The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋមន្ត្រី​កសិកម្ម​ច្រាន​ចោលការ​ចោទថា មាន​ការឃុបឃិត​ក្នុង​ជំនួញ​​នាំ​ជ្រូក​ចូល​ពី​ថៃ ហើយ​អះអាង​ថា អ្វីដែល​ក្រសួង​ធ្វើ ដើម្បី​បង្ការ​ជំងឺឆ្លង




រដ្ឋមន្ត្រី​កសិកម្ម​ច្រាន​ចោលការ​ចោទថា មាន​ការឃុបឃិត​ក្នុង​ជំនួញ​​នាំ​ជ្រូក​ចូល​ពី​ថៃ ហើយ​អះអាង​ថា អ្វីដែល​ក្រសួង​ធ្វើ ដើម្បី​បង្ការ​ជំងឺឆ្លង

Content image - Phnom Penh Post
មន្ត្រី​ក្រសួង​កសិកម្ម ពិនិត្យ​ការនាំ​ជ្រូក​ចូល​ពី​ថៃ​តាម​ច្រកព្រំដែន​នៅ​ខេត្ត​ឧត្តរមានជ័យ​ពីថ្ងៃ​ទី​ ២៧ កុម្ភៈ​។ រូប FN

រដ្ឋមន្ត្រី​កសិកម្ម​ច្រាន​ចោលការ​ចោទថា មាន​ការឃុបឃិត​ក្នុង​ជំនួញ​​នាំ​ជ្រូក​ចូល​ពី​ថៃ ហើយ​អះអាង​ថា អ្វីដែល​ក្រសួង​ធ្វើ ដើម្បី​បង្ការ​ជំងឺឆ្លង

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​ វេង សាខុន បដិសេធ​ចំពោះ​ការចោទប្រកាន់​ថា មាន​ការឃុបឃិត​ក្នុង​ជំនួញ​នៃ​ការនាំចូល​ជ្រូក​ពី​ប្រទេស​ថៃ ដោយ​លោក​អះអាង​ថា អ្វី​គ្រប់យ៉ាង​ដែល​ក្រសួង​បាន​ធ្វើ​គឺ​ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​យ៉ាង​អនាធិបតេយ្យ​ដែល​នាំឱ្យមាន​ជំងឺឆ្លង​ដ៏កាច​សាហាវ​នៅក្នុង​ប្រទេស​។

ថ្មីៗ​នេះ​មាន​ក្រុម​ឈ្មួញ​ជា​ជនជាតិ​ថៃ​ ១ ​ក្រុម​អះអាង​ថា ជា​ក្រុមហ៊ុន​នាំចូល​ជ្រូក​មក​កម្ពុជា​បាន​ប្រមូល​ផ្តុំគ្នា​លើក​បដា រូបលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ស្នើ​ឱ្យជួយ​អន្តរាគមន៍​ករណី ដែល​ពួកគេ​មិនអាច​នាំចូល​ជ្រូក​មក​កម្ពុជា ដោយសារ​តែ​អាជ្ញាធរ​កម្ពុជា​បាន​ធ្វើការ​រឹតបន្តឹង​។

ជាមួយ​គ្នា​នេះ សារព័ត៌មាន​ក្នុងស្រុក​មួយ​ដែល​មាន​ឈ្មោះថា peoplenews.asia ក៏បាន​ចុះផ្សាយ​ពី​ករណី ដែល​ថា​ក្រសួងកសិកម្ម ភូតកុហក តាមរយៈ​លេស​ទាំង​ ១២ ​ចំណុច​ដែល​បាន​បង្កើតឡើង​ក្នុង​គោលបំណង Setup [​បង្កើត​] ​ក្រុមហ៊ុន​បក្ខពួក​ខ្លួន​នៅ​ខាង​ថៃ និង​ខ្មែរ ដើម្បី​អាច​ទទួលបាន​លក្ខខណ្ឌ​ទាំងនេះ ដោយ​បូក​រួមទាំង​ការយក​លុយ​ក្បាលជ្រូក​នាំចូល​ចំនួន​ ៣៦ ​ដុល្លារ ​ក្នុង​ ១ ​ក្បាល​ផងដែរ​។

