កោះកុង: រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេង សាខុន បាន​ស្នើឲ្យ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល នៅក្នុង​ខេត្តកោះកុង​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ មន្ទីរ​កសិកម្ម និង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បាន​ពេញលេញ ដើម្បី​ទប់ស្កាត់​ការរំលោភ​យក​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​។ នេះ​បើតាម​គេហទំព័រ​ហ្វេសប៊ុក​ក្រសួង​កសិកម្ម​។

លោក វេង សាខុន បាន​ថ្លែង​បែបនេះ​ក្នុង​អំឡុងពេល​លោក​ដឹកនាំ​ក្រុមមន្ត្រី​ចុះ​ពិនិត្យ និង​វាយតម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ដំណាំ​កសិឧស្សាហកម្ម និង​កែច្នៃ​កសិផល​សម្រាប់​នាំចេញ​របស់​ក្រុមហ៊ុន Greenrich group Co., Ltd ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ជាង​ ៦ ​ម៉ឺន​ហិកតា​នៅ​តំបន់​ឧទ្យាន​ជាតិ បទុមសាគរ​ក្នុង​ស្រុក​កោះកុង​កាលពី​ថ្ងៃទី ២៤ ខែ​ឧសភា​។

លោក កែវ អូម៉ាលីស្ស ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការលើក​ឡើង​របស់​លោក វេង សាខុន​បានទេ​កាលពី​ម្សិលមិញ​ដោយ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន​។ ចំណែក​លោក អេង ជាសាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​បាន​ចុច​ផ្ដាច់​ទូរស័ព្ទ​។

លោក វេង សាខុន ថ្លែង​ទៀត​ថា លោក​បានស្នើ​ឲ្យ​ក្រុមហ៊ុន​ទាំងអស់ យកចិត្ត​ទុកដាក់​អំពី​សុខភាព ជីវភាព​ប្រចាំថ្ងៃ និង​ចំណូល​គ្រួសារ​របស់​កម្មករ​ដោយ​បង្កើត​របរ​កសិកម្ម​បន្ថែម​ដូចជា ចិញ្ចឹមសត្វ និង​ដាំ​បន្លែ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

លោក​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​ត្រូវតែ​សហការ​ឲ្យ​បាន​ពេញលេញ​ជាមួយ​រដ្ឋបាល​ព្រៃឈើ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ការពារ​ដីព្រៃ និង​ទប់ស្កាត់​ការរំលោភ​យក​ដី​ធ្វើជា​កម្មសិទិ្ធ​។ ក្រុមហ៊ុន​គួរតែ​ពន្លឿន​សកម្មភាព​ប្រមូលផល កែច្នៃ និង​ធ្វើការ​ដាំដុះ​លើដី​ដែល​នៅ​សេសសល់​ឲ្យ​គ្រប់​តាម​ផែនការ​ដែល​បានគ្រោង​ទុក​»​។

លោក​បន្ថែមថា ក្រសួង​នឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​បំណង​ជួយ​លើកទឹកចិត្ត និង​គាំទ្រ​លើ​ការវិនិយោគ​របស់​ក្រុមហ៊ុន ដើម្បី​លើកកម្ពស់​សមត្ថភាព​ផ្គត់ផ្គង់​ផលិតផល​ឈើ​ដាំ​ឧស្សាហកម្ម​លើ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស​ធ្វើការ​ប្រកួតប្រជែង ជំរុញ​ការប្រើប្រាស់​ផលិតផល​ឈើ​ដាំ​កាត់​បន្ថយ​ការប្រើប្រាស់​ឈើ​ធម្មជាតិ និង​ជាពិសេស​បង្កើត និង​រក្សាបាន​នូវ​គម្រប​ព្រៃឈើ បង្កើត​ការងារ បង្កើន​ចំណូល​រក្សា​បរិស្ថាន​ក្នុង​តំបន់​នេះ និង​និរន្តរភាព​សេដ្ឋកិច្ច​ជាតិ​។

លោកស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុង​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​លោកស្រី​គ្មាន​អ្នកទទួល​។ ចំណែក​លោក សុខ សុធី ​អ្នកនាំពាក្យ​ខេត្ត​កោះកុង​បាន​ថ្លែងថា លោក​មិនមាន​ព័ត៌មាន​ទាក់ទង​នឹង​ក្រុមហ៊ុន​ដីសម្បទាន​នេះ​ទេ ដោយ​ជំរុញ​ឲ្យ​សួរ​ទៅ​ប្រធាន​មន្ទីរ​កសិកម្ម​លោក អ៊ី ម៉េងលាង ដែល​មិនអាច​ទាក់ទង​បាន​។

គេហទំព័រ​ហ្វេសប៊ុក​ក្រសួងកសិកម្ម​បាន​ដកស្រង់​សម្ដី​លោក រតនា តំណាង​ក្រុមហ៊ុន Greenrich group Co., Ltd ដែល​រាយការណ៍​ជូន​លោក​រដ្ឋមន្ត្រី​ថា ក្រុមហ៊ុន Greenrich group ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន ASIA PULP & PAPER (APP) ដែល​ជា​ក្រុមហ៊ុន​ផលិត​ក្រដាស​លំដាប់​លេខ​ ១ នៅ​អាស៊ី និង​ជា​ក្រុមហ៊ុន ១ ក្នុង​ចំណោម ១០ ​ក្រុមហ៊ុន​ដែល​ផលិត​ក្រដាស​ធំជាងគេ​លើ​ពិភពលោក​។

