ភ្នំពេញៈ «រដ្ឋ​បាល​ឯកភាព​ស្រុក» នឹង​ចាប់ផ្តើម​មុខងារ​របស់​ខ្លួន​នៅ​ឆ្នាំ ២០២០ ខាង​មុខ ដែល​នេះ​គឺ​ជា​​ការ​ធ្វើ​កំណែ​​ទម្រង់​មួយ​ ដើម្បី​កាត់បន្ថយ​បន្ទុ​ក​​ចំណាយ​ និង​ធ្វើឱ្យ​សេវា​សាធារណៈ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ នេះ​បើ​តាម​លោក ង៉ាន់ ចំរើន​ អនុ​ប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ សម្រាប់​ការ​អភិវឌ្ឍន៍​តាម​បែប​ប្រជា​ធិបតេ​យ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប)។

កាលពី​សប្តាហ៍​មុន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​ឯកភាពច្របាច់​បញ្ចូល​ការិ​យា​ល័យ​របស់​ក្រសួង​ផ្សេង​ៗ​ នៅ​ថ្នាក់​ក្រុង​ ស្រុក ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ប្រឹក្សា​ក្រុង​ ស្រុក ​លើកលែងតែ​វិស័យ​អាទិភាព​សំខាន់​ៗមួយ​ចំនួន​ ដូច​ជា អប់រំ ​សុខា​​​​ភិបាល និង​នគរូប​នីយកម្ម ដែល​ចាំ​បាច់ត្រូវ​បង្កើត​ជា​អង្គភាព​ដាច់​ដោយ​ឡែក​ពីគ្នា។

​លោក​ថ្លែង​ថា​ អង្គភាព​រដ្ឋ​មួយ​ចំនួន​ ដែល​មិន​ចាំ​បាច់​ត្រូវ​លុប​ចោល​ ហើយ​ការិយា​ល័យ​មួយ​ចំនួន​ត្រូវ​ធ្វើសមា​ហរណ​កម្ម។ ការិ​យា​ល័យ​ទាំង​នោះមាន​ដូចជា ​ការិយា​​ល័យ​ក​សិ​កម្ម​ ធន​ធាន​ទឹក ​និង​ការ​​អភិវឌ្ឍ​ជន​បទ​ជា​ដើម។ លោក​បន្ថែម​ថា ​ការិយា​ល័យ​ទាំងនេះ ​នឹងត្រូវ​ដាក់​នៅ​មួយ​កន្លែង​ដើម្បី​បម្រើ​ប្រជា​ជន​ ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន។

ការ​សម្រេច​​របស់​លោក ​ហ៊ុន សែន​ បានធ្វើ​ឡើង​ តាម​សំណើរបស់​លោក​ ស ខេង​​ឧប​នាយក​រដ្ឋ​មន្ត្រី​ និងជា​រដ្ឋ​មន្ត្រី​ ក្រសួង​មហា​ផ្ទៃ​ ដែល​​បាន​ស្នើឱ្យ​ការិយា​ល័យ​ទាំង​នោះ​ ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៅ​​ថ្នាក់​ក្រុង ​ស្រុក​។

