ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​ការពារ​​ជាតិ​លោក ​ទៀ បាញ់ ​លើក​ឡើង​​ ថា​សំណង់​វិមាន​ឈ្នះ ​ឈ្នះ ​គឺ​ជា​សញ្ញា​មួយ​បង្ហាញ​នូវ​អត្តសញ្ញាណ​​ជាតិ​ ការ​សាមគ្គី​ជាតិ ​និង​រួបរួម​​គ្នា ​ដើម្បី​សុខសន្តិភាព​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ​និង​បាន​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​មួយ​ដ៏​ធំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​សម្រាប់​​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​យល់ដឹង​ កាន់​តែ​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ពិត​ប្រាកដ​ និង​ក៏​ជា​ទីកន្លែង​សម្រាប់​ភ្ញៀវ​ដើរ​លម្ហែ​កាយ។

ការ​ថ្លែង​បែប​នេះ​ របស់​លោក ​ទៀ បាញ់​ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ ទី ២៩​ ខែ ធ្នូ ​ឆ្នាំ ២០១៩​ ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​តំណាង​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ក្នុង​ពិធី​ខួប ​២១ ​ឆ្នាំ ​នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​​ជោគជ័យ​នយោបាយ​ឈ្នះ​ ឈ្នះ ​របស់​លោក ​ហ៊ុន សែន​ ដោយ​មាន​​ការ​ចូលរួម​ពី​មន្ត្រី​ជាន់​ខ្ពស់​ និង​​កងកម្លាំង​ប្រដាប់​អាវុធ មាន​ទាហាន ​នគរបាល​ កងរាជ​អាវុធហត្ថ ​និង​ពលរដ្ឋ​​រាប់​រយ​នាក់​។

សំណង់​វិមាន​ឈ្នះ​ ឈ្នះ ​បាន​​ចាប់​ផ្តើម​សាងសង់​ឡើង​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ ២០១៦ លើ​ទំហំ​ដី ៨ ហិកតា ​ស្ថិត​នៅ​សង្កាត់​​ព្រែក​តាសេក ​ខណ្ឌ​ជ្រោយ​ចង្វារ ​ប៉ែក​ខាង​ជើង​រាជធានី​ភ្នំពេញ។ ការ​សាងសង់​នេះ​ចំណាយ​ថវិកា​​ អស់​​ជាង ​១២ ​លាន​ដុល្លារ​អាមេរិក​ដែល​ភាគ​ច្រើន​ជា​ថវិកា​សាលា​រាជធានី​ភ្នំពេញ និង​មួយ​ផ្នែក​ពី​លោក​ឧកញ៉ា​ លី យ៉ុងផាត់ ​និង​រាជរដ្ឋាភិបាល។ ​វិមាន​ឈ្នះ ​ឈ្នះ ជា​និមិត្តរូប​នៃ​សុខសន្តិភាព ​ដែល​​កម្ពុជា​ទទួល​បាន​ ក្រោយ​ពី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ ​ជា​ច្រើន​ទស​វត្សរ៍​​កន្លង​មក​ ហើយ​វិមាន​នេះ​ក្លាយ​ជា​កេរមរតក។ 

លោក ​ទៀ បាញ់ ​ថ្លែង​ថា ​ការ​សាងសង់​វិមាន​ឈ្នះ ​ឈ្នះ​ មិន​មែន​ដើម្បី​រក​ចំណូល​ដូច​សណ្ឋាគារ​នោះ​ទេ ​ពោល​គឺ​សាងសង់​ដើម្បី​ផ្ទុក​ជា​ឯកសារ​ និង​តឹកតាង​នានា​សម្រាប់​ក្មេងៗ​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​ពួក​គេ​យល់​កាន់​តែ​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ពិត​ប្រាកដ​ដែល​ទទួល​បាន​សុខ​សន្តិភាព ​និង​ការ​អភិវឌ្ឍ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

លោក​បន្ថែម​ថា ​វិមាន​ឈ្នះ ​ឈ្នះ ជា​កន្លែង​មួយ​សម្រាប់​ផ្ទុក​ឯកសារ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ​ហើយ​ក៏​ជា​សារមន្ទីរ​ដ៏​ធំ​សម្រាប់​កូន​ខ្មែរ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត ​ចំពោះ​ប្រវត្តិសាស្ត្រ​ប្រទេស​មួយ​នេះ។

លោក​បញ្ជាក់​ថា​៖ «វា​បាន​​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​មួយ​​ដ៏​ធំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដើរ​លំហែកាយ​ផង​ដែរ ​ហើយ​ជាង​នេះ​​ទៅ​ទៀត​ សំណង់​វិមាន​នេះ​គឺ​ជា​​សញ្ញា​មួយ​បង្ហាញ​នូវ​អត្តសញ្ញាណ​​ជាតិ ​ការ​សាមគ្គី​ជាតិ ​និង​រួបរួម​គ្នា​ដើម្បី​សុខ​សន្តិភាព​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ផង​ដែរ»។