ក្រៅពី​ការចុះផ្សាយ​ដែល​បាន​ដកស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ ដោយ​គ្រាន់តែ​អះអាង​ថា ជា​អ្នកដឹង​រឿង​ច្បាស់​ក្នុង​ជំនួញ​នាំចូល​ជ្រូក សារព័ត៌មាន​ដដែល​នេះ​ក៏​បាន​សរសេរថា ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខនេះ តម្លៃ​សាច់ជ្រូក​នៅលើ​ទីផ្សារ​កម្ពុជា​នឹង​បន្ត​ឡើងថ្លៃ​ខ្ពស់ជាង​នេះ​តទៅទៀត​។ ព្រោះ​បច្ចុប្បន្ន​ក្រុម​កូនប្រសា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​ក្តោប​ក្តាប់​គោលការណ៍​ក្រុមហ៊ុន​ក្នុងស្រុក និង​ទាំង​ក្នុងប្រទេស​ថៃ​អស់ហើយ​។

ឆ្លើយតប​នឹង​ការចោទប្រកាន់​ទាំងនេះ​លោក​ វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ទី​ ២២ ​កុម្ភៈ​ថា តាមពិត វិធានការ​របស់​ក្រសួងកសិកម្ម គឺ​ដើម្បី​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក ព្រោះ​កន្លងមក​ក្រសួង​បាន​ចាប់​ជ្រូក​នាំចូល​ពី​ប្រទេស​ថៃ​ដែល​មាន​ជំងឺប៉េស្ត​ជ្រូក​នេះ​ជាច្រើន​ករណី​។

លោក​អះអាងថា សត្វ​ជ្រូក​ដែល​នាំចូល​ខុសច្បាប់ ហើយ​រកឃើញ​ថា​មាន​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អាហ្វ្រិក គឺជា​ហានិភ័យ​ដែល​នាំឱ្យ​ក្រសួង​ត្រូវតែ​ដាក់ចេញ​វិធានការ​ដើម្បី​ទប់ស្កាត់​បញ្ហា​នានា​ដែល​បំផ្លាញ​ដល់​សេដ្ឋកិច្ច​ក្នុង​ស្រុក​។ កាលពី​ឆ្នាំ​ ២០១៩ ការឆ្លង​ចូល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​បាន​ធ្វើឱ្យ​កម្ពុជា​ជួបប្រទះ​នូវ​ការខ្វះ​ជ្រូក សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក ព្រោះតែ​ត្រូវ​សម្លាប់​ជ្រូក​ដែល​ឆ្លង​ក្នុង​ស្រុក​រាប់ពាន់​ក្បាល​។

បើតាម​ការអះអាង​របស់​លោក វេង សាខុន ការដែល​ក្រសួងកសិកម្ម ដាក់ចេញ​វិធានការ​ជា​បន្តបន្ទាប់ គឺ​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល និង​លើកតម្កើង​ផលិតផល​ក្នុង​ស្រុក​។ ប៉ុន្តែ​ការងារ​នេះ​បាន​ធ្វើឱ្យ​មាន​ការក្តៅក្រហាយ​ជាមួយ​ឈ្មួញ​អ្នក​នាំចូល​ដែល​បាន​បាត់បង់​ផលប្រយោជន៍​របស់​ពួកគេ​។

