ភ្នំពេញៈ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងមន្ត្រីយោធាជាន់ខ្ពស់មួយចំនួនបានបើកកិច្ចសន្ទនាតាមរយៈបច្ចេកវិទ្យាបន្ទាន់ (Hot Line) កាលពីម្សិលមិញជាមួយសមភាគីវៀតណាម ដែលដឹកនាំដោយលោក ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីការពារជាតិវៀតណាមដោយភាគីទាំង ២ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ ១៩។
លោក ទៀ បាញ់ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា លោកបានថ្លែងអំណរគុណដល់ភាគីវៀតណាមដែលបានផ្ដល់សម្ភារមួយចំនួនដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ រួមទាំងកិច្ចសន្ទនាទៅលើបញ្ហាមួយចំនួនទៀត ដែលប្រទេសទាំង ២ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀត។
លោកបញ្ជាក់ថា មូលហេតុនាំឱ្យកើតមានកិច្ចសន្ទនានេះ គឺដោយសារលោក និងលោក ង៉ូស៊ុនលិច្ស ខានជួបពិភាក្សាគ្នាយូរបន្ទាប់ពីផ្ទុះឡើងជំងឺឆ្លងកូវីដ ១៩។
លោក ទៀ បាញ់ បានថ្លែងថា៖ «ធម្មតា! ការសន្ទនាគ្នាគឺបានថ្លែងពីការយោគយល់ និងការយល់ដឹងពីគ្នានូវអ្វីដែលត្រូវសហការគ្នាដើម្បីពង្រឹងបន្តទៀត ក៏ដូចជាការថ្លែងអំណរគុណអំពីការគ្រប់គ្រងកូវីដជាមួយគ្នាដែលធ្វើបានល្អ ទាំងសិក្ខាកាមកម្ពុជារៀននៅវៀតណាម។ ការសន្ទនាគ្នា វាសុទ្ធតែផ្ដល់ផលប្រយោជន៍សម្រាប់ប្រទេសទាំងសងខាង ដើម្បីពង្រឹងកិច្ចការងារមួយចំនួនឱ្យវាបានកាន់តែល្អថែមទៀត។ (យើង) ពិភាក្សាតែលើកិច្ចសហប្រតិបត្តិការតែប៉ុណ្ណោះហ្នឹងឯង»។
ថ្វីដ្បិតលោក ទៀ បាញ់ ថាកម្ពុជា-វៀតណាមមានកិច្ចសហប្រតិបត្តិការគ្នាល្អក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប៉ុន្តែកន្លងមកក្រសួងសុខាភិបាលកម្ពុជា ធ្លាប់បានបដិសេធចំពោះសេចក្ដីរាយការណ៍របស់ក្រសួងសុខាភិបាលវៀតណាមដែលអះអាងថា មានអ្នកដំណើរចេញពីកម្ពុជាមួយចំនួនបានឆ្លងជំងឺនេះ និងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម។
កាលណោះ ក្រសួងសុខាភិបាលកម្ពុជាបានចាត់ទុកការផ្សព្វផ្សាយព័ត៌មានពីភាគីក្រសួងសុខាភិបាលវៀតណាម ថាជាព័ត៌មានមិនពិត និងមិនបានផ្ដល់កិច្ចសហការដើម្បីផ្ដល់ដំណឹងឱ្យគ្នាទៅវិញទៅមក មុនប្រកាសព័ត៌មានជាសាធារណៈដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩។
កាលពីថ្ងៃម្សិលមិញ ក្រសួងសុខាភិបាលកម្ពុជាបានរាយការណ៍ថា អ្នកជំងឺម្នាក់ទៀតបានជាសះស្បើយ និងចេញពីមន្ទីរពេទ្យដែលបានធ្វើឱ្យអ្នកជាសះស្បើយពីជំងឺនេះសរុបកើនដល់ ២៧៣ នាក់ក្នុងចំណោមអ្នកឆ្លងទាំងអស់ចំនួន ២៧៤ នាក់ដែលបានរកឃើញនៅកម្ពុជាតាំងពីថ្ងៃទី ២៧ ខែមករា។ ក្នុងរយៈពេលជិត ៣០ ថ្ងៃចុងក្រោយនេះគឺកម្ពុជាបានរកឃើញករណីនាំចូលជំងឺកូវីដ ១៩ តែ ១ ករណីប៉ុណ្ណោះ ក្រោយពីមានការបិទជើងហោះហើរមកពីហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ជាប្រទេសកំពុងឆ្លងរាលដាលខ្ពស់។
ទោះជាយ៉ាងណាកាលពីថ្ងៃម្សិលមិញលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរសារបង្ហោះនៅក្នុងហ្វេសប៊ុកដោយបានអំពាវនាវគ្រូបង្រៀន និងសិស្សទាំងអស់ត្រូវប្រកាន់ខ្ជាប់ការអនុវត្តវិធានការការពារសុវត្ថិភាពសុខភាពជានិច្ច ដើម្បីការពារការចម្លងជំងឺកូវីដ១៩ ជាពិសេសបន្តបង្ហាត់សិស្សឱ្យឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល និងពាក់ម៉ាស់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ការអំពាវនាវនេះធ្វើឡើង ១ ថ្ងៃ បន្ទាប់ពីការបើកដំណើរការសាលារៀនដំណាក់កាលទី ២ បានចាប់ផ្ដើមនៅថ្ងៃទី ៧ កញ្ញា គឺការបើកសាលារៀនចាប់ពីថ្នាក់មតេ្តយ្យសិក្សារហូតដល់មធ្យមសិក្សាមួយចំនួន និងថ្នាក់ទី ៩ ដល់ ១២ នៅទូទាំងប្រទេស។
ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នេះ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ហាញអំពីការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ ១៩ ជាសកល ដោយបានជួយសម្រួលការធ្វើដំណើររបស់ក្រុមគ្រូពេទ្យ និងក្រុមការងារមនុស្សធម៌បានទៅកាន់ប្រទេសមួយចំនួន ដើម្បីផ្ដល់សេវាដល់អ្នកងាយរងគ្រោះបំផុត។ នេះយោងតាមលិខិត ១ ផ្សព្វផ្សាយកាលពីថ្ងៃទី ៧ ខែកញ្ញា៕