ភ្នំពេញៈ ​រដ្ឋមន្ត្រី​កម្ពុជា​ចំនួន ​៤ ​រូប​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស ​អាល្លឺម៉ង់ ​ចាប់​ពី​ថ្ងៃទី ​២៤ ​ដល់​ថ្ងៃទី ៣០​ ខែ ​កញ្ញា ​ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ប្រព័ន្ធ​វិមជ្ឈការ​របស់​អាល្លឺម៉ង់​។​

លោក ​ខៀវ​ សុភ័គ​ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​សារព័ត៌មាន​ Swift News ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​អាល្លឺម៉ង់​នេះ ​ដោយសារ​តែ​អាល្លឺម៉ង់​បាន​សន្យា​ធ្វើ​កិច្ច​សហការ​ជាមួយ​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៦ ​នេះ។​ ​

លោក​ឲ្យ​ដឹង​ថា ​ដំណើរ​ទស្សនកិច្ច​ខាង​មុខ​ នឹង​ធ្វើ​ឡើង​ដោយ​លោក ​ស ​ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​លោក ​ហង់ ​ជួនណារ៉ុន​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ លោក ​សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ​និង​លោក​ ​ម៉ម​ ​ប៊ុនហេង​ ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​។​

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​លោក ​ខៀវ​ ​សុភ័គ​ ដើម្បី​​​បញ្ជាក់​បន្ថែម​បាន​ទេ​កាល​ពី​ម្សិលមិញ​។​​​

ប៉ុន្តែ​ ​លោក​ ​រស់​ សុវាចា ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​បាន​បញ្ជាក់​​ថា ​លោក​ ហង់​ ជួនណារ៉ុន នឹង​ធ្វើ​ដំណើរ​ទៅ​ទស្សន​កិច្ច​នៅ​អាល្លឺម៉ង់​ពិត​មែន។​

លោក​ថ្លែង​ថា​ ​ដំណើរ​ទស្សនកិច្ច​នេះ ​គឺ​ដើម្បី​ពង្រឹង​ការងារ​វិមជ្ឈការ​ និង​វិសហមជ្ឈការ​វិស័យ​អប់រំ​ យុវជន​ និង​កីឡា​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ និង​ប្រសិទ្ធផល​ ក្នុង​ការ​អនុវត្ត​នា​ពេល​អនាគត​។​

លោក​បាន​ថ្លែង​ថា​៖ ​«​ដំណើរ​ទស្សនកិច្ច​នា​ចុង​ខែ​កញ្ញា​នេះ ​នឹង​ផ្តល់​ឱកាស​ជូន​ប្រទេស ​កម្ពុជា​ និង​ប្រទេស ​អាល្លឺម៉ង់​ ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី ​និង​ផ្តល់​មេរៀន​បន្ថែម​ ស្តីពី​វិមជ្ឈការ​នៅ​អាល្លឺម៉ង់​លើ​វិស័យ​ពាក់ព័ន្ធ​»​។​

លោក​ ​Benjamin ​Knoedler ​អ្នក​នាំពាក្យ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​​បាន​ថ្លែង​ថា​ អាល្លឺម៉ង់​គាំទ្រ​ដល់​​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធ្វើ​វិមជ្ឈការ​ក្នុង​ផ្ដល់​សេវា​សាធារណៈ​ជាង ​១ ​ទសវត្សរ៍​មក​ហើយ​ ​ដូច្នេះ​ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់​សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​អភិវឌ្ឍន៍​ ​បាន​អញ្ជើញ​ប្រតិភូ​ទៅ​ចូលរួម​ដំណើរ​ទស្សនកិច្ច​អំពី​វិមជ្ឈការ​នៅ​អាល្លឺម៉ង់​ ​នៅ​ចុង​ខែ​កញ្ញា​នេះ។​

លោក​បាន​ថ្លែង​ថា៖​ ​«​តប​តាម​ការ​ស្នើសុំ​របស់​រាជរដ្ឋាភិបាល​ ដំណើរ​ទស្សនកិច្ច​នឹង​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សេវា​ថ្នាក់​មូលដ្ឋាន​​ក្នុង​វិស័យ​សុខាភិបាល​ ​អប់រំ​ ​ការ​គ្រប់គ្រង​សំណល់​រឹង ​និង​ព្រៃឈើ។​ គោល​នយោបាយ​លើ​ប្រធានបទ​ទាំង​នេះ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ខ្លាំង​ទៅ​លើ​បរិបទ​នៃ​ប្រទេស ​កម្ពុជា​»​។​

លោក​បាន​​ថ្លែង​បន្ថែម​ថា​ អាល្លឺម៉ង់​​មាន​ភាព​ល្បីល្បាញ ​ដោយសារ​តែ​​អភិបាល​កិច្ច​ប្រកប​ដោយ​​វិមជ្ឈការ។​ ខណៈ​ពេល​ដែល​បរិបទ​កម្ពុជា ​និង​អាល្លឺម៉ង់​មាន​ភាព​ខុស​គ្នា ​ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត​លើ​ការងារ​វិមជ្ឈការ​ដែល​កំពុង​តែ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ ​កម្ពុជា​។​

លោ​ក​ ​Benjamin ​បន្ថែម​ថា​ ក្រៅ​ពី​ជួប​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ ​ប្រតិភូ​ក៏​នឹង​ជួប​ជាមួយ​មន្ត្រី​នៃ​ការិយាល័យ​កិច្ចការ​បរទេស​អាល្លឺម៉ង់​ ​ក្រសួង​មហាផ្ទៃ​នៃ​សហព័ន្ធ​អាល្លឺម៉ង់​ ​ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​អភិវឌ្ឍន៍​ ​ក៏​ដូច​​ជា​ជួប​​ជាមួយ​សមាជិក​សភា​អាល្លឺម៉ង់​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ ​«​ប្រតិភូ​នឹង​ដឹក​នាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ស​ ​ខេង​»។​ ​ទោះ​យ៉ាង​ណា​ លោក​ថា ​កម្មវិធី​លម្អិត​​ភាគី​អាល្លឺម៉ង់​កំពុង​រៀបចំ​។​

ទស្សនកិច្ច​ជាន់​ខ្ពស់​នេះ​ ត្រូវ​បាន​លោក​ ឡៅ ​ម៉ុងហៃ ​លើក​ឡើង​ថា​ ​ប្រហែល​ជា​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​។​ ​

លោក​ថ្លែង​ថា៖​ ​«ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​សហភាព​អឺរ៉ុប​ អាច​ជួយ​ឲ្យ​មាន​ការ​សម្រប​សម្រួល​រវាង​សហភាព​អឺរ៉ុប ​និង​កម្ពុជា​រឿង​ EBA​»​​៕​