លោក​បញ្ជាក់ថា​៖ «​ធម្មតា​ទេ​ចំពោះ​ឈ្មួញ​ខិលខូច គឺ​នៅតែ​ឃុបឃិត ហើយ​បំប្លែង​ករណីនេះ​ទៅជា​រឿង​ចោទប្រកាន់​មក​ក្រសួងកសិកម្ម និង​រូបខ្ញុំ​ផ្ទាល់​។ កូនប្រសា​របស់ខ្ញុំ​ គឺ​គ្មាន​តួនាទី​អ្វី​ពាក់ព័ន្ធ​នឹង​ការនាំចេញ​នាំចូល​ជ្រូក​មក​កម្ពុជា​នេះ​នោះទេ​។ គាត់​ជា​មន្ត្រី​ធម្មតា​នៃ​ខុទ្ទកាល័យ សម្រាប់​សម្របសម្រួល​កម្មវិធី​ចុះ​បេសកកម្ម​របស់ខ្ញុំ​ផ្ទាល់​តែប៉ុណ្ណោះ​។ កន្លងទៅ ដើម្បី​ញុះញង់​ឱ្យ​ខ្ញុំ​ក្តៅក្រហាយ​ជាមួយ​ក្រុម​នេះ ក៏​បាន​ផ្អោប​ជាមួយ​កូន​ខ្ញុំ​តែម្តង​។ រឿងនេះ​គឺ​អយុត្តិធម៌​ណាស់​សម្រាប់​រូបខ្ញុំ​»​។

ក្រុមហ៊ុន​ទាំង​ ១០ ដែល​ទទួល​បាន​ការអនុញ្ញាត​ពី​កម្ពុជា​ក្នុង​ការនាំ​ជ្រូក​ចូល​នេះ គឺ​ទទួល​បាន​សិទ្ធិ​ក្នុងការ​ប្រមូល​ជ្រូក​ពី​កសិដ្ឋាន​ដែល​ចិញ្ចឹម​ជ្រូក​គោរព​តាម​ស្តង់ដា​នៅ​ប្រទេស​ថៃ ដោយ​ធ្វើការ​ពិនិត្យ​ពី​បញ្ហា​សុខភាព បច្ចេកទេស និង​ការអនុញ្ញាត​នានា ដើម្បីឱ្យ​ក្រុមហ៊ុន​ ឬ​ឈ្មួញ​កម្ពុជា​ធ្វើការ​ទាក់ទង​ទិញ​ពី​ក្រុមហ៊ុន​ទាំង​ ១០ ​នេះ​។ ក្នុងករណី ការ​នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ​មិន​បាន​ធ្វើឡើង​តាមរយៈ​ក្រុមហ៊ុន​ទាំង​ ១០ ​នេះ​គឺ​ជ្រូក​ដែល​បម្រុង​នឹង​នាំចូល​កម្ពុជា នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំចូល​នោះទេ​។ នេះ​បើតាម​ការបកស្រាយ​របស់​លោក​ វេង សាខុន​។

លោក​រដ្ឋមន្ត្រី​បង្ហាញ​ក្តីបារម្ភ​ថា​៖ «​នៅ​ប្រទេស​ថៃ​មាន​ការចិញ្ចឹម​ជា​កសិដ្ឋាន និង​តាម​លក្ខណៈ​គ្រួសារ​។ ការចិញ្ចឹម​ជ្រូក​តាម​ផ្ទះ​នេះ​ [​លក្ខណៈ​គ្រួសារ​] គឺអាច​ប្រឈម​នឹង​មាន​ជំងឺ ដែល​យើង​ភ័យខ្លាច​រឿងនេះ​។ ធានា​ឱ្យ​បាន​មែនទែន មុននឹង​នាំចូល​មក បើ​មាន​ឆ្លង គឺ​ចង្រៃ​ណាស់​»​។

ចំពោះ​ការប្រមូលផ្តុំ​តវ៉ា​នៅឯ​ទីតាំង​មួយ​ដែល​មិនត្រូវ​បានបញ្ជាក់​ឱ្យ​ច្បាស់លាស់ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​តាម​បណ្តាញសង្គម ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ដែល​អះអាង​ថា​ជា​តំណាង​ក្រុមហ៊ុន​នាំចូល​ជ្រូក​មក​កម្ពុជា​និយាយ​ក្នុង​វីដេអូ​ថា បំណង​ដែល​នាង​ចូលខ្លួន​មករក​ស៊ី​នៅ​ប្រទេស​កម្ពុជា​តាមរយៈ​ការនាំ​ចូល​ជ្រូក​មក​កម្ពុជា​នេះ​គឺ​គ្រាន់តែ​ប្រកប​ជំនួញ​សម្រាប់​ទ្រទ្រង់​ជីវភាព​ខ្លួនឯង​តែប៉ុណ្ណោះ​។ ប៉ុន្តែ​អ្នកស្រី​លើក​ឡើង​ថា ជំនួញ​របស់ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​ក៏បាន​ជួប​បញ្ហាលំបាក ព្រោះតែ​ខាង​រដ្ឋាភិបាល​កម្ពុជា​បិទ​មិនឱ្យ​នាំ​ជ្រូក​ចូល​ដូច​មុន​។