យោងតាម​ឯកសារ​ ២ ទំព័រ​ដែល​លោ​ក​ ស ខេង​ បានស្នើ​ឱ្យមាន​ការអនុ​ម័ត​យល់​ព្រម​ពី​លោក​នាយក​រដ្ឋមន្ត្រី​ គឺមាន ​៧​ ចំណុច​ ​ដែល​ដូចជា​ការលុបចោល​ការិយា​ល័យ​ជំនាញ​របស់​​ក្រសួង ​ស្ថា​ប័ន​ នៅ​ថ្នាក់ក្រុង ស្រុក​ ដោយ​ធ្វើ​សមា​ហរណ​កម្ម​ ការិយាល័យ​ជំនាញ​ទាំងនោះ​ទៅក្នុង​រចនាសម្ព័ន្ធ​គ្រប់​គ្រង​របស់​រដ្ឋបាល​ក្រុង​ស្រុក។ ​ការធ្វើសមា​ហរណ​កម្ម​ ការិយាល័យ​ជំនាញ​នេះ រចនាសម្ព័ន្ធ​គ្រប់គ្រង​ថ្មី ​របស់​រដ្ឋបាល​ក្រុង​ស្រុក​ត្រូវ​បង្កើត​ជា​អង្គភាព ​ឬ​ការិយា​ល័យ​ចង្កោម​វិស័យ​ សម្រាប់​វិស័យ​មួយ​ចំនួ​ន​ ដែល​ពាក់ព័ន្ធ​នឹង​ចង្កោម​វិស័យសេដ្ឋកិច្ច និង​ចង្កោម​វិស័យ​សង្គម​កិច្ច ដើម្បី​ធា​នា ដល់​ការកាត់បន្ថយ​បន្ទុក​ចំណា​យ។

កា​រផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​ទ្រព្យ​សម្បត្តិ​ ដែល​កំពុង​ប្រើប្រាស់​ សម្រាប់​ការិយា​​ល័យ ជំនាញ​ថ្នាក់ក្រុង​ស្រុក។​ ការ​ផ្ទេរ​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​ការិយា​ល័យ ជំនាញ​នៅ​ថ្នាក់ក្រុង ស្រុក និង​បុគ្គលិក​ចាំបាច់​ផ្សេងៗរបស់​ក្រសួង​ស្ថាប័ន​ទៅ​ឲ្យ​រដ្ឋបាល​ក្រុង​ស្រុក​​។ អង្គ​ភាព​មួយ​ចំនួន​ដែល​ត្រូវ​រៀប​ចំថ្មី​នៅ​ថ្នាក់​ក្រុង​ ស្រុក ត្រូវ​ដំឡើ​ង​ឋានៈឲ្យ​បាន​សម​ស្រប​ទៅ​នឹង​ទំហំ​ការងារ និង​ការ​ទទួល​ខុសត្រូវ។

លោក ង៉ាន់ ចំរើន​ ដែល​ក៏​ជា​អនុរដ្ឋ​លេខា​ធិការ ​ក្រសួង​មហា​ផ្ទៃ ផង​នោះ​ថ្លែង​ថា​ យើង​សិក្សា​បញ្ចប់ ២ ​លើក ដោយ​លេខាធិ​ការដ្ឋាន​កំណែទម្រង់​ទាំង ៣ ​រួម​មាន​កំណែ​ទម្រង់​ការ គ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ និង​កំណែ ទម្រង់រដ្ឋ​បាល​សា​ធារណៈ​ដែ​ល​​យើ​ងធ្វើការ​សិក្សា​ជាង​ ១ ឆ្នាំ​។ យើង​បាន​សុំ​គោល​ការណ៍​ពី​រាជរដ្ឋាភិបាល​ជាបណ្ដើរ​ៗ អំពី​ភាព​អស​កម្ម​រចនា​​សម្ព័ន្ធ​បច្ចុប្បន្ន​ នៅ​ថ្នាក់​មូល​ដ្ឋាន​ហើយ​នៅ​ពេល​នេះ​​ កំពុង​​រៀប​ចំ​លិខិ​ត​បទដ្ឋាន។ លោក​បន្ថែមថា​ ការសិក្សា​នោះ បាន​រកឃើញថា​ រចនា​សម្ព័ន្ធ​នា​ពេល​បច្ចុប្បន្ន​ នៅ​ថ្នាក់ស្រុក​គឺ ​«អសកម្ម»។

