ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស​អាស៊ាន នឹង​ជួប​ប្រជុំ​គ្នា​រយៈពេល ២ ថ្ងៃ ក្នុង​ទីក្រុង​ឈៀងម៉ៃ​ប្រទេស​ថៃ ដើម្បី​ពិភាក្សា​លើ​វិស័យ​អាទិភាព​ជាច្រើន ដែល​អាស៊ាន​ត្រូវ​អនុវត្ត​ក្នុង​ឆ្នាំ ២០១៩ ដោយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុខុមាល​ភាព​របស់​ប្រជាជន​នៅ​ក្នុង​តំបន់​នេះ និង​ទំនាក់​ទំនង​ជាមួយ ដៃគូ​ខាង​ក្រៅ។

បើតាម​សេចក្តីប្រកាស​ព័​ត៌មាន​របស់​ក្រសួង​ការបរទេស​ដែល​ចេញ​កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា តប​តាម​ការ​អញ្ជើញ​របស់​លោក ដូន ប្រាំ​ម៉ូដ​វិណៃ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក​ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​នឹង​ដឹកនាំ​គណៈ​ប្រតិភូ ១ ក្រុម​ទៅ​ចូលរួម​កិច្ច​ប្រជុំ​ចង្អៀត រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ទីក្រុង​ឈៀងម៉ៃ ចាប់​ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ ២០១៩។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បាន​គូសបញ្ជាក់ថា៖ «នៅក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​ចង្អៀត​នេះ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នឹង​ពិភាក្សា​ពី​វិស័យ​អាទិភាព​ជា​ច្រើន​ដែល​មាន​ចំណាប់​អារម្មណ៍​រួម​ដែល​អាស៊ាន ត្រូវ​អនុវត្ត​នៅ​ក្នុង​ឆ្នាំ ២០១៩ នៅ​ក្នុង​ដំណើការ​កសាង​សហគមន៍​អាស៊ាន និង​ធ្វើការ​ឆ្ពោះ​ទៅ​កាន់​សហគមន៍​អាស៊ាន​មួយ ដែល​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ លើ​ប្រជាជន និង​ឲ្យ​មាន​ភាព​រឹងមាំ​ថែម​ទៀត ក៏​ដូចជា​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ដៃគូ​ខាង​ក្រៅ​ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក»។

ក្នុងឋានៈ​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន នៅក្នុង​ឆ្នាំ ២០១៩ ប្រទេស​ថៃ​បាន​ជ្រើស​យក​ប្រធាន​បទ «ជំរុញ​ភាព​ជា​ដៃគូ​សម្រាប់​ចីរភាព» ដែល​ស្រប​តាម​វត្ថុ​បំណង​រួម​របស់​អាស៊ាន ក្នុង​ការ​លើក​កម្ពស់​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

ភ្នំពេញ​ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់ទង​ជាច្រើន​ដង​ទៅកាន់ លោក កេត សុផាន់ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​ស្នើ​សុំ​ការ​ពន្យល់​បន្ថែម ទាក់ទង​ទៅ​នឹង​ថា​តើ​វិស័យ​ជា​អាទិភាព​ណាខ្លះ ដែល​នឹង​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​អាស៊ាន​នេះ ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល៕