លោក ​ទៀ បាញ់ ​រំឭក​ថា​ នៅ​ថ្ងៃ​នេះ​ កាល​ពី​ ២១ ឆ្នាំ​មុន ​ពោល​គឺ​នៅ​ថ្ងៃទី ២៩ ​ខែ ធ្នូ ​ឆ្នាំ ១៩៩៨ ​ត្រូវ​បាន​កំណត់​ជា​ថ្ងៃ​ដែល​បាន​បញ្ចប់​​ សង្គ្រាម​ស៊ីវិល​ទាំង​ស្រុង​នៅ​កម្ពុជា និង​ទទួល​បាន​សន្តិភាព​ពេញ​លេញ ​ដែល​ជា​ឱកាស​នៃ​ការ​ចាប់​ផ្តើម​​កសាង​ និង​​អភិវឌ្ឍ​ប្រទេស​ជាតិ​ឡើង​វិញ​។ ​រយៈពេល​ជាង ​២០ ឆ្នាំ​មក​នេះ ​កម្ពុជា​បាន​អភិវឌ្ឍ​ខ្លួន​ជា​បន្តបន្ទាប់​រហូត​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​សក្តានុពល ​ទាំង​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ធនធាន​មនុស្ស​ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ ​ក្លាយ​ជា​ប្រទេស​គោលដៅ​ទីផ្សារ​មួយ​ដ៏​សំខាន់​សម្រាប់​ពិភព​លោក។

លោក​បញ្ជាក់​ថា​៖ «នយោបាយ​ឈ្នះ​ ឈ្នះ ជា​គោល​នយោបាយ​ដ៏​ធំ​មួយ​ក្នុង​ការ​ដឹកនាំ​ប្រទេស ​កម្ពុជា​ ដើម្បី​នាំ​មក​នូវ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំង​ស្រុង ​និង​នាំ​មក​នូវ​សន្តិភាព​ ព្រម​ទាំង​ការ​ឯកភាព​ពេញ​លេញ​នៅ​កម្ពុជា។ គោល​នយោបាយ​នេះ បាន​បង្កើត​ឡើង​ដោយ​មគ្គុទ្ទេសក៍​ឆ្នើម​របស់​កម្ពុជា​ គឺ​សម្តេច​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ​មិន​មែន​ជាការ​ចៃដន្យ​នោះ​ទេ ​តែ​ជា​ពលិកម្ម​ដ៏​មហា​ធំ​ធេង​មួយ ដែល​ប្រជាជន​ខ្មែរ​គ្រប់​រូប​ ត្រូវ​ចងចាំ​ជា​ប្រវត្តិសាស្ត្រ និង​គោរព​មហាវីរភាព​ ដែល​សម្តេច​តេជោ​បាន​យក​ជីវិត​មក​ប្តូរ ​ដើម្បី​សន្តិភាព»។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ​ណឹម សុវត្ថិ ​ប្រធាន​ក្រុម​ការងារ​សាងសង់​វិមាន​ឈ្នះ ឈ្នះ​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​សម្ពោធ​ជា​ផ្លូវ​ការ​អស់​រយៈពេល​ ១ ឆ្នាំ​មក​នេះ ​មាន​ប្រតិភូ​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​សាធារណ​ជនជាតិ ​និង​អន្តរជាតិ​នានា​ចូល​ទស្សនា ​និង​សិក្សា​ស្រាវជ្រាវ​ មាន​ចំនួន​ជាង​ ៣ លាន​នាក់។ ​ក្នុង​នោះ​អត្រា​ប្រជាជន​ចូល​ទស្សនា​ គិត​ជា​មធ្យម​ក្នុង ​១ ថ្ងៃ ៥០០ នាក់​ ទៅ ​១ ៥០០ ​នាក់។ ដោយ​ឡែក ​នៅ​ថ្ងៃ​​​បុណ្យ​ជាតិ ​និង​ថ្ងៃ​ឈប់​សម្រាក​​នានា ​ចំនួន​ចូល​ទស្សនា​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ពី ​១ ០០០ ​នាក់ ​ទៅ ​៣ ០០០ នាក់​ក្នុង ​១ ថ្ងៃ​។ 