លោក​ថ្លែង​ថា៖ «អស​កម្ម​គឺ​ប្រព័ន្ធ​ទំនាក់​ទំនង​ដែល​វា​មិន​អាច​អនុវត្ត​បាន​នូវ​ប្រព័ន្ធ​ដែល​យើង​ចង់​បា​ន គឺ​រដ្ឋ​បាល​ឯក​ភាព​មួយ។ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​ចង់​សំដៅលើ​ក្រុមប្រឹក្សា​ និង​គណៈអភិបាល ​មន្ត្រី​របស់គាត់​ប្រមាណ​ ១០​ ទៅ ​២០ នាក់​ អត់​មានការ​ងារ​ធ្វើជាក់ស្ដែង​ អត់មានមុខ​ងារ។ មុខ​ងារ​ទាំងអស់​ត្រូវ​អនុវត្ត​ដោយ​ការិយាល័យ​ជំនាញ​ទាំងអស់នោះ ខ្សែ​គណនេយ្យភាព​របស់​​គាត់​ មក​មន្ទីរ​ជំនាញ​ខេត្ត ហើយ​មក​រដ្ឋមន្ត្រី»។

លោក​ចំរើន​ បន្ត​ថា៖ «ដូច្នេះហើយ ​វា​ជា​បញ្ហា​ប្រឈម​ក្នុង​ការ​សម្រប​សម្រួល​ឲ្យ​បាន​ល្អ​រួម​គ្នា ទី ​២ គឺ​នៅ​ពេល​ចុះទៅ​ដល់​ គាត់​គឺ​ខ្សោះ​កម្លាំង ខ្សោះ​ទាំង​ធនធាន​មនុស្ស​ ខ្សោះ​ទាំង​ធន​ធាន​ហិរញ្ញវត្ថុ​ សម្រាប់​ការ​បំពេញ​ការងារ​តាម​វិស័យ​នីមួយ​ៗ លើកលែង​តែ ២ ឬ​ ៣ ​ការិយា​ល័យ​ទេ គឺ​ការិយា​ល័យ​អប់រំ កា​រិ​យាល័យ​សុខា​ភិបាល ​ដែល​គាត់​មាន​បុគ្គ​លិក​គ្រប់គ្រាន់ មាន​សកម្មភាព មាន​ថវិកា​ធនធាន​ទ្រព្យ​សម្បត្តិ​អីក្នុងការ​បំពេញ​មុខងារ​ជូន​ប្រជាពលរដ្ឋ។ វិស័យ​ផ្សេង​ទៀត​ មាន​ធនធានមនុស្ស​ ២-៣ នាក់​អី​ជា​ដើម មិនមាន​សកម្មភាព​អី​ច្បាស់ លាស់ គ្មាន​ថវិកា...។ ដូច្នេះ​កិច្ច​ការ​នេះ​វា​ដូចជា​អត់​មាន​ប្រសិទ្ធភាពហើ​យ​ការ​គ្រប់​គ្រង​របស់គាត់​ពី​ចម្ងាយ​​ទៀត ​គឺ​ពី​រដ្ឋមន្ត្រី​ឯណោះ។ វា​ឆ្ងាយ​ណាស់។ ដូច្នេះ​ការគ្រប់គ្រង​ការងារ​ដើម្បី​ឲ្យ​មាន​លក្ខណៈ​ជា​រដ្ឋបាល​ឯក​ភាព​ច្បាស់លាស់​ដឹក​នាំ​នៅ​នឹង​កន្លែង​បាន​នោះ​គឺ​គួរ​ស្ថិតក្រោម​ការគ្រប់​គ្រង​ ក្រុម​ប្រឹក្សា​ក្រុង ​ស្រុក​ តែ​ម្ដង ​ដើម្បី​ជាការ​សម្រេច​ចិត្ត​ ទាំង​ការ​បណ្ដុះបណ្ដាល​សមត្ថ​ភាព និង​ការ​រៀប​ចំ​សកម្ម​ភាព​អី​ជា​ដើម»។

