សីហនុៈ ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កំពុង​ដំណើរការ​​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​ ៣៤ ​ខ្សែ​ឡើងវិញ​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ដែលមាន​ប្រវែង​សរុប​ ៨៤ ​គីឡូម៉ែត្រ ខណៈ​ថវិកា​​ត្រូវ​ចំណាយ​មាន​ជាង​ ២០០ ​លាន​ដុល្លារ​ ដោយ​ត្រូវ​ប្រើពេល​ប្រមាណ​ ៨ ​ខែ​ ដើម្បី​បញ្ចប់​ការងារ​នេះ​ទាំងស្រុង​។

លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា រាជរដ្ឋាភិបាល​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​លូ​នៅក្នុង​ខេត្ដ​ព្រះសីហនុ​ឡើងវិញ ខណៈ​បច្ចុប្បន្ន​ក្រុមការងារ​កំពុង​ដំណើរការ​ការសាងសង់​បណ្ដើរៗ ប៉ុន្តែ​គម្រោង​ធំ​បន្ត​ក៏​នឹង​ត្រូវ​ដំណើរការ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ថវិកា​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ខេត្ដ​ព្រះសីហនុ យើង​អត់​ខ្វះ​ទេ រង់ចាំ​តែ​ពេល​ឲ្យ​ល្អ​សម្រាប់​ការសាងសង់​ប៉ុណ្ណោះ​ដើម្បី​ឲ្យ​ការសាងសង់​របស់​យើង​មាន​ប្រសិទ្ធភាព និង​គុណភាព​»​។

លោក ចន្ទតារា បញ្ជាក់​ថា​ដំណើរការ​សាងសង់​នេះ​មិន​ទុក​រយៈពេល​យូរ​នោះ​គឺ​ត្រូវ​ធ្វើឲ្យ​លឿន​ជាទីបំផុត​ដោយ​មាន​​ក្រុម​ការងារ​ជំនាញ​ពី​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​បាន​សហការគ្នា​ជាមួយ​ខេត្ដ​ព្រះសីហនុ​។

លោក​បន្ដថា​៖ «​ឥឡូវ​យើង​រៀបចំ​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ដ​ព្រះសីហនុ​ឲ្យ​ស្អាត​ទាំងអស់​ដូចជា ការរៀបចំ​ទីក្រុង​ថ្មី​អ៊ីចឹង​។ ​ថវិកា​សម្រាប់​យក​ទៅ​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នេះ​យើង​មាន​អស់​ហើយ​ប្រមាណ​ជាង​​ ២០០ ​លាន​ដុល្លារ​។ ចំណែក​ក្រុមការងារ​បច្ចេកទេស​ក៏​យើង​មាន​អស់​ហើយ​ដែរ​សម្រាប់​​ធ្វើ​ការងារ​នេះ​»​។

លោក ចន្ទតារា បាន​ឲ្យ​ដឹងថា ការស្ថាបនា​ផ្លូវ​ឡើងវិញ​នៅក្នុង​ខេត្ដ​ព្រះសីហនុ​នេះ​ធ្វើ​ឡើង​ជា​ប្រភេទ​ផ្លូវ​បេតុង​កម្ពស់​ ២ តឹក​កន្លះ​ និង​មាន​អ៊ុត​កៅស៊ូ​កម្រាស់​ ៧ ​ហ៊ុន​បន្ថែម​ពី​លើ​ទៀត​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​ព្រះសីហនុ​បាន​ថ្លែងថា ផ្លូវ​ដែល​ត្រូវ​សាងសង់​ឡើងវិញ​នៅក្នុង​ខេត្ដ​ព្រះសីហនុ​មាន​ចំនួន​ ៣៤ ​ខ្សែ​ សរុប​មាន​ប្រវែង ៨ ៤៥០៥ ម៉ែត្រ​ ស្មើនឹង​ប្រមាណ​ជាង​ ៨៤ ​គីឡូម៉ែត្រ​ ដោយ​ត្រូវ​ប្រើពេល​ប្រមាណ​ជា​ ៨ ​ខែ​។

