ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ស្នើ​ដល់​ក្រុមហ៊ុន​ជប៉ុន​ឲ្យ​បង្កើន​ការទទួល​ពលករ​ពី​កម្ពុជា​ឱ្យបាន​ ១០ ម៉ឺន​នាក់​ក្នុងពេល​ខាងមុខ​ ខណៈ​ប្រទេស​នេះ​មាន​គម្រោង​ជ្រើសរើស​ពលករ​ជំនាញ​ពី​បរទេស​លើ​ផ្នែក​ថែទាំ​អគារ​សំណង់​ប្រមាណ ៣ ​ម៉ឺន​នាក់​។

ការលើកឡើង​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ អ៊ិត សំហេង ជាមួយ​គណៈប្រតិភូ​នៃ​មូលនិធិ​គាំទ្រ​ការអប់រំ​អន្តរជាតិ​កម្ពុជា (CIESF) និង​សមាគម​ថែទាំ​អគារ​ជប៉ុន​នាទី​ស្ដីការ​ក្រសួង​ការងារ​។ នេះ​បើតាម​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​ការងារ​។

លោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ (Hiroshi HORIGUCHI) នាយក​គ្រប់គ្រង​សមាគម​ថែទាំ​អគារ​ជប៉ុន​បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ការថែទាំ​អគារ​គឺជា​កិច្ចការ​ជំនាញ​ចាំបាច់​មួយ​នៅ​ប្រទេស​ជប៉ុន​ក្នុងនោះ​មាន​ទាំង​ការថែទាំ​អនាម័យ​បរិស្ថាន ការគ្រប់គ្រង​គុណភាព សុវត្ថិភាព សោភណភាព​សំណង់ និង​កិច្ចការសម្អាត​ទាំង​ក្នុង​អគារ និង​បរិវេណ​ជុំវិញ​អគារ​ដែល​មាន​ការគាំទ្រ និង​ទទួលស្គាល់​ពី​ក្រសួង​សំណង់ និង​រាជរដ្ឋាភិបាល​ជប៉ុន​រហូត​ដល់​មាន​ការចេញ​ច្បាប់​ពិសេស​មួយ​សម្រាប់​ប្រទេស​ជប៉ុន​ផងដែរ​។

លោក​ ហ៊ីរ៉ូស្សី ហូរីហ្គូឈិ បន្តថា​មក​ដល់​ពេល​នេះ​សមាគម​ថែទាំ​អគារ​ជប៉ុន​របស់លោក​មាន​សមាជិក​ប្រមាណ​ជាង ២៨០០ ​ក្រុមហ៊ុន និង​មាន​បុគ្គលិក​ធ្វើការ​ជា​ជនជាតិ​ជប៉ុន និង​ពលករ​មកពី​បរទេស​ប្រមាណ ១ ០០០ ០០០ ​នាក់​។

លោក​បន្ថែមទៀត​ថា​៖ «​ដោយសារ​ប្រទេស​ជប៉ុន​កំពុង​ពើបប្រទះ​នឹង​បញ្ហា​កំណើន​មនុស្ស​ចាស់​កើនឡើង​ខ្ពស់ រីឯ​កម្លាំង​ពលកម្ម​ពេញវ័យ​កំពុង​មាន​កំណើន​យឺត​នោះ​បាន​ធ្វើឱ្យ​ប្រទេស​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម​ក្នុង​នោះ​ការងារ​លើ​ជំនាញ​ថែទាំ​អគារ​នេះ​ក៏​អាច​នឹង​ជួប​បញ្ហា​ដូចគ្នា​ដែរ​។ ដូច្នេះហើយ​បានជា​សមាគម​ត្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ពី​ក្រៅប្រទេស​យក​ទៅ​បំពេញការងារ​ក្នុង​ប្រទេស​»​។

បើតាម​ការវាយតម្លៃ​របស់​សមាគម ជំនាញ​ថែទាំ​អគារ​នេះ ជប៉ុន​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ដល់​ទៅ​ប្រមាណ ៩០ ​ម៉ឺន​នាក់​ក្នុង​នោះគេ​ត្រូវការ​កម្លាំង​ពលកម្ម​ពី​ក្រៅប្រទេស​ប្រមាណ ៣ ​ម៉ឺន​នាក់​។