នាង​និយាយថា​៖ «​នាង​ខ្ញុំ​បង្ហាញ​ជា​រូបភាព​នេះ​ជា​សារ​សំណូមពរ​មួយ និង​ជា​សារ​អង្វរ​យ៉ាងទទូច​ដល់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជួយ​បើក​ឱ្យមាន​ការលក់ដូរ​ទំនិញ​សេរី​ដូចដើម​វិញ​»​។ ស្ត្រី​រូបនេះ​បន្តថា​៖ «​អាជីវកម្ម​ជំនួញ​នេះ នាង​ខ្ញុំ​បាន​ដំណើរការ​ប្រហែល​ ២០ ​ឆ្នាំ​កន្លងមកហើយ​។ តែ​ក្នុងអំឡុងពេល​ប្រមាណ​ ២ ​ខែ​នេះ​បាន​កើតហេតុការណ៍​មួយ ដោយសារ​តែ​ខាង​កម្ពុជា​មាន​ការហាមឃាត់​ក្រុមហ៊ុន​នាង​ខ្ញុំ​ដែល​មិន​អាច​ធ្វើការ​នាំ​ជ្រូក​ចូល​កម្ពុជា​បាន​»​។

លោក​ តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ចំពោះ​ក្រុមហ៊ុន​ទាំង​ ១០ ​ដែល​ទទួលបាន​សិទ្ធិ​នាំចូល​ជ្រូក​មក​កម្ពុជា​គឺ​ពួកគេ​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ទាំង​ ១២ ​ចំណុច ដោយ​មិនមែន​ដូច​អ្វីដែល​បាន​ចុះផ្សាយ​ចោទប្រកាន់​នោះទេ​។ លោក​បន្តថា ចំពោះ​ក្រុមហ៊ុន​ដទៃទៀត​ដែល​មិន​ជាប់​ក្នុង​ការនាំចូល​ជ្រូក​នេះ ក៏​ព្រោះតែ​ពួកគេ​មិនបាន​បំពេញ​តាមច្បាប់ ហើយ​ឯកសារ​ដែល​ផ្ញើមក​កាន់​លោក​ក៏​មិនបាន​បំពេញ​ត្រឹមត្រូវ​តាម​នីតិវិធី​រដ្ឋបាល​ដែរ​។

លោក​ថា​៖ «​ក្រុមហ៊ុន​ ១០ បានទទួល​បាន​ត្រឹមត្រូវ ហើយ​មាន​ ២ ​បន្ថែមទៀត ខ្ញុំ​កំពុង​សួរ​ភាគី​ថៃ​ឱ្យ​ដាក់សំណើ​មក​ខ្ញុំ និង​រៀបចំ​ឯកសារ​ឱ្យបាន​ត្រឹមត្រូវ​។ ភាគី​ថៃ​បាន​ដាក់​ឯកសារ​មក​ខ្ញុំ តែ​មិនមាន​ការចុះហត្ថលេខា​អ្វី​ត្រឹមត្រូវ​ទេ​។ ​អ្នក​តវ៉ា​ហ្នឹង​បាន​ផ្ញើមក​ខ្ញុំ​ដែរ តែ​មិនមាន​ការចុះហត្ថលេខា​អ្វី​ត្រឹមត្រូវ​ទេ​»​។