លោក​បញ្ជាក់​ថា៖ «រៀបចំ​លិខិត​បទ​ដ្ឋាន​ឲ្យ​បាន​នៅ​ក្នុង​ត្រីមាស​ទី ១ ​ឆ្នាំ ​២០១៩​ នេះ​ អំពី​ការសម្រេច​នេះ ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​បន្ត​ទៅ​ទៀត។ ២០២០​ ខាង​មុខ ក្រុង​ ស្រុក​ នឹង​អាច​អនុវត្ត​ពេញ​លេញ​នូវ​កិច្ចការ​រដ្ឋ​បាល​​ថ្មី​មួយ ​ដែលមាន​គ្រប់​វិស័យ​ទាំង​អស់​ក្រោម​ការគ្រប់គ្រង​របស់​គាត់​។ មាន​បញ្ហា​ប្រឈម​ខ្លះ​រួមមាន ការ​ផ្ទេរ​ធន​ធាន ការផ្ទេរ​មនុស្ស​ពី​ក្រសួង​ស្ថាប័​ន និង​ការពង្រឹង​សមត្ថភាពរ​ដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ទទួល​រ៉ាប់រង​កិច្ចការ​ជំនួស​ឲ្យ​ក្រសួង​ស្ថា​ប័ន​បាន»។

លោក​ Nick Beresford នាយក​អង្គ​ការ UNDP នៃ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជាបាន​ស្វា​គមន៍ ​ចំពោះ​ការធ្វើ​កំណែ​ទម្រង់​នេះ។ លោក​ថ្លែងថា៖ « [វា​ជា​ការល្អ​ ដែល​យើង​ឃើញ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​កំពុង​ព្យាយាមបង្កើត​គំនិ​​ត​និង​កំណែ​ទម្រង់​ថ្មី​ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ​ នៅ​ថ្នាក់​មូល​ដ្ឋាន ហើយ​យើង​សង្ឃឹម​ថា​នឹងមាន​រចនា​សម្ព័ន្ធ​សម្រួល​បន្ថែម​ទៀត​ ដែល​អាច​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​កាន់​តែ​ប្រសើរ»។

ខណៈដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​កំណែ​ទម្រង់​នៅ​ថ្នាក់ស្រុក​នោះ​ ក៏មាន​ឯកសារ​មួយ​ ​​​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​នៅលើ​បណ្តាញ​អ៊ីន​ធឺណិត​ កាលពី​ថ្ងៃ​ចន្ទ​ ថា​ ក្រសួង​មួយ​ចំនួន ​អាច​នឹង​ត្រូវ​ច្របាច់​បញ្ចូល​គ្នា​ ហើយ​មួយ​ចំនួ​ន​​ទៀត​អាច​នឹង​ត្រូវ​រំលាយ​ចោល​។ ឯកសារ​នោះ​បញ្ជាក់​ថា ​ក្រសួង​នៅក្នុង​ប្រទេស​កម្ពុជា​អាច​នឹងត្រូវ​កាត់​បន្ថ​យ​​មក​នៅត្រឹម ១៦ ប៉ុណ្ណោះ។ ប៉ុន្តែ​លោក ហ៊ុន សែន​ បាន​ច្រាន​ចោល​ភ្លាមៗ​ ហើយ​បាន​ហៅវាថា​ ជា «ព័ត៌មាន​ក្លែងក្លាយ»។

លោក​បាន​និយាយ​ថា​ ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ គឺ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ ក្នុង​គោល​បំណ​ង​ ចង់​ធ្វើឱ្យ​សាធា​រណជន​បាត់បង់​ជំនឿចិត្ត​លើ​រដ្ឋាភិបាល។

លោក​​ ហ៊ុន សែន បាន​ថ្លែង​ប្រាប់ Fresh News ថា៖ «ឯកសារ​នេះគឺ​គ្រាន់តែ​ជា​ឯកសារ​ក្លែង​ក្លាយ​ប៉ុណ្ណោះ ហើយ​គេ​មាន​ចេតនា​អាក្រក់​ ដើម្បី​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ បាត់​បង់​ជំនឿ​ចិត្ត​លើ​មន្ត្រី​ និង​រដ្ឋា​ភិបាល។ ដូច្នេះ​ហើយ ​ខ្ញុំ​សូម [បដិសេធ] ចោល​ទាំង​ស្រុង​នូវ​ឯក​សារ​ក្លែង​ក្លាយ​នោះ»៕