
លោក ទៀ បាញ់ (ជួរមុខស្តាំ) ក្នុងពិធីបិទសមយុទ្ធកម្ពុជា-ចិននៅខេត្តកំពតថ្ងៃទី ៣០ មីនា។ រូប Tea Banh's fb
កំពតៈ ប្រមុខការពារជាតិកម្ពុជា លោក ទៀ បាញ់ បានលើកឡើងថា កងទ័ពកម្ពុជា-ចិន បានបន្សល់ទុកនូវនិមិត្តសញ្ញាដ៏រឹងមាំមួយក្នុងប្រវត្តិសាស្ដ្រនៃកិច្ចសហប្រតិបត្តិការគ្នា។ លោកអះអាងថា កងទ័ពប្រទេសទាំង ២ បានកៀកស្មាគ្នាឆ្លងកាត់ភាពលំបាកក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ ១៩ ដើម្បីជម្នះរៀបចំសមយុទ្ធនាគមាសប្រចាំឆ្នាំដោយជោគជ័យ។
នៅក្នុងពិធីបិទការធ្វើសមយុទ្ធនាគមាសលើកទី ៤ រវាងកងទ័ពកម្ពុជា-ចិន ដែលបានធ្វើឡើងរយៈពេល ១៥ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ១៥-៣០ ខែ មីនា នៅខេត្តកំពត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានថ្លែងថា ការធ្វើសមយុទ្ធនេះគឺដើម្បីលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងការបណ្ដុះបណ្ដាលចំណេះដឹង ការផ្លាស់ប្ដូរបទពិសោធនៃកងទ័ពប្រទេសទាំង ២។
លោកបន្តថា ការរៀបចំសមយុទ្ធនេះក៏មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយឡើយ។ ផ្ទុយទៅវិញគឺជាការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មដែលជាភារកិច្ចរួមដែលបណ្ដាប្រទេសនៅលើពិភពលោកត្រូវសហការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដើម្បីថែរក្សាសុខសុវត្ថិភាពក្នុងតំបន់ និងពិភពលោក។
លោករដ្ឋមន្ត្រីថ្លែងថា៖ «[សមយុទ្ធនាគមាស] បានបន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រយោធានៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំង ២ និងកងកម្លាំងប្រដាប់អាវុធទាំង ២ ដោយសារការរៀបចំសមយុទ្ធនេះ»។
លោកបន្ថែមថា៖ «ស្របពេលដែលបណ្ដាប្រទេសទាំងអស់នៅលើសកលលោកនិយាយជារួម និយាយដោយឡែក ប្រទេសកម្ពុជា-ចិន បាននិងកំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយការរីករាលដាលនៃជំងឺផ្លូវដង្ហើម Covid-19 ដ៏ធ្ងន់ធ្ងរ។ ប៉ុន្តែទោះជាមានការលំបាកយ៉ាងណាក៏ដោយ ក៏ប្រទេសយើងទាំង ២ ជម្នះគ្រប់ឧបសគ្គបាន។ រួមចិត្តតែមួយកៀកស្មាគ្នា និងធ្វើជាមួយគ្នាគ្រប់ការលំបាករៀបចំសមយុទ្ធនេះសម្រេចបានជោគជ័យតាមផែនការគ្រោងទុក»។
សមយុទ្ធនាគមាសដែលកាន់តែមានទ្រង់ទ្រាយធំពី ១ ឆ្នាំទៅ ១ ឆ្នាំលើកទី ៤ នេះធ្វើឡើងក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» ដែលមានការចូលរួមពីកងទ័ពកម្ពុជា-ចិនជាង ៣ ពាន់នាក់ និងអាវុធយុទ្ធភណ្ឌធុនធ្ងន់មានដូចជារថក្រោះ រថពាសដែក ឧទ្ធម្ភាគចក្រ រួមជាមួយនិងកាំភ្លើងស្វ័យប្រវត្តិ ឧបករណ៍សម្រាប់ស៊ើបការណ៍ ឧបករណ៍សម្រាប់ដោះមីន និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាដើម។
លោក ទៀ បាញ់ ក៏បានបង្ហាញពីការចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់អាយុជីវិតប្រជាជនចិនរាប់ពាន់នាក់ រួមទាំងការប៉ះពាល់វិស័យសេដ្ឋកិច្ចធ្ងន់ធ្ងររបស់ប្រទេស ចិន ដែលបណ្ដាលមកពីមេរោគជំងឺផ្លូវដង្ហើមកូវីដ ១៩។
លោកបន្តថា៖ «បើទោះបីស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាទាំងមូលនៅតែមានគោលជំហរមិនងាករេក្នុងកិច្ចសហប្រតិបត្តិការរឹងមាំ ដើម្បីរួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដោយពុំមានការរើសអើង ហើយសង្ឃឹមថា ជំងឺដ៏កាចសាហាវមួយនេះនឹងត្រូវបានបញ្ចប់នៅក្នុងពេលដ៏ឆាប់ខាងមុខនេះពីពិភពលោកទាំងមូល»។
លោក វ៉ាង វិនធៀន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែលធ្វើដំណើរទៅចូលរួមប្រកាសបិទសមយុទ្ធនាគមាសដែលធ្វើឡើងនៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរីនៃសាលាហ្វឹកហ្វឺនបាញ់គ្រាប់ពិតរបស់កងពលតូចលេខ ៧០ ស្ថិតក្នុងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ក៏បានលើកឡើងដែរថា កងទ័ពប្រទេសទាំង ២ បានបង្ហាញឱ្យឃើញនូវមិត្តភាពដែលរឹងមាំប្រៀបដូចដែកថែប។
លោកថ្លែងថា៖ «លំហាត់ហ្វឹកហ្វឺនលើកនេះដែលត្រូវបានរៀបចំឡើងក្នុងស្ថានភាពដ៏ពិសេស និងមានអត្ថន័យយ៉ាងជ្រាលជ្រៅត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំង ២ និងកងទ័ពទាំង ២ ប្រទេស»៕