ជាមួយ​គ្នា​នេះ លោក​ តាន់ ផាន់ណារ៉ា ក៏បាន​បកស្រាយ​ដែរ​ថា ចំពោះ​ក្រុមហ៊ុន​ទាំង​ ១០ គឺ​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ ១២ ​ចំណុច​ទាំងអស់​។ ប៉ុន្តែ​ដោយសារតែ​វិបត្តិ​កូវីដ​១៩ ចំពោះ​ចំណុច​ទី​ ១២ ​ដែល​តម្រូវឱ្យមាន​កន្លែង​ធ្វើ​ចត្តាឡីស័ក​នៅ​ព្រំដែន​ប្រទេស​ថៃ​មុននឹង​នាំ​ចូលមក​កម្ពុជា ក្រសួង​បាន​តម្រូវឱ្យ​នាំចូល​ដោយ​គ្រាន់តែ​ឆ្លងកាត់​ម៉ាស៊ីន​វិភាគ​នៅតាម​ច្រកព្រំដែន​ប៉ុណ្ណោះ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​ក្រុមហ៊ុន​ដែល​ធ្វើ​ការតវ៉ា​ស្នើឱ្យ​លោក​ ហ៊ុន សែន ជួយ​អន្តរាគមន៍​ពី​ករណី​ដែល​មិនអាច​នាំ​ជ្រូក​ចូលមក​កម្ពុជា​នោះ​បាន​ទេ​។

លោក​ ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទាំងនេះ​គឺជា​រឿង​ដែល​ចម្រូងចម្រាស​បំផុត​។ ក្នុងនាម​លោក​ជា​ប្រធាន​សមាគម​មិនអាច​បកស្រាយ​អ្វី​ឱ្យ​លើសពី​តួនាទី​របស់លោក​នោះទេ​។ ប៉ុន្តែ​លោក​គាំទ្រ​រាល់​ចំណាត់ការ​របស់​ក្រសួង​កសិកម្ម​ដែល​បាន​ដាក់ចេញ​វិធានការ​នានា​ក្នុង​ការជួយសង្គ្រោះ​ផលិតផល​ក្នុងស្រុក​។

លោក​បន្តថា​៖ «​ខ្ញុំ​ពិបាក​ជម្រាបជូន​ណាស់ ព្រោះ​បញ្ហា​នេះ គឺជា​រឿង​របស់​ក្រសួង និង​ក្រុមហ៊ុន​អ្នក​នាំចូល​។ ចំពោះ​សមាគម​យើង ដែល​អាច​ក្តោប​បាន គឺ​មាន​តែ​សំណូមពរ​រាល់​ការដែល​នាំចូល​នេះ គឺ​សុំឱ្យ​គាត់​ត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ ហើយ​កូតា​ដែល​នាំចូល​នេះ​កុំ​ឱ្យ​លើសលស់ ដើម្បី​ជំរុញ​ផលិតផល​ក្នុង​ស្រុក​យើង​តែ​ប៉ុណ្ណឹង​ទេ​»​។

បើតាម​លោក​ ស្រ៊ុន ពៅ ជាទូទៅ​ជ្រូក​នាំចូល​ពី​ប្រទេស​ជិតខាង​គឺ​មាន​តម្លៃ​ថ្លៃ​ជាង​បន្តិចបន្តួច​ពី​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក​។ ​ជ្រូក​ចិញ្ចឹម​ក្នុង​ស្រុក​មានតម្លៃ​ចន្លោះ​ពី​ ១៣ ៥០០ ​រៀល ទៅ​ ១៤ ៥០០ ​រៀល​ក្នុង​ ១ ​គីឡូ ហើយ​តម្លៃ​នេះ​កើនឡើង​បន្តិច​នៅពេល​ដឹក​ដល់​កន្លែង​កុងស៊ី​កាប់​ជ្រូក​។ លោក​ថា ជាទូទៅ​តម្លៃ​លក់រាយ​ក្នុង​ទីផ្សារ គឺ​តម្លៃ ពី ​២២ ០០០ ទៅ ២៣ ០០០ ​រៀល​ក្នុង​ ១ ​គីឡូ ខណៈ​សាច់​ដែល​ល្អៗ​អាច​មាន​តម្លៃ​ខ្ពស់ជាង​នេះ​បន្តិច ប៉ុន្តែ​ក្នុង​ជ្រូក​ ១ គឺ​មិនមាន​តម្លៃ​នេះ​ច្រើន​ទេ​។