លោក ហ៊ីរ៉ូស្សី បញ្ជាក់ទៀត​ថា​កន្លង​ទៅ​សមាគម​របស់លោក​បាន​ជ្រើសរើស​ពលករ​ជំនាញ​ពី​ប្រទេស​មីយ៉ាន់ម៉ា និង​ប្រទេស​ហ្វីលីពីន ប៉ុន្តែ​នៅ​ឆ្នាំ​បន្ទាប់​ទៅ​នេះ​សមាគម​មាន​បំណង​ជ្រើសរើស​ពលករ​ជំនាញ​ពី​ប្រទេស​កម្ពុជា​វិញ​ម្ដង​។

លោក អ៊ិត សំហេង បាន​សម្ដែង​ការគាំទ្រ​យ៉ាងខ្លាំង​ដែល​សមាគម​មាន​បំណង​ជ្រើសរើស​ពលករ​ជំនាញ​ពី​កម្ពុជា ខណៈ​លោក​ជំរុញ​បន្ថែមទៀត​ឲ្យ​មន្ត្រី​កម្ពុជា និង​ជប៉ុន​ធ្វើការ​រួមគ្នា​ឱ្យបាន​ជិតស្និទ្ធ និង​សហការ​ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ​បញ្ជូន​ពលករ​របស់​កម្ពុជា ដើម្បី​ប្រកាស​ជ្រើសរើស បណ្ដុះបណ្ដាល​ភាសា​ជប៉ុន និង​ជំនាញ​ធ្វើការ​ប្រឡង​តេស្ត ដើម្បី​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​។

លោក​ថា​៖ «​ចំពោះ​ការងារ​ជាក់ស្ដែង​យ៉ាងណា​នោះ​សូម​ឱ្យ​សមាគម​ថែទាំ​អគារ​ជប៉ុន​សហការ និង​ពិភាក្សា​ជាមួយ​អគ្គនាយកដ្ឋាន​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ និង​អគ្គនាយកដ្ឋាន​ការងារ​របស់​ក្រសួង និង​ក្រុមហ៊ុន​ជ្រើសរើស​បណ្ដុះបណ្ដាល និង​បញ្ជូន​ពលករ​បន្តទៀត​ហើយ​ក្រសួង​ការងារ​នឹង​ទទួលស្គាល់​ជា​ផ្លូវការ​តាម​ក្រោយ​»​។

បន្ថែម​ពីនេះ​លោក អ៊ិត សំហេង ក៏​ស្នើ​ដល់​ភាគី​ជប៉ុន​ឲ្យ​បង្កើន​ការទទួល​ពលករ​ពី​កម្ពុជា​ឱ្យបាន ១០ ​ម៉ឺន​នាក់​សម្រាប់​រយៈពេល​ខាង​មុខ​បន្តទៀត ពីព្រោះ​កម្ពុជា​មាន​សក្ដានុពល​យ៉ាង​ច្រើន​ដែល​សមាគម​ក៏ដូចជា​ក្រុមហ៊ុន​នៅ​ប្រទេស​ជប៉ុន​អាច​ជ្រើសរើស​កម្លាំង​ពលកម្ម​ដែល​មាន​ប្រភព​នៅក្នុង​ប្រទេស​ស្រាប់ និង​ប្រភព​ដែល​ត្រឡប់​ពី​ក្រៅប្រទេស បន្ទាប់ពី​ពួកគេ​ចប់​កិច្ចសន្យាការងារ​។

លោក​ណែនាំ​ឲ្យ​សមាគម​ជប៉ុន​អាច​យក​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ណាមួយ​របស់​ក្រសួង​ការងារ​ដើម្បី​រៀបចំ​ការប្រឡង​ធ្វើតេស្ត​ក្នុង​នោះ​ក្រសួង​មាន​គ្រឹះស្ថាន​ដែល​បណ្ដុះបណ្ដាល​ជំនាញ​លើ​ផ្នែក​សំណង់ អគ្គិសនី​រថយន្ត​ចំនួន​ ៥ ​កន្លែង​។ ក្រៅពី​នេះ​សមាគម​អាច​សហការ​ជាមួយ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​នៅ​កម្ពុជា ដើម្បី​ដំណើរការ​ការប្រឡង​ធ្វើតេស្ត​សមត្ថភាព​។

