ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ៦ កក្កដាបានបង្កើតក្រុមការងារចុះស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទិន្នន័យដីព្រៃដែលពលរដ្ឋកាន់កាប់ជាក់ស្ដែងលើ ២៤ ខេត្ដទូទាំងប្រទេស ក្រោយពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដាក់បទបញ្ជាកាលពីសប្ដាហ៍មុនឱ្យក្រសួងពាក់ព័ន្ធពន្លឿនការដោះស្រាយដោយហ្មត់ចត់ និងចេញប្លង់កម្មសិទ្ធិដល់ពលរដ្ឋរស់នៅលើទីតាំងដីរបស់រដ្ឋ។
សេចក្ដីសម្រេចរបស់លោក វេង សាខុន ស្ដីពីការបង្កើតក្រុមការងារចុះស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទិន្នន័យដីព្រៃដែលប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលជាក់ស្ដែងនេះគឺយោងតាមលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីចុះថ្ងៃទី ៣ ខែកក្កដា កន្លងទៅផងដែរ។ តាមរយៈសេចក្ដីសម្រេចខាងលើលោក វេង សាខុន បានបង្កើតក្រុមការងារចំនួន ១៨ ក្រុមដើម្បីចុះស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទិន្នន័យដីព្រៃដែលប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលជាក់ស្ដែង។
លោករដ្ឋមន្ដ្រីបញ្ជាក់ថា៖ «ក្រុមការងារទាំង ១៨ ក្រុមខាងលើមានតួនាទីចុះអនុវត្តដោយផ្ទាល់សហការជាមួយមន្ទីរកសិកម្មខេត្ដនីមួយៗលើការប្រមូលផ្ដុំចងក្រងទិន្នន័យដែលមានស្រាប់ពាក់ព័ន្ធនឹងកិរិយានៃការកាន់កាប់ដីព្រៃឈើ។ ស្រាវជ្រាវផ្ទៀងផ្ទាត់ទិន្នន័យដីព្រៃឈើដែលប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលជាក់ស្ដែង»។
លោករដ្ឋមន្ត្រីបានបន្ថែមថា៖ «រៀបចំរបាយការណ៍ពិស្ដារជូនអគ្គលេខាធិការដ្ឋានប្រតិបត្ដិនៃគណៈកម្មាធិការជាតិ ដើម្បីធ្វើការបូកសរុប និងមានចំណាត់ការបន្ត»។
លោក ចាន់ ហេង នាយកខុទ្ទកាល័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបដិសេធធ្វើអត្ថាធិប្បាយលើសេចក្ដីសម្រេចនេះ និងប្រាប់ឱ្យសួរទៅលោក ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយលោកថា ជាអ្នកទទួលបន្ទុកការងារនេះ។ ប៉ុន្តែលោក វុឌ្ឍី ទូរស័ព្ទចូលគ្មានអ្នកទទួល។
កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២០ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានចេញបទបញ្ជា និងបញ្ជាក់យ៉ាងច្បាស់ៗទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដីគឺត្រូវតែកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅខេត្តកោះកុង ព្រះវិហារជាដើម ដែលមានប្រជាពលរដ្ឋបានមកធ្វើផ្ទះរស់នៅរយៈពេលជាង ១០-២០ ឆ្នាំមកហើយនោះ។
លោកនាយករដ្ឋមន្ដ្រីបានថ្លែងថា៖ «ព្រោះកន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានបងប្អូនប្រជាពលរដ្ឋបានកសាងលំនៅឋានរស់នៅបង្កើតកូនចៅ រាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ។ នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ»។
លោក ហ៊ុន សែន បានបញ្ជាក់ថាកុំទុកប្រជាពលរដ្ឋឱ្យភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត។ ទន្ទឹមនឹងនេះសូមកុំឱ្យពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមន៍ខ្លះនៅជិតៗ ដើម្បីជាប្រយោជន៍សហគមន៍រស់នៅផងដែរ។ លោកនាយករដ្ឋមន្ដ្រីបញ្ជាឱ្យក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដីត្រូវដោះស្រាយឱ្យដាច់ស្រេចក្នុងរយៈពេលតែប៉ុន្មានខែខាងមុខ ដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ហើយកិច្ចការនេះត្រូវធ្វើឱ្យបានហ្មត់ចត់ និងត្រឹមត្រូវបំផុត៕