លោក​​ថ្លែង​ថា​៖ «ទី ២​ គោរព ​និង​​ចារឹក​ទុក​អំពី​ការ​លះបង់​ការ​ដឹកនាំ​ និង​ភាព​ច្នៃប្រឌិត​របស់​មគ្គុទេ្ទសក៍​ដឹកនាំ ​និង​ប្រតិបត្តិករ​ស្នូល​កម្ពុជា​ ដែល​បាន​នាំ​មក​នូវ​ការ​ផ្សះផ្សា​ជាតិ ​និង​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម ​ដែល​នាំ​មក​នូវ​វិបុលភាព​ និង​សន្តិភាព​ដល់​ប្រទេស​កម្ពុជា។ ទី៣​ បង្កើត​មជ្ឈមណ្ឌល ​១ ដែល​ផ្ដល់​នូវ​ការ​រៀន​សូត្រ​ដល់​ប្រជាជន​គ្រប់​ជំនាន់​ទាំងអស់ ​ឱ្យ​បន្ត​ការសិក្សា ​និង​ទទួល​ការ​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ពិត​របស់​ប្រទេស ​កម្ពុជា ​និង​បន្ត​អនុវត្ត​គោល​នយោបាយ​ឈ្នះ​ ឈ្នះ ​របស់​តេជោ​សែន ​និង​គុណ​តម្លៃ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម ​ក្នុង​ដំណើរការ​កសាង​​ដឹកនាំ ​និង​អភិវឌ្ឍ​ប្រទេស​នា​ពេល​អនាគត»។

លោក ​សំបូរ ម៉ាណារ៉ា ​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​ថ្លែង​ថា ​វិមាន​ឈ្នះ ឈ្នះ​ គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​បង្ហាញ​ឲ្យ​ប្រជាជន​បាន​យល់​ដឹង ​និង​រៀន​សូត្រ​ពី​ការ​ខិតខំ​ប្រឹងប្រែង ​និង​ស្នាដៃ​របស់​ថ្នាក់​ដឹកនាំ​ដើម្បី​ទទួល​បាន​​សន្តិភាព ​និង​កសាង​ប្រទេស។ លោក​បន្ថែម​ថា​ ប្រសាសន៍​របស់​លោក​ ទៀ បាញ់ ​ចង់​ឲ្យ​យុវជន​ជំនាន់​ក្រោយ​យក​ចិត្ត​ទុក​ដាក់​សិក្សា​រៀន​សូត្រ​ស្វែង​យល់​ពី​ប្រវត្តិ​សាស្ត្រ​កម្ពុជា ​និង​ដើម្បី​ជួយ​ថែរក្សា ​​ស្នាដៃ​ប្រវត្តិ​សាស្ត្រ​កម្ពុជា។

លោក​បញ្ជាក់​ថា​៖ «​កាល​ណា​​យើង​និយាយ​ពី​អ្វី​ដែល​កើត​ឡើង​ជា​របស់​ជាតិ ​សមិទ្ធផល​របស់​ជាតិ​​។ កាល​ណា ​វា​ទាក់ទង ​និង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​របស់​ខ្ញុំ​ដូច្នេះ​ហើយ​វា​ជា​របស់​ជាតិ​យើង។ ខ្ញុំ​ចាត់​ទុក​ថា​ ការ​​វិវត្ត ​និង​អភិឌ្ឍ​សម្រាប់​ជា​ចំណែក​នៃ​ប្រវត្តិសាស្ត្រ​នៃ​សម័យកាល​នីមួយៗ»​​។

តាម​របាយការណ៍​របស់​គណៈកម្មការ​សាងសង់​​ឲ្យ​ដឹង​ថា​ កំពូល​វិមាន​ឈ្នះ ឈ្នះ​ដែល​មាន​ជ្រុង ៣ ​តំណាង​ឲ្យ​នយោបាយ​សំខាន់ៗ​ចំនួន ៣ ​ទី១ ​ការ​ធានា​រូបកាយ ​និង​អាយុ​ជីវិត ​ទី២ ​ធានា​អាជីព ​និង​មុខ​របរ ​និង​ទី៣​ ការ​ធានា​កម្មសិទ្ធិ​ ​និង​ទ្រព្យ​សម្បត្តិ​ទាំង​​ចលនទ្រព្យ ​និង​អចលន​ទ្រព្យ។ ឯ​តួវិមាន​ដែល​មាន​ជ្រុង ​៥ ​តំណាង​ ​ឲ្យ​យុទ្ធសាស្ដ្រ ​DIFID បំបែក​ឯកោ​ បញ្ចប់​ធ្វើ​សមាហរណកម្ម ​និង​អភិវឌ្ឍ​ដែល​ជា​យុទ្ធសាស្ដ្រ​រំលាយ​ ​អង្គការ​ចាត់តាំង​នយោបាយ ​និង​យោធា​ខ្មែរ​ក្រហម៕