តាម​របាយការណ៍​របស់​ក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​កម្ពុជា​បាន​បញ្ជូន​កម្មសិក្សាការី និង​ពលករ​ជំនាញ​ទៅ​ប្រទេស​ជប៉ុន​ប្រមាណ​ជិត ១៥០០០ ​នាក់​ដែល​ធ្វើការ​នៅក្នុង​វិស័យ​កសិកម្ម នេសាទ សំណង់ កែច្នៃ​ចំណីអាហារ កាត់ដេរ ថែទាំ​មនុស្ស​ចាស់ គ្រឿងយន្ត លោហធាតុ និង​វិស័យ​ផ្សេងៗ​ទៀត​។

លោក ឌី ថេហូយ៉ា ​មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​កម្ពុជា​ហៅ​កាត់​សង់ត្រាល់​បាន​លើកឡើង​ថា ក្នុង​ពេលនេះ​កម្ពុជា​គួរ​ត្រៀមខ្លួន​ឲ្យ​បាន​រួចស្រេច​ក្នុង​ការបណ្តុះបណ្តាល​កម្លាំង​ពលករ​ដែលមាន​ជំនាញ ដើម្បី​ទទួល​បាន​ទីផ្សារ​ការងារ​នៅ​ក្រៅ​ប្រទេស​។ លោក​បន្តថា កន្លង​ទៅ​ពលករ​កម្ពុជា​កម្រ​ទទួល​បាន​ការងារ​ដែល​មាន​ជំនាញ​ច្បាស់លាស់ និង​មាន​ក្នុង​មុខតំណែង​ខ្ពស់​ណាស់ ព្រោះ​ភាគច្រើន​នៃ​កម្លាំង​ពលកម្ម​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​គឺ​ធ្វើការ​ដោយ​ប្រើ​កម្លាំង ហើយ​ត្រូវ​ទទួលរង​នូវ​ការរំលោភបំពាន​ទៀតផង​។

លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​គួរតែ​គិតគូរ​ផ្តោត​ការរៀបចំ​ការបង្កើន​នូវ​សាលា​ជំនាញ​ដែល​ជា​ជម្រើស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង ព្រោះ​បើ​ប្រជាពលរដ្ឋ ឬ​កុមារ​មិន​ចង់​រៀន​ទៅតាម​ប្រព័ន្ធ​អប់រំ​ដោយ​ឈប់រៀន​ត្រឹម​ថ្នាក់​ទី​ ៩ គឺ​ពួកគេ​អាច​មាន​ជម្រើស​ទៅ​រៀន​សាលា​បច្ចេកទេស និង​ផ្តល់​ឋានៈ​ស្មើ​ដូច​ទៅ​នឹង​អ្នករៀន​ចប់​តាម​ប្រព័ន្ធ​អប់រំ​ដែរ​។ នេះ​គឺជា​ការផលិត​ធនធាន​មនុស្ស​ដែល​មាន​រយៈពេល​វែង​»​។

ក្រៅពីនេះ​លោក ហូយ៉ា ក៏​ចង់ឃើញ​ក្រសួង​មាន​វិធានការ​តឹងរ៉ឹង​ចំពោះ​ក្រុមហ៊ុន​នាំ​ពលករ និង​មាន​វិធានការ​ឲ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​ពលករ​ខ្មែរ​ដែល​មាន​បំណង​ចង់ទៅ​បំពេញ​ការងារ​នៅក្រៅ​ប្រទេស​ផងដែរ ដើម្បី​ចៀសវាង​ការចាញ់បោក និង​ត្រូវ​បាន​គេ​រំលោភបំពាន​ក្នុង​រូបភាព​ណាមួយ​៕