
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសក្នុងសន្និសីទតាមវីដេអូខនហ្វើរ៉ិនពីថ្ងៃទី ២៤ វិច្ឆិកា។ រូប ក្រសួងការបរទេស
ភ្នំពេញៈ ការផ្លាស់ប្តូរសេដ្ឋកិច្ចរវាងប្រទេសជាសមាជិក ហ្វ្រង់កូហ្វូនី នៅមានកម្រិតទាបនៅឡើយ ព្រោះខ្វះភាពជាក់ស្តែងដែលបណ្តាប្រទេសជាសមាជិកទាំងនេះត្រូវកំណត់គោលដៅជាក់ស្តែង ដើម្បីធានាបាននូវការកាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាជនងាយរងគ្រោះ។ នេះបើតាមរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ថ្លែងក្នុងសន្និសីទកាលពីថ្ងៃអង្គារ។
ក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រី ហ្វ្រង់កូហ្វូនីលើកទី៣៧ តាមប្រព័ន្ធវីដេអូនៅល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ថ្លែងថា៖ «ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងដាកាកាលពីឆ្នាំ ២០១៤ មកយើងត្រូវទទួលស្គាល់ថា ការផ្លាស់ប្តូរសេដ្ឋកិច្ចរវាងបណ្តាប្រទេសហ្វ្រង់កូហ្វូនីរបស់យើង គឺនៅមានកម្រិតទាបនៅឡើយ»។
លោកបន្ថែមថា៖ «យើងខ្វះភាពជាក់ស្តែងនិយម។ យើងត្រូវកំណត់គោលដៅជាក់ស្តែង ដើម្បីធានាបាននូវការកាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាជន ដែលងាយរងគ្រោះ»។
បើតាមលោក ប្រាក់ សុខុន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅទីក្រុងដ្យែរបា (Djerba) ប្រទេសទុយនីស៊ី នៅពេលខាងមុខនេះលោកនឹងស្នើសុំឱ្យមានការអនុម័តនូវផែនទីបង្ហាញផ្លូវមួយ ដើម្បីកំណត់គោលដៅកំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្មប្រចាំឆ្នាំពី ៥% ទៅ ៦% រវាងសមាជិក ហ្វ្រង់កូហ្វូនី និងការបង្កើតនូវ «ទីភ្នាក់ងារសង្កេតការណ៍សេដ្ឋកិច្ចរបស់អង្គការ OIF»។
តាមរយៈវីដេអូពីចម្ងាយលោករដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងនាមកម្ពុជាដែលជាប្រទេសនិយាយភាសាបារាំងដែរនោះបានអញ្ជើញសហគ្រិន វិនិយោគិន ហ្វ្រង់កូហ្វូន មកជួបដៃគូ ហ្វ្រង់កូហ្វូននៅកម្ពុជា ដើម្បីសហការវិនិយោគរួមគ្នាប្រកបដោយថាមពល។
លោក ប្រាក់ សុខុន ថ្លែងថា៖ «សហគ្រិន អ្នកវិនិយោគិន ហ្វ្រង់កូហ្វូនទាំងនោះ នឹងបានជួបប្រាស្រ័យទាក់ទងជាភាសាបារាំងជាមួយអ្នកទទួលបន្ទុកផ្នែកសេដ្ឋកិច្ចមកពីវិស័យសាធារណៈ និងឯកជន ហើយពួកគេនឹងបានមើលឃើញនូវឱកាសវិនិយោគនានាដែលគួរចាប់យក»។
