ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានថ្លែងថា ធនធានព្រៃឈើបាននិងកំពុងចូលរួមចំណែកលើកកម្ពស់ សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសហគមន៍ព្រៃឈើ រក្សានិរន្តរភាពបរិស្ថាន អេកូធម្មជាតិដែលបានទាក់ទាញទេសចរ ហើយលោកបានជំរុញឲ្យមន្ត្រីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ និងស្តារព្រៃឈើឡើងវិញ។
លោក វេង សាខុន បានថ្លែងបែបនេះនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងទិសដៅអនុវត្តឆ្នាំ ២០២០ របស់រដ្ឋបាលព្រៃឈើដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត និងមន្ត្រីរដ្ឋបាលព្រៃឈើប្រមាណ ៤០០ នាក់កាលពីថ្ងៃទី ៥ ខែ កុម្ភ: ឆ្នាំ ២០២០។
លោកលើកឡើងថា សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវតែធ្វើការគ្រប់គ្រងធនធានធម្មជាតិទាំងអស់ឱ្យបានគង់វង្ស និងត្រូវខិតខំប្រឹងប្រែងរួបរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានយកដីព្រៃឈើកាន់កាប់ខុសច្បាប់ ការធ្វើអាជីវកម្មឈើ និងសត្វព្រៃខុសច្បាប់ ការប្រើប្រាស់សម្បទានដីសេដ្ឋកិច្ចខុសពីគោលការណ៍។
លោកបន្ថែមថា សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ក៏ត្រូវយកចិត្តទុកដាក់ក្នុងការស្តារព្រៃឈើឡើងវិញតាមគ្រប់រូបភាពដែលជាឆន្ទ:ដ៏ចម្បងរបស់រដ្ឋបាលព្រៃឈើ ដើម្បីធ្វើការគ្រប់គ្រង និងអភិវឌ្ឍន៍គម្របព្រៃឈើបៃតងដោយនិរន្តរភាព ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ឈើក្នុងស្រុកដែលចេះតែកើនឡើងជាលំដាប់ និងចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាសហគមន៍ព្រៃឈើ និងកំណើនសេដ្ឋកិច្ចជាតិផងដែរ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ធនធានព្រៃឈើដែលជាប្រភពធនធានធម្មជាតិដ៏មានតម្លៃ ហើយបាននិងកំពុងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសហគមន៍ព្រៃឈើ រក្សានិរន្តរភាពបរិស្ថានអេកូធម្មជាតិ និងទេសចរណ៍ជាប្រព័ន្ធការពារទីជម្រាលការពារជីវចម្រុះ ផ្តល់ជម្រក និងអាហារសម្រាប់ជីវិតរស់នៅរបស់មនុស្ស និងសត្វព្រៃគ្រប់ប្រភេទ»។
លោកបន្ថែមថា៖ «ភាពឆកល្វែងនៃការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ល។ ទាំងអស់នេះគឺជាកម្មវត្ថុដ៏សំខាន់ដែលយើងត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ស៊ីជម្រៅ ទាន់ពេលវេលា និងមានប្រសិទ្ធភាព»។ លោកលើកឡើងទៀតថា សមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវ និងផ្តល់កិច្ចសហការឲ្យបានល្អប្រសើរជាមួយនឹងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដើម្បីដោះស្រាយនូវបញ្ហាពាក់ព័ន្ធនៃការងារគ្រប់គ្រងធនធានព្រៃឈើ ដោយប្រើប្រាស់យន្តការ ឬយុទ្ធសាស្ត្រ និងវិធានផ្សេងៗ ដើម្បីអនុវត្តការងារ និងដោះស្រាយបញ្ហាឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពបន្ថែមទៀតសម្រាប់ឆ្នាំ ២០២០។
លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) បានថ្លែងថា មន្ត្រីមានសមត្ថកិច្ចមួយចំនួនមិនបានបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវនោះទេដោយបានប្រព្រឹត្តអំពើពុករលួយអនុញ្ញាតឲ្យមានការបន្តកាប់បំផ្លាញធនធានធម្មជាតិដែលធ្វើឲ្យប៉ះពាលដល់សហគមន៍ព្រៃឈើ និរន្តរភាពបរិស្ថាន អេកូធម្មជាតិ ជម្រក និងចំណីអាហារសត្វព្រៃ។
លោកបញ្ជាក់ថា បទល្មើសធនធានធម្មជាតិបានកើតឡើងនៅគ្រប់តំបន់ដូចជាខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ កំពង់ធំ កំពង់ស្ពឺ ពោធិ៍សាត់ និងកោះកុងដោយអាជ្ញាធរមានសមត្ថកិច្ច «ហាក់ដូចជាពុំមានវិធានការទប់ស្កាត់បទល្មើសទាំងនោះទេ។ គាត់ (វេង សាខុន) និយាយបានត្រឹមតែជាទ្រឹស្តីតែប៉ុណ្ណោះ» តែការអនុវត្តជាក់ស្តែងនៅមានកម្រិតនៅឡើយ។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុឌ្ឍី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពាក់ព័ន្ធនឹងការលើកឡើងនេះបានទេ៕