
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ រូបថត ក្រសួងការបរទេស
ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរួមទាំងរដ្ឋមន្ត្រីការបរទេសអាស៊ានផ្សេងទៀតនឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេសនៅថ្ងៃពុធនេះ ដើម្បីផ្លាស់ប្ដូរបទពិសោធគ្នាអំពីការឆ្លើយតបនឹងជំងឺកូវីដ ១៩។
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីអាស៊ាន និងអង់គ្លេសនឹងពិភាក្សាអំពីផែនការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ ១៩ រួមទាំងពិភាក្សាអំពីវិធីសាស្ដ្រនានា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍រួម ព្រមទាំងការពិភាក្សាលើបញ្ហាតំបន់ និងសកលដែលជាកង្វល់រួម។
សេចក្ដីប្រកាសរបស់ក្រសួងការបរទេសចេញផ្សាយកាលពីថ្ងៃម្សិលមិញបញ្ជាក់ថា៖ «កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះនឹងក្លាយជាជំហានមួយឆ្ពោះទៅរកការរៀបចំទិសដៅអនាគត សម្រាប់ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន និងអង់គ្លេសក្នុងបរិបទនៃបញ្ហាប្រឈមជាសកលនៃជំងឺឆ្លងកូវីដ ១៩ ដែលពុំធ្លាប់មានពីមុន និងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប»។
ចក្រភពអង់គ្លេស និងអាស៊ានបានក្លាយជាដៃគូគ្នាអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ហើយកន្លងមកពួកគេធ្វើការជាមួយគ្នាលើបញ្ហានយោបាយសន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌។
ក្រោយពីបានចាកចេញពីសហភាពអឺរ៉ុបកាលពីចុងខែមករាឆ្នាំ ២០២០ ចក្រភពអង់គ្លេសចង់ឱ្យប្រទេសក្លាយជាប្រទេសដៃគូសន្ទនាជាមួយអាស៊ាន ដូចសហរដ្ឋអាមេរិក ចិន កាណាដា និងជប៉ុនដែរដើម្បីបង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយក្រុមប្រទេសទាំងនេះដែលនឹងធ្វើឱ្យមានឱកាសថ្មីក្នុងវិស័យពាណិជ្ជកម្ម អប់រំ វិទ្យាសាស្ដ្រ និងសន្ដិសុខ។ ចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអង់គ្លេសគឺប្រទេសទាំង ២ កំពុងសម្លឹងពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយគ្នា។
ទំហំពាណិជ្ជកម្មប្រទេសទាំង ២ បានកើនឡើងជាបន្តបន្ទាប់ ដូចជា កាលពីឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ទឹកប្រាក់ ១,០៥ ពាន់លានដុល្លារ ដែលការនាំចេញរបស់កម្ពុជាដូចជាផលិតផលសម្លៀកបំពាក់ ស្បែកជើង កង់ និងអង្ករទៅទីផ្សារចក្រភពអង់គ្លេសមានតម្លៃ ៩៧៨ លានដុល្លារ។
ពាក់ព័ន្ធនឹងជំងឺកូវីដ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាត្រូវបានអង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់ថា គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលអាចគ្រប់គ្រងជំងឺកូវីដ ១៩ បានល្អប្រសើរ ដែលមកដល់ពេលនេះមិនទាន់មានការឆ្លងចូលទៅក្នុងសហគមន៍នៅឡើយ។
គិតត្រឹមថ្ងៃទី ២៩ កញ្ញា កម្ពុជាបានរកឃើញជំងឺកូវីដទាំងអស់ចំនួន ២៧៧ នាក់ ដែលប្រហែល ៨៦% គឺជាករណីនាំចូល ហើយក្នុងនោះមានចំនួន ២៧៥ នាក់ ត្រូវបានព្យាបាលជាសះស្បើយដែលស្មើជាង ៩៩% និងគ្មានករណីស្លាប់។
កាលពីម្សិលមិញក្រសួងបានរាយការណ៍ករណីថ្មីលើជនជាតិចិនម្នាក់ ដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកដល់កម្ពុជានៅថ្ងៃទី ២៧ កញ្ញា។ បុរសរូបនេះត្រូវបានធ្វើតេស្ដវិជ្ជមានកាលពីថ្ងៃទី ២៨ កញ្ញា ខណៈអ្នករួមដំណើរចំនួន ១០១ នាក់ផ្សេងទៀតក្នុងនោះ ៥៥ នាក់ ជាជនជាតិខ្មែរទទួលបានលទ្ធផលធ្វើតេស្ដអវិជ្ជមានត្រូវបានធ្វើចត្តាឡីស័កនៅសណ្ឋាគារ និងខ្លះនៅអនុវិទ្យាល័យពោធិ៍ចិនតុង៕