លោករដ្ឋមន្ត្រីក៏បានបង្ហាញពីក្តីរីករាយចំពោះគម្រោងបំពេញទស្សនកិច្ចរបស់លោកស្រី ល្វីស មូស៊ីគីវ៉ាបូ នៅកម្ពុជា និងនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ ២០២១ ដើម្បីអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់អង្គការ OIF។
លោកថ្លែងថា៖ «យើងនឹងខិតខំធ្វើឱ្យទស្សនកិច្ចនេះទទួលបានជោគជ័យ និងសូមលើកទឹកចិត្តលោកជំទាវ [ល្វីស មូស៊ីគីរ៉ាបូ] សូមឱ្យមានគណៈប្រតិភូសហគ្រិនឯកជនមកពីប្រទេសជាសមាជិកនៃអង្គការ OIF អញ្ជើញចូលរួមអបអរលោកជំទាវឱ្យបានច្រើនក្នុងទស្សនកិច្ចនេះ»។
លោក ប្រាក់ សុខុន បានប្រាប់ទៅអន្តរជាតិថា ប្រជាធិបតេយ្យសេរីពហុបក្ស ចាំបាច់ត្រូវការវិស័យឯកជនមួយដែលរឹងមាំ។ កម្ពុជាបានកាត់បន្ថយអត្រានៃភាពក្រីក្រពី ៥៣% មកត្រឹម ១០% ក្នុងរយៈពេលតិចជាង ២០ ឆ្នាំគឺដោយសារតែកម្ពុជាមានសមត្ថភាពក្នុងការធានាបាននូវសន្តិភាព ស្ថិរភាពដែលជាបរិយាកាសដ៏អំណោយផលសម្រាប់សហគ្រាស និងពលករ។
ជំនួសមុខឱ្យកម្ពុជាលោករដ្ឋមន្ត្រីការបរទេសគាំទ្រយ៉ាងមុតមាំចំពោះកំណែទម្រង់នានាដែលបានផ្តូចផ្តើមឡើងដោយលោកស្រីអគ្គលេខាធិការ អង្គការហ្វ្រង់កូហ្វូនី ដែលបានអនុម័តដោយអង្គប្រជុំ ហ្វ្រង់កូហ្វូនី នៅថ្ងៃទី ២៤ និង ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០។
ជាមួយគ្នានេះលោកស្នើឱ្យអ្នកទទួលខុសត្រូវតាមកម្រិតផ្សេងៗគ្នានៅក្នុងអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនីផ្តោតការយកចិត្តទុកដាក់ជាប្រចាំលើគោលការណ៍មិនអាចបដិសេធបាននៃឯករាជភាព ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ការមិនចូលបក្សសម្ព័ន្ធ សិទ្ធិស្វ័យសម្រេច និងអត្តសញ្ញាណជាតិកម្ពុជា។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ក្នុងរយៈពេលកន្លងមកនេះប្រទេសបារាំងដែលជាប្រទេសសាមីខាងភាសានោះ គឺមានភាពស្ទើរក្នុងការវិនិយោគនៅបរទេស មិនថានៅតំបន់អាស៊ី ឬនៅអឺរ៉ុបនោះទេ។ ប្រទេសបារាំងមិនមានឈ្មោះបោះសំឡេងឈានមុខគេឡើយក្នុងកិច្ចសហការផ្លាស់ប្តូរសេដ្ឋកិច្ច។
លោកថ្លែងថា៖ «ប្រទេសមួយចំនួនដែលធ្លាប់នៅក្រោមអាណានិគមបារាំង ប៉ុន្តែមិនសូវជាមានការរីកចម្រើននៅក្រោមដៃវិនិយោគរបស់ប្រទេសបារាំង ទេ។ បើយើងគិតនៅជុំវិញពិភពលោក ឬក៏ក្នុងតំបន់ ភាសាបារាំងហាក់ដូចជា ថមថយឥទ្ធិពលរបស់ខ្លួន។ ការថមថយឥទ្ធិពលនេះមិនមែនជារឿងចៃដន្យទេ គឺមកពីកត្តាជនជាតិបារាំង ឬក៏គោលនយោបាយ ប្រទេសបារាំង ហាក់ដូចជាមិនបានពង្រីកសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់បណ្តាប្រទេសផ្សេងៗឱ្យបានទូលំទូលាយ»៕