លោក​បន្តថា ក្រុមហ៊ុន​បានចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍ​ឧស្សាហកម្ម​ដាំ​ដើម​កាស្យា​លើដី​សម្បទាន​សេដ្ឋកិច្ច​ជាង ១ ​ម៉ឺន​ហិកតា ក្នុង​ស្រុក​កោះកុង​គឺ​ដាំ​ដើមឈើ​ផលិត​ក្រដាស​ផ្តល់​ប្រយោជន៍​ដល់​មនុស្សលោក​។ គិត​ចាប់ពី​ឆ្នាំ ២០០៧ ​ដល់​ឆ្នាំ​ ២០១៥ ក្រុមហ៊ុន​ធ្វើការ​ដាំដុះ​បាន ៥៨៧៧ ហិកតា​ទទួល​បាន​ទិន្នផល ១៣៨ ​តោន​ក្នុង​ ១ ​ហិកតា​សរុប​រួម​បរិមាណ​ឈើ​ ៨០ ​ម៉ឺន​តោន​។

លោក​បន្តថា កន្លងមក​ក្រុមហ៊ុន​បាន​នាំចេញ​ចំណិត​ឈើ​សរុប​ជាង ១១ ​ម៉ឺន​តោន (​ឈើ​របស់​ក្រុមហ៊ុន និង​ឈើ​ប្រមូល​ទិញ​ពី​ចម្ការ​ឯកជន​)​។ ក្នុងអំឡុង​ប្រតិបត្តិការ ក្រុមហ៊ុន​ត្រូវការ​កម្លាំង​ពលកម្ម​ចំនួន ២៥០០ ​នាក់​។ ក្រុមហ៊ុន​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​សាលារៀន និង​ប្រព័ន្ធ​ផ្គត់ផ្គត់​ទឹក​សម្រាប់​បុគ្គលិក កម្មករ​ក្នុង​ក្រុមហ៊ុន​ទាំងមូល​។ ក្រៅពី​សមិទ្ធផល​ដែល​សម្រេចបាន​ក្រុមហ៊ុន​កំពុង​ប្រឈម​បញ្ហា​មួយចំនួន​ដូចជា​ការកាប់​ទន្ទ្រាន​ដី​យក​ជា​កម្មសិទ្ធិ និង​ការធ្វើ​ផ្លូវ​កាត់​ដី​ក្រុមហ៊ុន​ពី​សំណាក់​ប្រជាពលរដ្ឋ​។

លោក​ថា ក្រុមហ៊ុន​នឹង​សហការ​ជាមួយ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​វាយតម្លៃ​ពី​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ​ក្នុង​ការចុះបញ្ជី​ដី​រដ្ឋ ចាប់ផ្តើម​ប្រមូលផល​ឈើ និង​ដាំដុះ​ឡើងវិញ​ដើម្បី​ផ្តល់​ប្រយោជន៍​សម្រាប់​សង្គម​បរិស្ថាន និង​សេដ្ឋកិច្ច និង​ជាពិសេស​សហការ​ជាមួយ​ក្រសួងកសិកម្ម ក្នុងការ​រៀបចំ​ផែនការ​ដាំ​ឈើ​ក្នុង​ឆ្នាំ​ ២០២០​។

លោក ហោ អ៊ិន មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​គាំទ្រ​ចំពោះ​ការលើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី វេង សាខុន ដែល​ស្នើឲ្យ​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល សហការ​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ដើម្បី​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​។

លោក​បន្តថា កិច្ចសហការ​នេះ​មិនមែន​ត្រឹមតែ​ខេត្តកោះកុង​មួយ​ទេ ចំពោះ​ខេត្ត​ដទៃទៀត​ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ក៏ត្រូវតែ​សហការ​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ដើម្បី​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ ក៏ដូចជា​ចៀសវាង​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​។ «​ក្រុមហ៊ុន​ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​ពលរដ្ឋ​គួរ​បង្ហាញ​ពី​ឆន្ទៈ​ស្មោះត្រង់​ចង់​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ មិនគួរ​ទុក​ឲ្យ​បញ្ហា​អូសបន្លាយ​រាប់​ឆ្នាំ​ទេ គឺ​វា​ធ្វើឲ្យ​ខាតបង់​ពេលវេលា និង​លុយកាក់​ពលរដ្ឋ​។ បញ្ហា​ទំនាស់​ដីធ្លី​នៅ​ខេត្តកោះកុង​នេះ​នៅ​មិនទាន់​ដោះស្រាយ​ចប់​ទាំងស្រុង​ទេ​នៅ​ស្រុក​គិរីសាគរ ដោះស្រាយ​បាន​ខ្លះ​នៅ​ស្រុក​បទុមសាគរ​ក៏​នៅ​សេសសល់​មួយ​ចំនួន​ដែរ​»៕

វីដេអូ៖