ និង​បក​ខ្សាច់​ក្នុង​ស្រុក​បន្ទាយស្រី​សរុប​ចំនួន​ ១៦ ​កន្លែង​ ដើម្បី​ឱ្យ​ម្ចាស់​អាជីវកម្ម​ស្នើ​សុំ​ច្បាប់ និង​អនុវត្ដ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ឡើង​វិញ​។

លោក​ថ្លែង​ថា​៖ ​«​ចំណាត់ការ​នេះ​គឺជា​វិធានការ​ចាំបាច់​ដើម្បី​ការពារ​ប្រយោជន៍​រួម​ធ្វើ​ឱ្យ​មាន​របៀប​រៀបរយ​ឡើង​វិញ​នៃ​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​ធានា​មិន​ឱ្យ​មាន​ផលប៉ះពាល់​ដល់​សហគមន៍​ និង​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​អាជីវកម្ម​បូម​ខ្សាច់​នៅ​ក្នុង​ស្រុក​ទាំង​មូល​»។

លោក ហ្វីណង់ បាន​បញ្ជាក់​ថា​ក្រោយ​ការត្រួតពិនិត្យ​​វាយម្លៃ​យ៉ាង​ហ្មត់ចត់​ពី​សំណាក់​មន្ទីរ​ជំនាញ​រដ្ឋបាល​ខេត្ត​សៀមរាប​ និង​រដ្ឋបាល​ស្រុកបាន​រកឃើញ​ថា​ ការដ្ឋាន​មួយ​ចំនួន​មិនមាន​ច្បាប់​អនុញ្ញាត​មួយ​ចំនួន​អនុវត្ត​ខុស​ពី​ទីតាំង​ និង​ទំហំ​ដែល​ច្បាប់​អនុញ្ញាត​។ ​មួយ​ចំនួន​ទៀត​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ដោយ​បិទ​បំពាន​យក​អូរ​ប្រឡាយ​ដោយ​ខុសច្បាប់ និង​ចាក់​បញ្ចូល​ទឹក​កខ្វក់​ចូល​ទៅក្នុង​ប្រព័ន្ធ​ប្រើប្រាស់​ទឹក​រួម​របស់​ប្រជាពលរដ្ឋ​។

លោក​បន្ត​ថា​៖ «​ការដ្ឋាន​បូមខ្សាច់​មួយ​ចំនួន​បង្ក​ផលប៉ះពាល់​ដល់​សហគមន៍ និង​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​កសិកម្ម​ការប្រើប្រាស់​ទឹក​ទូទៅ​ និង​សម្រាប់​សត្វ​ពាហនៈ​ក៏​ដូច​ជា​បង្ក​ផលប៉ះពាល់​ទៅ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ អូរ​ប្រឡាយ​ និង​បាន​បំផ្លាញ​ប្រព័ន្ធ​ជីវចម្រុះ​នានា​ផង​ដែរ​»។

លោក ​ហ្វីណង់ ​ឱ្យ​ដឹង​ថា រដ្ឋបាល​ស្រុក​បន្ទាយស្រី​បាន​ចាត់​វិធានការ​បឋម​មួយ​ចំនួន​ដោយ​ផាកពិន័យ​ឱ្យ​ម្ចាស់​អាជីវកម្ម​បូមខ្សាច់​ទាំងអស់​ត្រូវ​បើក​មុខ​ទឹក​អូរប្រឡាយ ​និង​រៀបចំ​ទីតាំង​ដែល​ត្រូវ​បាន​រំលោភ​បំពាន​ឱ្យ​បាន​ដូច​ដើម​វិញ​នឹង​ធានា​ឱ្យ​បាន​ថា​មិន​មាន​ទឹក​កង្វក់​ហូរ​ចូល​ធ្វើឱ្យ​ប៉ះពាល់​ទៅ​ដល់​ទឹក​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​។

លោក​ថា៖ ​«​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​ ឬ​បក​ខ្សាច់​ទាំងអស់​នៅក្នុង​ស្រុក​បន្ទាយស្រី​ទាំង​មូល​ត្រូវ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ទាំង​ស្រុង​ចាប់ពី​ថ្ងៃ​នេះ​ (ថ្ងៃ​​ទី​ ១៣​ ខែ​មករា​​) ត​ទៅ​ទោះ​ជា​អាជីវកម្ម​នោះ​មាន​អាជ្ញាប័ណ្ណ​ហើយ​ក្តី​​នឹង​ត្រូវ​ទំនាក់ទំនង​មក​រដ្ឋបាល​ស្រុក​បន្ទាយស្រី​ ដើម្បី​ពិនិត្យ​សម្រប​សម្រួល​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ឡើង​វិញ ​ប្រសិន​បើ​ចង់​បន្ត​សកម្មភាព​របស់​ខ្លួន​»​។

