The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​នឹង​មក​កម្ពុជា​ ដើម្បី​ពិភាក្សា​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ




រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​នឹង​មក​កម្ពុជា​ ដើម្បី​ពិភាក្សា​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ

Content image - Phnom Penh Post
លោក​ ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ការបរទេស​ និង​សមភាគី​ជប៉ុន​ក្នុង​ជំនួប​ពី​ឆ្នាំមុន​។ រូប ក្រសួង​ការបរទេស

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​នឹង​មក​កម្ពុជា​ ដើម្បី​ពិភាក្សា​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ

ភ្នំពេញៈ លោក ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​នឹង​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​ ៥ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ២០ ​ដល់​ថ្ងៃទី​ ២៥ ខែ​សីហា មកកាន់​ប្រទេស​ចំនួន​ ៤ ក្នុង​នោះ​មាន​ប្រទេស​ ៣ ​ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ រួមទាំង​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ និង​វិធានការ​ប្រឆាំង​ជំងឺ​កូវីដ​១៩​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ជប៉ុន​កាលពី​ថ្ងៃទី​ ១១ សីហា បញ្ជាក់ថា ប្រទេស​ទាំង​ ៤ ដែល​លោក ម៉ូតេហ្គី តូស៊ីមីសឺ (Motegi Toshimitsu) នឹងធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​នោះ​រួមមាន ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ កម្ពុជា ឡាវ និង​ប្រទេស​មីយ៉ាន់ម៉ា​។

លោក​នឹង​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​ទាំងនោះ ដើម្បី​ពិភាក្សា​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​អំពី​ផលប្រយោជន៍ និង​បញ្ហា​ទូទៅ​ដូចជា កិច្ចសហប្រតិបត្តិការ​ឆ្ពោះ​ទៅ​រក​ការទទួលស្គាល់​អំពី​យុទ្ធសាស្ដ្រ​ឥណ្ឌូ-ប៉ាស៊ីហ្វិក​បើកទូលាយ និង​សេរី និង​អំពី​ស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​បញ្ហា​ប្រឈម​បន្ទាន់​មួយ​សម្រាប់​សហគមន៍​អន្តរជាតិ​ និង​តំបន់​។

សេចក្ដី​ប្រកាស​បន្តថា​៖ «​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ រដ្ឋមន្ត្រី ម៉ូតេហ្គី មាន​បំណង​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​នៅ​វេទិកា​អន្តរជាតិ និង​តំបន់​ជាមួយ​ប្រទេស​ទាំងនោះ​»​។ ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង​ ៣ លោក ម៉ូតេហ្គី នឹង​លើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ ដើម្បី​ដំណើរការ​ឡើងវិញ ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន និង​ការពិភាក្សា​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ក្នុងនោះ​រួមទាំង​វិធានការ​ឆ្លើយតប​ជំងឺឆ្លង​កូវីដ​១៩​។

ក្រសួង​ការបរទេស​កម្ពុជា​ក៏​បាន​ចុះផ្សាយ​ដែរ​ថា ដំណើរ​ទស្សនកិច្ច​ ២ ​ថ្ងៃ​របស់​លោក ម៉ូតេហ្គី នៅ​កម្ពុជា​គឺ​លោក​នឹង​ជួបពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជួប​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា​៖ «​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ជួយ​ពង្រឹងពង្រីក​ថែមទៀត​នូវ​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ ២ នៅលើ​គ្រប់​វិស័យ​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ហើយ​ក៏​ជា​ការបង្ហាញ​នូវ​សាមគ្គីភាព​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល​កូវីដ​ ១៩ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុង​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩»​។

ជប៉ុន​រក្សា​កេរ្តិ៍ឈ្មោះ​ល្អ​នៅ​កម្ពុជា ដោយសារ​ប្រទេស​នេះ​បាន​ដើរតួនាទី​យ៉ាង​សកម្ម​ជួយ​ឱ្យ​កម្ពុជា​ក្នុង​ការផ្សះផ្សា​ជាតិ និង​ជា​ប្រទេស​ម្ចាស់ជំនួយ​ដ៏សំខាន់​ក្នុង​ការជួយ​អភិវឌ្ឍ និង​ស្ដារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​រួមទាំង​លើក​កម្ពស់​សុខាភិបាល និង​អប់រំ​ជាដើម​។

