ភ្នំពេញៈ លោក​រដ្ឋមន្ត្រី​ការបរទេស ប្រាក់ សុខុន សម្ពោធ​ដាក់ឱ្យ​អនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​ ២០២១-២០២៣ ដែល​ផ្ដោតលើ​វិស័យ​ចំនួន​ ៤ និង​សៀវភៅ​មុខម្ហូប «​រសជាតិ​នៃ​អង្គរ​» ឬ The Taste of Angkor សម្រាប់​មន្ត្រីការទូត​កម្ពុជា​អនុវត្ត​ និង​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ឱ្យ​លើស​ពី​ការធ្វើការ​ទូត​តាមបែប​ប្រពៃណី​។

ថ្លែង​ក្នុង​ពិធី​ដាក់ឱ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​នេះ​កាលពី​ថ្ងៃទី​ ១៨ ខែ​មករា លោក ប្រាក់ សុខុន បាន​បញ្ជាក់ថា យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​នេះ​ផ្ដោតលើ​គោលដៅ​ធំៗ​ចំនួន​ ៤ រួមមាន​ការជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​, ការទាក់ទាញ ការវិនិយោគទុន​ផ្ទាល់​ពី​បរទេស​, ការលើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌ បូករួម​ទាំង​ការផ្សព្វផ្សាយ​ពី​មុខ​ម្ហូប​ខ្មែរ​ផងដែរ​។ យុទ្ធសាស្ត្រ​នេះ​ត្រូវបាន​តាក់តែង​ឡើង​អស់​រយៈពេល​ជាង​ ២ ​ឆ្នាំ​។

ការអនុវត្ត​យុទ្ធសាស្ត្រ​នេះ ក្រសួង​ការបរទេស​ដើរតួ​ជា​អ្នកសម្របសម្រួល និង​ជំរុញ​យន្តការ​ដែលមាន​ស្រាប់ ដើម្បី​ទាក់ទាញ​ការវិនិយោគទុន​ផ្ទាល់​ពី​បរទេស ជំរុញ​ឱ្យ​មាន​កំណើន​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពហុភាគី និង​ទាក់ទាញ​ភ្ញៀវទេសចរ​តាមរយៈ​ការពង្រឹង​តម្លៃ​វប្បធម៌​ខ្មែរ​នៅក្រៅ​ប្រទេស​។ ក្រសួង​ក៏​ជា​អ្នកអភិវឌ្ឍន៍​ធនធាន​អ្នកការទូត​ជំនាន់​ថ្មី​ប្រកប​ដោយ​វិជ្ជាជីវៈ សមត្ថភាព​ខ្ពស់​សកម្ម​ការពារ និង​លើកស្ទួយ​ផលប្រយោជន៍​ជាតិ​លើ​គ្រប់​វិស័យ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ក្រសួង​ការបរទេស​បាន​ប្តេជ្ញា​រៀបចំ​តាក់តែង​នូវ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​នេះ​ដើម្បី​ជា​​ត្រីវិស័យ​ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​ការងារ​ផ្នែក​ការទូត​សេដ្ឋកិច្ច និង​ដើម្បី​ចូលរួម​ជា​វិភាគទាន​ពង្រឹង​ចន្ទល់​កំណើន​សេដ្ឋកិច្ច កាត់បន្ថយ​ការពឹង​ផ្អែកលើ​ជំនួយ​ពី​ខាងក្រៅ​ និង​លើក​កម្ពស់​ផលប្រយោជន៍​កម្ពុជា​នៅក្នុង​តំបន់ និង​អន្តរជាតិ​»​។

ក្នុង​រយៈពេល​ជាង​ ២ ​ឆ្នាំ​នេះ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ខិតខំ​ជំរុញ​ការងារ​ការទូត​សេដ្ឋកិច្ច តាមរយៈ​ការពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស ការបណ្តុះបណ្តាល​អ្នកការទូត​ឱ្យ​មាន​វិជ្ជាជីវៈ​ការរៀបចំ​ប្រមូល និង​ចងក្រង​ផ្ទាំង​ព័ត៌មាន​អំពី​សេដ្ឋកិច្ច​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​។ នេះ​បើតាម​លោក​ ប្រាក់ សុខុន​។

លោក​ថា ទាំងអស់​នេះ​គឺ​សម្រាប់​អ្នកការទូត​ប្រើប្រាស់ និង​ជួប​ប្រាស្រ័យ​ជាមួយ​ភ្ញៀវ ធុរជន ពលរដ្ឋ និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ម្ចាស់ផ្ទះ​ជា​មិត្ត​។ លើសពីនេះ​ផ្ទាំង​ព័ត៌មាន​ក៏​នឹងត្រូវ​ប្រើប្រាស់​នៅពេល​ចូលរួម​ពិធី​តាំងពិព័រណ៍ ពាណិជ្ជកម្ម វប្បធម៌​ការធ្វើ​បទ​បង្ហាញ​ទាក់ទាញ​វិនិយោគ និង​ការជួយ​សម្របសម្រួល​នូវ​ដំណើរ និង​សំណើ​របស់​ធុរជន និង​ក្រុមហ៊ុន​បរទេស​នានា​។

លោក​បាន​រៀបរាប់ថា កម្ពុជា​រង​នូវ​ផលប៉ះពាល់​បណ្ដាល​មកពី​កូវីដ​១៩ ឥទ្ធិពល​នៃ​ការប្រកួតប្រជែង​នៃ​មហាអំណាច​ក៏ដូចជា​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ ​ភាគរយ​ដោយ​សហភាព​អឺរ៉ុប​។ ប៉ុន្តែ​កម្ពុជា​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​ការ​កំណែទម្រង់​មុត​ស្រួច​ជាច្រើន​ដើម្បី​ជួយ​ដល់​អ្នកវិនិយោគ និង​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​។

