ភ្នំពេញ: រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ លោក ជា សុផារ៉ា កាលពី​ម្សិលមិញ​បាន​ប្រាប់​ឲ្យ​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​តាម​ខេត្ត-ក្រុង​ចុះ​វាស់វែង​ដីធ្លី​ជូន​ពលរដ្ឋ​ដោយ​ប្រើ​ឆន្ទៈ​ត្រឹមត្រូវ មិន​លម្អៀង និង​មិន​កេងប្រវ័ញ្ច​ចង់​ចំណេញ​ពី​ពលរដ្ឋ ខណៈ​ទើប​ទទួល​បាន​ឧបករណ៍​ទំនើប​ដែល​វាស់វែង​តាម​ប្រព័ន្ធ​ផ្កាយរណប​។

ការលើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​បច្ចេកទេស​វាស់វែង​តាម​ប្រព័ន្ធ​ផ្កាយរណប​រយៈពេល ១ ​ថ្ងៃ​កន្លះ​នៅ​ទីស្ដីការ​ក្រសួង​ដោយ​មាន​ការចូលរួម​ពី​សិក្ខាកាម​ប្រមាណ​ ៤០០ ​នាក់​ក្នុង​នោះ​មាន​មន្ត្រី​ទទួល​បន្ទុក​វាស់វែង​ដី​ចំនួន​ ១៨៣ ​នាក់ និង​មន្ត្រី​បចេ្ចកទេស​ពី​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ​ ២៥ ​នាក់​ដើម្បី​ផ្ដល់​ចំណេះដឹង​បន្ថែម​លើ​ការងារ​វាស់វែង​ដោយ​ប្រើ​ឧបករណ៍​ទំនើប​បែប​ប្រព័ន្ធ​ផ្កាយរណប GNSS (Global Navigation Satellite System)​។

លោក ជា សុផារ៉ា បាន​ថ្លែង​ថា​ក្រោយពី​ស្រាវជ្រាវ​រហូត​មក​ដល់​បច្ចេកវិទ្យា​ចុងក្រោយ​នេះ មន្ត្រី​ដែល​មាន​ភារកិច្ច​ចុះ​វាស់វែង​ដីធ្លី​ជូន​ពលរដ្ឋ​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​ដ៏ទំនើប​នេះ​ដោយ​ប្រើ​ឆន្ទៈ​មិន​លម្អៀង តម្លាភាព ត្រឹមត្រូវ​យុត្តិធម៌​ និង​មិន​កេងប្រវ័ញ្ច​ចង់​ចំណេញ​ពី​ពលរដ្ឋ​។

លោក​បន្ត​ថា​ក្នុង​ ១ ​ខណ្ឌ ឬ​ ១ ​ស្រុក ដាច់ខាត​ត្រូវ​តែ​គូស​ក្បាលដី ហើយ​បញ្ចូល​ប្រព័ន្ធ​ទិន្នន័យ​ដោយ​គូស​ទៅ​ជា​តំបន់​សម្រាប់​មាន​មូលដ្ឋាន​ប្រកាស​តំបន់​វិនិច្ឆ័យ​។ នេះ​មិនមែន​ជា​ការពិបាក​ពេក​ទេ ដោយសារ​ទីតាំង​នោះ​ត្រូវ​ដក​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​សាធារណៈ​ចេញ​នៅ​ពេល​បាន​ជា​គំនូស​ប្លង់​ព្រាង​នេះ​ហើយ​ត្រូវ​រាយការណ៍​​ជូន​ប្រធាន​មន្ទីរ​រួច​ប្រធាន​មន្ទីរ​ត្រូវ​សម្របសម្រួល​ជាមួយ​មន្ទីរ​សាធារណការ មន្ទីរ​អភិវឌ្ឍន៍​​ជនបទ​ដើម្បី​ផ្ទៀងផ្ទាត់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ក្នុង​មូលដ្ឋាន​គោលដៅ​នៃ​ការប្រកាស​តំបន់​វិនិច្ឆ័យ​។

