The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ បញ្ជាក់សត្វ​ស្លាប​ព្រៃ​ដែលងាប់​ក្នុង​តំ​បន់​អភិរក្សបឹង​ស្នេហ៍ទួល​ពាន់​តាឡី​ បណ្ដាល​មក​ពី​មេរោគ​ផ្ដាសាយបក្សី H5N1




រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ បញ្ជាក់សត្វ​ស្លាប​ព្រៃ​ដែលងាប់​ក្នុង​តំ​បន់​អភិរក្សបឹង​ស្នេហ៍ទួល​ពាន់​តាឡី​ បណ្ដាល​មក​ពី​មេរោគ​ផ្ដាសាយបក្សី H5N1

Content image - Phnom Penh Post
រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​បញ្ជាក់ថា សត្វ​ស្លាប​ព្រៃ​ដែលងាប់​ក្នុង​តំ​បន់​អភិរក្សបឹង​ស្នេហ៏ទួល​ពាន់​តាឡី​ បណ្ដាល​មក​ពី​មេរោគ​ផ្ដាសាយបក្សី H5N1។ រូបថត ហ្វេសប៊ុក

រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ បញ្ជាក់សត្វ​ស្លាប​ព្រៃ​ដែលងាប់​ក្នុង​តំ​បន់​អភិរក្សបឹង​ស្នេហ៍ទួល​ពាន់​តាឡី​ បណ្ដាល​មក​ពី​មេរោគ​ផ្ដាសាយបក្សី H5N1

ព្រៃ​វែងៈ ក្រសួង​កសិ​កម្ម​ ​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ ​បាន​ប្រកាស​ថា​ សត្វ​ស្លាប​ព្រៃដែល​បាន​ងាប់​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​តំបន់​អភិ​រក្ស​បឹង​ស្នេហ៍​ទួល​ពាន់តា​ឡី ​ក្នុង​ស្រុក​បាភ្នំ​ ខេត្ត​ព្រៃ​វែង​នា​ពេល​កន្លង​មក​នេះ ​គឺ​បង្ក​ឡើង​ដោយ​មេរោគ​គ្រុន​ផ្ដា​សាយ​បក្សី​ប្រភេទ ​H5N1​។​ ​

នេះ​បើ​យោង​តាម​លិខិត​របស់​លោក​ ​វេ​ង ​សាខុ​ន​ ​រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម ​រុក្ខា​ប្រមាញ់​និង​ ​នេ​សាទ​ ​ដែល​បាន​គោរព​ជូន​ទៅ​លោក​ ​សាយ​ សំ​អាល់ ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃ​ទី​២៤​ ​ខែ​មីនា​ ឆ្នាំ​ ២០២១​ ដែល​ភ្នំពេញ​ប៉ុ​ស្ត៍​​ទទួល​បាន​នៅ​​ថ្ងៃ​២៥​ខែ​មីនា​នេះ​។​

ក្នុង​លិខិត​នោះ ​លោក​ ​វេ​ង​ ​សាខុន​ ​បាន​គូស​បញ្ជាក់​ថា​៖​ ​«​យោង​តាម​លទ្ធផល​ពិសោធន៍​លើ​សំណាក​សព​សត្វ​ចង្កៀល​ខ្យង​ចំនួន​ ៥​ ក្បាល​ ដែល​មន្ត្រី​ជំនាញ​យើង​នាំ​មក​ពី​តំបន់​អភិរក្ស​បឹង​ស្នេហ៍​ទួល​ពាន់តា​ឡី ​ក្នុង​ឃុំ​ធា​យ​ ​ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​នោះ គឺ​មាន​វត្ត​មាន​​វីរុស​គ្រុន​ផ្ដា​សាយ​បក្សី ​ដែល​បង្ក​ឡើង​ដោយ​វីរុស​ក្នុង​អនុ​ក្រុម​ A|​H5N1​»​​​។​​​

នៅ​ក្នុង​លិខិត​នោះ​ ​លោក​ ​វេ​ង​ ​សាខុន​ ​ក៏​បាន​អំពាវ​នា​វ​ ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​ឆ្លង​សត្វ​ដោយ​ត្រូវ​ចាត់​វិធាន​ការ​បន្ទាន់​មួយ​ចំនួន​ ​ដូច​ជា​បំផ្លាញ​ចោល​ចំពោះ​បក្សី​ដែល​សង្ស័យ​មាន​ជំងឺ ​សាក​សព​បក្សី ​និង​ផលិត​ផល​បក្សី​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​តាម​វិធាន​បច្ចេក​ទេស​បសុ​ពេទ្យ ​និង​ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន​លើ​ការ​ចូល​-ចេញ​ ឬ​ឆ្លង​កាត់​ក្នុង​រង្វង់​កាំ​ប្រ​វែង​ ៣ ​(​​បី​)​ គីឡូ​ម៉ែត្រ​ ពី​ចំណុច​ផ្ចិត​ ​នៃ​តំបន់​ផ្ទុះ​ជំងឺ ​និង​ដាក់​តំបន់​នេះ​ជា​តំបន់​ត្រួត​ពិនិត្យ ​និង​តាម​ដានសិក្សា​ស្រាវ​ជ្រាវ​ប្រភព​ជំងឺ​ផ្ដា​សាយ​បក្សី​ក្នុង​រយៈពេល​ ៣០​ ថ្ងៃ ​និង​ត្រួត​ពិនិត្យ​មើល​ចលនា​បក្សី​ជា​ប្រចាំ​ក្នុង​រង្វង់​ដែល​មាន​កាំ​ប្រវែង ​១០ ​(​​ដប់ ​)​​ គីឡូ​ម៉ែត្រ​ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ ​និង​​ត្រូវ​រាយ​ការណ៍​ពី​កន្លែង​បក្សី​ងាប់​ដល់​មន្ទីរ​កសិ​កម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រៃ​វែង ​ដើម្បី​អនុ​វត្ត​វិធាន​បច្ចេក​ទេស​បសុ​ពេទ្យ​៕​
​​

អត្ថបទគួរចាប់អារម្មណ៍