លោក​មានប្រសាសន៍​ថា​៖ «​ស្ថានការណ៍​ដូច​បាន​រៀបរាប់​នេះ កាន់តែ​បញ្ជាក់​ឱ្យ​យើង​ឃើញ​ច្បាស់​ពី​ភាពត្រឹមត្រូវ និង​ចាំបាច់​បំផុត​ក្នុង​ការផ្លាស់ប្តូរ​របៀបរបប​ការងារ ពី​ការធ្វើការ​ទូត​ប្រពៃណី​មក​ជា​ការទូត​ដែល​ផ្តោត​សំខាន់​ដល់​ការលើកស្ទួយ​សេដ្ឋកិច្ច វប្បធម៌ និង​ទេសចរណ៍​ពោល​គឺ​ការអនុវត្ត​គោលនយោបាយ​ការបរទេស​មួយ​ដែល​យក​វិបុលភាព​សេដ្ឋកិច្ច​ធ្វើជា​ស្នូល​។ គ្មាន​ប្រទេស​ណា​ដែល​បាន​ទទួល​ជោគជ័យ ដោយ​មិន​យក​បញ្ហា​សេដ្ឋកិច្ច​ធ្វើជា​របៀបវារៈ​សំខាន់​របស់ខ្លួន​ឡើយ​»​។

លោក​ក៏​ស្នើឱ្យ​មន្ត្រី​ស្ថានទូត​ខ្មែរ​ជ្រើសរើស​យកមុខ​ម្ហូប​ពី​សៀវភៅ The Taste of Angkor ដើម្បី​ទទួលភ្ញៀវ​ដែលមាន​មុខម្ហូប​ជាង ៣០ ​មុខ​រួមមាន​ទាំង​ប្រហុក​ខ្ទិះ និង​អាម៉ុក​។ សៀវភៅ​នេះ​ក៏​នឹងត្រូវ​ជូន​ជា​វត្ថុ​អនុស្សាវរីយ៍​ដល់​ភ្ញៀវ​ដើម្បី​ពួកគាត់​អាច​សាកល្បង​ម្ហូប​ខ្មែរ​។

លោក​ ឡុង ឌីម៉ង់ ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​បាន​ថ្លែងថា ក្រោម​ការជួយ​ជ្រោមជ្រែង​ពី​ក្រសួង​ការបរទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ផ្ទាល់ និង​មន្ត្រីការទូត​នៅ​ស្ថានទូត​ផ្សេងៗ​ទៀត​បាន​អនុវត្ត​បណ្ដើរៗ​ហើយ​នូវ​យុទ្ធសាស្ត្រ​នេះ​។ កិច្ចការ​ដែល​លោក​បាន​ធ្វើ​មាន​ដូចជា​ការផ្ដល់​ព័ត៌មាន និង​សម្របសម្រួល​ជាមួយ​វិស័យ​ឯកជន​នៅ​ប្រទេស​កូរ៉េ​ឱ្យ​យល់ដឹង​អំពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​។ តាម​ការណែនាំ​របស់លោក ប្រាក់ សុខុន មន្ត្រី​ស្ថានទូត​គឺជា​ភ្នាក់ងារ​លក់​។ យ៉ាងណា​ក៏ដោយ នៅពេល​មាន​សៀវភៅ​យុទ្ធសាស្ត្រ​នេះ​វា​នឹង​ក្លាយជា​ត្រីវិស័យ​ដែល​កាន់តែច្បាស់​ជាង​មុន​។

លោក​មានប្រសាសន៍​ថា​៖ «​អ៊ីចឹង​ទេ​ដើម្បីឱ្យ​យើងទាំងអស់​គ្នា​ធ្វើ​ការងារ​ជំរុញ​គោលដៅ​ទាំង​ ៤ ​ចំណុច​នោះ វា​ទាល់តែ​អ្នកការទូត​យើង​ទាំងអស់​មាន​មូលដ្ឋាន​ច្បាស់លាស់ ដូចជា​គោលការណ៍​ណែនាំ គោលនយោបាយ ថា​តើ​ការទូត​សេដ្ឋកិច្ច​ធ្វើ​លើ​ផ្នែក​អ្វីខ្លះ​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា ការរៀបចំ​យុទ្ធសាស្ត្រ​បែបនេះ​គឺជា​ការធ្វើកំណែទម្រង់​ការទូត​ពី​បែប​ប្រពៃណី​មកជា​ការទូត​សេដ្ឋកិច្ច ដែល​អ្នកការទូត​កម្ពុ​ជា​នៅក្រៅ​ប្រទេស​មិនមែន​ត្រឹមតែ​ជា​អ្នក​តំណាង​ឱ្យ​កម្ពុជា​តែ​ផ្នែក​នយោបាយ​ទេ ប៉ុន្តែ​ជា​អ្នក​ទាក់ទាញ​អ្នកវិនិយោគ​មករក​ស៊ី​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ចុងក្រោយ​យើង​ឃើញ​ក្រសួង​ការបរទេស​ខិតខំ​ជំរុញ​ឱ្យ​អ្នកការទូត​កាន់តែ​មាន​សមត្ថភាព​ខ្ពស់​អាច​តំណាងឱ្យ​ផលប្រយោជន៍​កម្ពុជា​លើ​គ្រប់​វិស័យ ទាំង​នយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ និង​វិស័យ​ផ្សេងទៀត​»​។

លោក​ថា ការធ្វើ​កំណែទម្រង់​នេះ​កើតចេញ​ពី​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋមន្ត្រីការបរទេស និង​ស្រប​ទៅ​តាម​ការវិវឌ្ឍ​ស្ថានការណ៍​នៅក្នុង​តំបន់ និង​ពិភពលោក​៕