លោក ជា សុផារ៉ា បញ្ជាក់​ថា​៖ «​យើង​បាន​ឧបករណ៍​ទំនើប​ប្រើ ដើម្បី​ធ្វើឲ្យ​ការងារ​របស់​យើង​ទំនើប បើ​ឧបករណ៍​ទំនើប ទាល់​តែ​យើង​មាន​ឆន្ទៈ​ជួនកាល​ឧបករណ៍​ហ្នឹង​គឺ​វា​តាម​តែ​មនុស្ស​ចុច​ដាក់​កន្លែង​នេះ កន្លែង​នោះ​ទេ​។ បើ​មនុស្ស​ចង់​យ៉ាង​ណា​វា​ទៅ​ជា​យ៉ាង​ហ្នឹងហើយ ! ឧទាហរណ៍​ថា​ទៅ​វាស់​ដី​ពលរដ្ឋ​ ១០ ​ហិកតា​ទុក​ឲ្យ​សល់​កន្លះ​ហិកតា​សម្រាប់​ចែក​គ្នា អាហ្នឹង​វា​អត់​ទំនើប​ស្អី​ទេ​។ ​ខ្ញុំ​ដឹងថា​អស់​លោក​ដឹង​ហើយ ប៉ុន្ដែ​មិន​ហ៊ាន​ទទួល​ស្គាល់​ការពិត ហើយ​បើ​ខ្ញុំ​មិន​និយាយ​ការពិត​ទៀត ខ្លាច​ឧបករណ៍​ទំនើប​យក​ទៅ​វាស់​ទៅ វា​លម្អៀង ហើយ​លម្អៀង​នេះ​គឺ​លម្អៀង​ពី​មនុស្ស ឯ​ឧបករណ៍​វា​មិន​លម្អៀង​ទេ​»​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​យល់​ឃើញ​ថា ការលើកឡើង​នេះ​គឺជា​ករណី​ចាស់ៗ ហើយ​គ្រាន់​តែ​ជា​ការ​ក្រើន​រំឭក​ដល់​មន្ត្រី​មួយ​ចំនួន​កុំ​ឲ្យ​ភ្លេច​​មេរៀន និង​បណ្ដាំ​មួយ​ចំនួន​។

លោក​បន្ត​ថា​អ្វី​ដែល​គេ​កំពុង​ចាប់អារម្មណ៍​ខ្លាំង​ពេល​នេះ​គឺ​ក្រសួង​ដែនដី​ត្រូវ​ដោះស្រាយ​បញ្ហា​ចម្បងៗ​ដូចជា ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​កំពុង​ជាប់គាំង​រវាង​ពលរដ្ឋ​មាន​ដី​តែ​គ្មាន​អំណាច ទាស់​ជាមួយ​អ្នក​មាន​អំណាច​ ឬ​អ្នក​មាន​លុយ​។ ក្រសួង​ត្រូវ​ចាត់​វិធានការ​ប្រឆាំង​ជន​ណា​មាន​អំណាច ឬ​មាន​លុយ​ដែល​កំពុង​បំពាន​ដី​រដ្ឋ​រួមមាន ការរំលោភ​យក​ឆ្នេរសមុទ្រ បឹង​ធម្មជាតិ ព្រែក អូរ និង​តំបន់​អភិរក្ស ជាដើម​។

លោក សន ជ័យ បញ្ជាក់​ថា​៖​ «​អ្វី​ដែល​ខ្ញុំ​លើក​ឡើង​នេះ​គឺ​គេ​កំពុង​ចាប់​អារម្មណ៍ ហើយ​រឿង​វាស់វែង​ដី​យក​លុយ​ពី​ពលរដ្ឋ​នេះ ជា​រឿង​ធម្មតា​ទេ​។ រឿង​ដែល​ឯកឧត្តម​រំឭក​ក៏​វា​ល្អ​ម្យ៉ាង​ដែរ ប៉ុន្ដែ​ក្រសួង​ត្រូវ​ដោះស្រាយ​រឿង​ចាំបាច់​ដូចជា អ្នកធំ​រំលោភ​ដី អ្នកតូច និង​មន្ត្រី​ប្រព្រឹត្ត​ពុករលួយ​ជា​ទ្រង់ទ្រាយ​ធំ​»​។

លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​។

តាម​របាយការណ៍​បូក​សរុប​វគ្គ​បណ្ដុះបណ្ដាល​បាន​ឱ្យ​ដឹង​ថា​ការរៀបចំ​នេះ​ក្នុង​គោលដៅ​ផ្ដល់​ចំណេះដឹង​បន្ថែម​ដល់​មន្ត្រី​ដោយ​ប្រើ​ឧបករណ៍​បែប​ប្រព័ន្ធ​ផ្កាយរណប GNSS (Global Navigation Satellite System)​។ ឧបករណ៍​ដែល​យក​មក​បណ្ដុះបណ្ដាល​នេះ​មាន​ម៉ាក SINO-GNSS-G300-PLUS ​ជា​​ឧបករណ៍​វាស់វែង​កំណត់​និយាម​ការ​នៃ​ចំណុច​នៅ​លើ​ផែនទី​យ៉ាង​សុក្រឹត​។ ឧបករណ៍​នេះ​អាច​ចាប់​យក​ទិន្នន័យ​ពី​ផ្កាយរណប​អាមេរិក GPS រុស្សី GLONASS ចិន BeiDOU អឺរ៉ុប​ GALILEO​។

ការជំរុញ​ការងារ​នេះ​គឺ​ក្នុង​គោលដៅ​ចាប់​ពី​ឆ្នាំ​ ២០១៩ ដល់​ ២០២០ ឬ​យ៉ាង​យូរ​ដល់​ឆ្នាំ ២០២១ ​ត្រូវ​ចុះបញ្ជី​ដីធ្លី​នៅ​ទូទាំង​ប្រទេស​ឱ្យ​បាន​ចប់​លើ​ ៧ ​លាន​ក្បាលដី​ដោយ​បច្ចុប្បន្ន​ក្រសួង​រៀបចំ​ដែនដី​សម្រេច​គោលដៅ​នេះ​ ៦៨ ​ភាគរយ​ហើយ​៕