លោក​ថ្លែងថា​៖ «​ការ​សាងសង់​ផ្លូវ​នេះ​យើង​នឹង​ធ្វើ​តាម​ប្លង់​ប្រព័ន្ធ​របស់​ខេត្ដ​ដោយ​មាន​សួនច្បារ និង​ផ្លូវ​ថ្មើរជើង​សម្រាប់​មនុស្ស​ដើរ​ផងដែរ​។ ​ចំពោះ​ផលប៉ះពាល់​តែងតែ​មាន​ហើយ ប៉ុន្ដែ​យើង​ត្រូវតែ​ធ្វើ​មិន​អាច​ទុក​ឲ្យ​ប៉ះពាល់​តិចតួច​បង្ក​ផល​លំបាក​ដល់​សាធារណជន​ធ្វើ​ដំណើរ​នោះទេ​។ ការស្ថាបនា​ផ្លូវ​នេះ​នឹង​ចាប់ផ្ដើម​ធ្វើ​​ចាប់ពី​ខែ​វិច្ឆិកា​ខាងមុខ​នេះ​»​។

លោក​បាន​បន្តថា ពាក់ព័ន្ធ​នឹង​ថវិកា​វិញ​គឺ​ពី​ដំបូង​ឡើយ​យើង​ពិភាក្សា​គ្នា​ថា មាន​ចំនួន​កើនឡើង​។ ប៉ុន្ដែ​ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​ឡើងវិញ​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ចំនួន​ថវិកា​នេះ​អាច​មាន​ការប្រែប្រួល​ខ្លះ​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​ ៤ ​ខែ​ តុលា​ បាន​ថ្លែង​នៅក្នុង​ពេល​បើក​យុទ្ធនាការ​ «​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បច្ចេកទេស​ជួសជុល​ថែទាំ​ផ្លូវ​ និង​ការប្រើប្រាស់​កម្មវិធី ថែទាំ​ផ្លូវ (ROAD CARE Mobile App) ​ថា​ការស្តារ​ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ​គឺ​​ត្រូវ​ធ្វើ​ឡើង​ជា​កញ្ចប់​ដ៏ធំ​តែម្តង​។

លោក​ថ្លែងថា​៖ «​យើង​នឹង​រៀបចំ​ដាក់​ឱ្យ​មានការ​ដាក់លូ​ឱ្យ​រួចរាល់​ទាំង​លូទឹក​ភ្លៀង លូទឹក​ស្អុយ កន្លែង​ដាក់​ខ្សែភ្លើង កន្លែង​ដាក់​ខ្សែកាប​ទូរស័ព្ទ​ប្រព័ន្ធ​ទឹក​ស្អាត ការដាក់​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ និង​រៀបចំ​ឱ្យ​ហើយ​ទាំងអស់​តែម្តង​ក្នុង​កញ្ចប់​តែមួយ ដើម្បី​កុំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចេះតែ​រអ៊ូ​ថា ពេល​ធ្វើ​ផ្លូវកាយ​ផ្លូវ​ដាក់លូ​ដល់​ពេល​ដាក់លូ​កាយ​ផ្លូវ​វិញ​។

ដូច្នេះ​ក្រុងព្រះសីហនុ​នេះ​នឹង​ក្លាយ​ជា​ក្រុង​ដំបូង​គេ​ដែល​អនុវត្ត​ផែនការ​នេះ​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ​៤ ខែ ​កញ្ញា​ បាន​អនុម័ត​ថវិកា​ចំនួន​ ១០០ ​លាន​ដុល្លារ​អាមេរិក​ សម្រាប់​សាងសង់ និង​ស្តារ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ ខណៈ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​បញ្ជាក់​ថា ការដោះស្រាយ​បញ្ហា​ផ្លូវ និង​ទឹក​កខ្វក់​ក្នុង​ក្រុងព្រះសីហនុ​គឺ​ត្រូវការ​លុយរាប់​រយ​លាន​ទៀត​។

អ្នកស្រី ជៀប សុធារី មន្ដ្រីសម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ដ​ព្រះសីហនុ បាន​គាំទ្រ​ចំពោះ​គម្រោង​នៃ​ការសាងសង់​ផ្លូវ​ឡើងវិញ​នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ​។

អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​គាំទ្រ​រដ្ឋបាល​ខេត្ដ​ឱ្យ​ពង្រីក​ផ្លូវ​នេះ​ទៅតាម​ប្លង់​ប្រព័ន្ធ​របស់​ខេត្ត​។ ​ពិតប្រាកដ​ណាស់ ការធ្វើ​ផ្លូវ​នេះ​នឹង​មាន​ការប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​លើ​ចំណីផ្លូវ ប៉ុន្ដែ​ពលរដ្ឋ​ខ្លះ​ពួកគាត់​បាន​ពង្រីក​ផ្ទះ​របស់​ពួកគាត់​មក​លើ​ចំណីផ្លូវ​ដើម្បី​ប្រកប​អាជីវកម្ម​ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការកកស្ទះ​ចរាចរណ៍​ដូច​សព្វថ្ងៃ​នេះ​ផងដែរ​»៕