អ្នកវិភាគ​មើលឃើញ​ថា ការរក្សាបាន​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា-ជប៉ុន​មក​ទល់​ពេលបច្ចុប្បន្ន​នេះ ដោយសារ​ជប៉ុន​ជា​ប្រទេស​មួយ​មិន​ដែល​ដាក់​លក្ខខណ្ឌ​ក្នុង​ទំនាក់ទំនង​ជាមួយ​កម្ពុជា និង​ជា​ប្រទេស​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ មិន​ប្រើប្រាស់​ពាក្យសម្ដី​ ឬ​ភាសា​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ប្រទេស​ទាំង​ ២ ​ខុស​ពី​បណ្ដា​ប្រទេស​នៅ​លោក​ខាង​លិច​ដែល​តែង​រិះគន់​ខ្លាំងៗ​អំពី​បញ្ហា​នយោបាយ​ផ្ទៃក្នុង និង​បញ្ហា​សិទ្ធិមនុស្ស​របស់​កម្ពុជា​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​ជា​ជម្លោះ​រវាង​ចិន​ជាមួយ​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ីអាគ្នេយ៍ គឺជា​បញ្ហា​រសើប​មួយ​សម្រាប់​តំបន់ ខណៈ​ជម្លោះ​នេះ​មាន​ការចូល​ពាក់ព័ន្ធ​កាន់តែ​ជ្រៅ​ពី​សហរដ្ឋអាមេរិក​។

លោក​បន្តថា នៅក្នុង​កិច្ចពិភាក្សា​អំពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ខាងមុខ កម្ពុជា​នឹង​នៅតែ​អះអាង​អំពី​ជំហរ​របស់ខ្លួន​ដដែល គឺ​ការរក្សា​អព្យាក្រឹត និង​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​តែ​បន្ត​រក្សា​ដំណោះស្រាយ​តាមរយៈ​ការចរចា​សន្ដិភាព និង​សន្ដិវិធី​ទៅ​កាន់​ភាគី​ជប៉ុន​ដែលជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​។ «​ខ្ញុំ​យល់ថា ជប៉ុន​ក៏​យល់​អំពី​ឥរិយាបថ និង​នយោបាយ​របស់​កម្ពុជា​។ បើ​យើង​ពិនិត្យ​ជារួម ផលប្រយោជន៍​នយោបាយ សេដ្ឋកិច្ច និង​យុទ្ធសាស្ដ្រ​មិន​តម្រូវ​ឱ្យ​កម្ពុជា​ត្រូវ​ប្រកាន់​យក​ខាង​ណាមួយ​ទេ​។ ប្រទេស​តូច​មួយ​គឺ​ត្រូវការ​ទីផ្សារ​ច្រើន និង​វិនិយោគ​ពី​ខាងក្រៅ​ច្រើន ទាំង​មកពី​ជប៉ុន ចិន និង​សហរដ្ឋអាមេរិក​»​។

លោក​ថា​៖ «​អ៊ីចឹង​! កម្ពុជា​ត្រូវ​ប្រកាន់​ឥរិយាបថ​នយោបាយ​អព្យាក្រឹត ហើយ​ខ្ញុំ​គិតថា ជប៉ុន​មិន​ព្យាយាម​រុញឱ្យ​កម្ពុជា​ជ្រើសរើស​យក​អ្នក​ណាមួយ​ទេ​។ ប៉ុន្តែ​ការមក​ទស្សនកិច្ច​ (​របស់​រដ្ឋមន្ត្រី​ជប៉ុន​) គឺជា​សញ្ញា Alert មួយ​ថា កម្ពុជា​គឺ​ត្រូវតែ​អព្យាក្រឹត​ឱ្យបាន​ច្បាស់លាស់ កុំ​ឱ្យ​តែ​អព្យាក្រឹត​តែ​មាត់​»​។​

កម្ពុជា និង​ជប៉ុន​សង្ឃឹម​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នឹង​នៅតែ​ឈាន​ដល់​ ២ ​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០២០​នេះ ថ្វី​ដ្បិត​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ​ក្ដី​។ កម្ពុជា​បាន​នាំចេញ​ទៅ​ជប៉ុន​នូវ​ទំនិញ​សក្ដានុពល​មួយចំនួន​មានដូចជា សម្លៀកបំពាក់​ស្ត្រី ស្បែកជើង ខ្សែ​អ៊ីហ្សូឡង់ និង​បរិក្ខារ​អគ្គិសនី ខណៈ​ជប៉ុន​នាំចូល​កម្ពុជា​វិញ​ដូចជា យានយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក សម្បក​កង់ និង​ផលិតផល​ប្លាស្ទិក​៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។