ដោយសារ​មានការ​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក​រវាង​អ្នក​នាំ​ជ្រូក​ចូល អ្នក​ចិញ្ចឹម​ជ្រូក កុងស៊ី​កាប់​ជ្រូក​រួម​នឹង​អាជីវករ​លក់រាយ​ជុំវិញ​តម្លៃ​ឡើង​ខ្ពស់​នៃ​សាច់ជ្រូក​នេះ លោក ស្រ៊ុន ពៅ និយាយ​ដែរ​ថា សមាគម​ក៏​កំពុង​ស្វែងរក​កិច្ចចរចា​រួម​រវាង​ភាគី​ទាំងអស់​នេះ ដើម្បី​បញ្ចុះតម្លៃ​សាច់ជ្រូក​ឱ្យមាន​តម្លៃ​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា​។

ការចិញ្ចឹម​សត្វ​ជ្រូក​នៅក្នុង​ស្រុក គឺ​អាច​ផ្គត់ផ្គង់​តម្រូវការ​ប្រមាណ​ ៨៥ ​ភាគរយ ហើយ​តម្រូវការ​នៃ​ការ​នាំចូល គឺមាន​ចន្លោះ​ពី​ ០ ដល់ ៦ ០០០ ​ក្បាល​ក្នុង​ ១ ​ថ្ងៃ​។ ប៉ុន្តែ​ការនាំ​ចូល​ជ្រូក​នេះ​គឺ​មាន​ចន្លោះ​ត្រឹម​ ៣ ០០០ ទៅ ៤ ០០០ ​ក្បាល​ប៉ុណ្ណោះ​ក្នុង​ ១ ​ថ្ងៃ ដើម្បី​សម្របសម្រួល​ទៅតាម​ទីផ្សារ​ក្នុងស្រុក​។ នេះ​បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

កាលពី​ខែ​កុម្ភៈ ឆ្នាំ​ ២០២១ កម្ពុជា​បាន​ពិនិត្យ​រកឃើញ​ជ្រូក​ដែល​បាន​នាំចូល​ពី​ថៃ​ខុសច្បាប់ ដោយ​មាន​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក និង​បាន​ដុត​កម្ទេចចោល​ចំនួន​ ៣០ ​ក្បាល​។ ជាមួយ​គ្នានេះ​លោក តាន់ ផាន់ណារ៉ា អះអាង​ថា អគ្គនាយកដ្ឋាន​សុខភាព​សត្វ​រួម​នឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​បន្ត​រឹតបន្តឹង ដោយ​ចុះ​ពិនិត្យ​ផលិតផល​សត្វ​នៅ​តាម​ច្រកព្រំដែន​កម្ពុជា ថៃ​ជា​ប្រចាំ​ជាពិសេស​សត្វ​ជ្រូក​ដែល​នាំចូល​ពី​ប្រទេស​ថៃ​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​យើង​ចាប់បាន​ជ្រូក​នាំចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ ហើយ​ទទួល​បាន​ព័ត៌មាន​ថា ប្រទេស​ថៃ​មាន​ផ្ទុះ​ជំងឺ​នេះ​ច្រើន​ដែរ យើង​កំពុងតែ​ធ្វើ​រឿងនេះ​តឹងតែង​មែនទែន​។ ចំពោះ​ក្រុមហ៊ុន​ដែលមាន​ [​ច្បាប់​ពី​ដើមទី​] ដល់​ចុង​ទី​បាន​យើង​អនុញ្ញាត​ឱ្យ​នាំចូល​»៕

អត្ថបទគួរចាប់អារម្មណ៍