រដ្ឋបាល​ស្រុក​បន្ទាយស្រី​បាន​កំណត់​​ចាប់ពី​ថ្ងៃ​ទី​ ១៣ ខែ​មករា​តទៅ​រាល់​ការដ្ឋាន​អាជីវកម្ម​បូម​ខ្សាច់​ទាំងអស់​នៅ​ក្នុង​ស្រុក​បន្ទាយស្រី​នឹង​តម្រូវ​ឱ្យ​មាន​ការលើកស្លាក​សញ្ញា​បញ្ជាក់​ពីការ​ទទួល​បាន​អាជ្ញាប័ណ្ណ​ថ្មី​របស់​ខ្លួន​នៅ​មុខ​ការដ្ឋាន​រណ្តៅ​ខ្សាច់​នីមួយៗ​។ ​បើ​មិន​ដូច្នេះ​ទេ​រដ្ឋបាល​ស្រុក​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រតិបត្តិការ​អាជីវកម្ម​​ឡើយ​។

លោក ឃឹម តិល ប្រធាន​សហគមន៍​ប្រើប្រាស់​ទឹក​ទំនប់​តាបិន​ក្នុង​ស្រុក​បន្ទាយស្រី​លើក​ឡើង​ថា ការដ្ឋាន​បូមខ្សាច់​នៅ​ក្នុង​ស្រុក​បន្ទាយស្រី​បាន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ប្រភព​ទឹក​​ប្រើប្រាស់​របស់​ពលរដ្ឋ​នៅក្នុង​ភូមិ​ថែម​ទាំង​ធ្វើ​ឲ្យ​ត្រី​ក្នុង​អូរប្រឡាយ​​ងាប់​អស់​​​។

លោក​បាន​លើក​ឡើងថា​៖ ​«​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​បន្ទាយស្រី​ដែល​រស់នៅ​ពឹង​ពាក់​លើ​ការប្រើប្រាស់​ទឹក​អូរប្រឡាយ​បាន​រងគ្រោះ​ព្រោះ​តែ​ក្រុមហ៊ុន​បូមខ្សាច់​កាល​ពី​ពេល​កន្លង​មក ពួកគាត់​បង្ហូ​ទឹក​កង្វក់ចូល​អូរប្រឡាយ​ធ្វើឱ្យ​ទឹក​ឡើង​ល្អក់​ប្រើប្រាស់​លែង​កើត សត្វ​គោ-ក្របី​ផឹក​អត់កើត ហើយ​ត្រី​ងាប់​អស់​​។ កាលពី​មុន​ពេល​មិន​ទាន់​មាន​ក្រុមហ៊ុន​បូមខ្សាច់ ​យើង​អាច​រក​ត្រី​ផ្គត់ផ្គង់​គ្រួសារ​បាន​ ប៉ុន្ដែ​ដល់​ពេល​មាន​ក្រុមហ៊ុន​បូមខ្សាច់​ ពលរដ្ឋ​លែង​រក​ត្រី​បាន​ទៀត​ហើយ។

ការ​ចិញ្ចឹម​សត្វ​​​របស់​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ក៏​មិន​អាច​ចិញ្ចឹម​បាន​ដែរ​ ព្រោះ​ទឹក​ឡើង​ល្អក់​សត្វ​ផឹក​លែងកើត​»។ លោក តិល ស្នើ​ថា​ បើសិន​ជា​អាជីវករ​​បូមខ្សាច់​ក្នុង​ស្រុក​បន្ទាយស្រី​បន្ត​បើក​ដំណើការ​អាជីវកម្ម​ឡើងវិញ ត្រូវ​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​បង្ក​ផលប៉ះពាល់​ដល់​ទឹក​ក្នុង​អូរប្រឡាយ​ដែល​ពលរដ្ឋ​ប្រើ​ប្រាស់​។

លោក យស មុនីរ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែនៃក្រសួង​រ៉ែ និង​ថាមពល​បាន​សាទរ​ចំពោះ​ការសហការ​គ្នា​អនុវត្ដ​ការងារ​រវាង​រដ្ឋបាល​ខេត្ដ​ មន្ទីរ​ជំនាញ និង​រដ្ឋបាល​ស្រុក​ក្នុង​ការដោះស្រាយ​បញ្ហា​កង្វល់​បំពុល​បរិស្ថាន​ជូន​ប្រជាពលរដ្ឋ​​នេះ​​ដោយ​​លោក​បញ្ជាក់ថា ​ការងារ​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដែល​ត្រូវ​អនុវត្ដ​។

លោក​ថ្លែង​ថា​៖ «អាជ្ញាធរ​ស្រុក ខេត្ដ ពួកគាត់​ជា​នគរបាល​យុត្ដិធម៌​ដែល​មាន​តួនាទី​ចូលរួម​សហការ​ជាមួយ​ក្រសួង​ក្នុង​ការគ្រប់គ្រង​ត្រួតពិនិត្យ និង​លុបបំបាត់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​ខុស​ច្បាប់​ល្មើស​ច្បាប់។ ក្រសួង​អបអរសាទរ​នៅពេល​ដែល​អាជ្ញាធរ​មូលដ្ឋាន​រួម​សហការ​គ្នា​បែប​នេះ​»៕

វីដេអូ៖