ភ្នំពេញ: លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្ដេជ្ញាចិត្តនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិស្ដីពីការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនៅទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេសនាពេលថ្មីៗនេះថានឹងបន្តចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិដើម្បីបន្តចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសដទៃលើពិភពលោកខណៈដែលប្រទេសនេះកំពុងមានសន្តិភាពពេញលេញ។
បើយោងតាមរបាយការណ៍ព័ត៌មានរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមបានថ្លែងថាយ៉ាងហោចណាស់ប្រតិភូក្រសួងការពារជាតិចំនួន ៨០ ប្រទេសក្នុងប្រទេស ១២៥ ដែលបានបរិច្ចាគកម្លាំងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិបានចូលរួមក្នុងកិច្ចប្រជុំនេះពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ក្នុងខែនេះហើយមានប្រទេសមកពីសហគមន៍អាស៊ាន ៥ បានចូលរួមដូចជា កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម។
របាយការណ៍ដដែលថ្លែងថា៖ «បណ្តាប្រទេសដែលចូលរួមកិច្ចប្រជុំនេះបានធ្វើការប្តេជ្ញាចិត្តគាំទ្រដល់ការបរិច្ចាគកម្លាំងរបស់ខ្លួនក្នុងបេសកកម្មរក្សាសន្តិភាពព្រមទាំងខិតខំពង្រឹងសមត្ថភាពកងទ័ពមួកខៀវរបស់ខ្លួនតាមរយៈការហ្វឹកហ្វឺនមុននឹងចល័តដោយផ្តោតលើការការពារជនស៊ីវិល សិទ្ធិមនុស្សការជួញដូរ និងអំពើហិង្សាផ្លូវភេទ និងខិតខំប្រឹងប្រែងបង្កើនការចូលរួមឲ្យបានកុះករពីសំណាក់យោធិននារីលើគ្រប់ជំនាញក្នុងតំបន់បេសកកម្ម»។
កិច្ចប្រជុំនេះបានផ្តោតទៅលើការប្តេជ្ញាចិត្តរបស់ប្រទេសបរិច្ចាគកងកម្លាំងក្នុងប្រព័ន្ធត្រៀមជាស្រេចការបញ្រ្ជាបស្រ្តីនៅក្នុងគ្រប់ផ្នែកក្នុងតំបន់បេសកកម្មដោយដើរតួនាទីជានគរបាលយោធាអ្នកសង្កេតការណ៍នាយសេនាធិការ និងជាមេបញ្ចាការសេនាធិការផងដែរ។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងកាលពីម្សិលមិញថាយ៉ាងហោចណាស់កងទ័ពមួកខៀវកម្ពុជាប្រមាណ ៧៧០ នាក់បាន និងកំពុងបំពេញបេសកកម្មនៅបណ្ដាប្រទេសមួយចំនួនដូចជា ម៉ាលី អាហ្វ្រិកកណ្ដាល លីបង់ និងអាហ្វ្រិកខាងត្បូង។
លោកថ្លែងថា៖ «ខ្ញុំមិនច្បាស់ទេអំពីចំនួនកងទ័ពមួកខៀវដែលនឹងបន្តបញ្ជូនសម្រាប់បេសកកម្មការពារសន្តិភាពក្របខ័ណ្ឌអង្គការសហប្រជាជាតិនាពេលអនាគតហើយការចូលរួមប្រជុំនេះជាការបង្ហាញនូវចក្ខុវិស័យក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ»៕