ភ្នំពេញ៖ រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​បន្ត​រំឭក​ដល់​អភិបាល​រាជធានី-ខេត្ដ​ ពិសេស​ខេត្ដ​ចំនួន ២១ ដែល​មាន​ផ្ទៃដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ទំហំ ៧,៣ លាន​ហិកតា ឱ្យ​បដិសេធ និង​មោឃភាព​រាល់​ឯកសារ​កាន់កាប់​ និង​ការផ្ទេរ​សិទ្ធិ​លើដី​ធ្លី​ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋបាល​ឃុំ-សង្កាត់​ និង​ត្រូវ​អនុវត្ដ​វិធានការ​ច្បាប់​ចំពោះ​អ្នក​បំពាន។ នេះ​បើ​តាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​​នៅ​ថ្ងៃ​នេះ។

កាល​ពី​ថ្ងៃទី ១០ ខែ​ឧសភា លោក សាយ សំអាល់ បាន​ចេញ​លិខិត​មួយ​ជម្រាប​ជូន​លោកស្រី មិថុនា ភូថង អភិបាល​ខេត្ដ​កោះកុង​ ដោយ​ស្នើ​អន្តរាគមន៍​ចាត់​វិធានការ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់ និង​មោឃភាព​នូវ​រាល់​ការ​ចុះ​ហត្ថលេខា ឬ​ការ​បញ្ជាក់​ទទួល​ស្គាល់​លើ​លិខិត​ផ្ទេរ​សិទ្ធិ​ ពាក្យ​ស្នើសុំ​កាន់កាប់​ ប្រើប្រាស់​ដីធ្លី​ លិខិត​ទិញ​លក់​ដី​រដ្ឋ និង​ការ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​ក្នុង​របៀង​អភិរក្ស​ជីវចម្រុះ​ ដែល​រដ្ឋបាល​ឃុំ-សង្កាត់​បាន​ចុះ​ហត្ថលេខា​នាពេល​កន្លង​ទៅ បន្ទាប់​ពី​ក្រសួង​សង្កេត​ឃើញ​មាន​ករណី​បែប​នេះ​កើតឡើង​នាពេល​ថ្មីៗ​នេះ។

លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ថា៖ «នេះ​ គឺ​ជា​កិច្ច​ការងារ​មួយ​ដែល​ក្រសួង​បរិស្ថាន​បញ្ជូន​ទៅ​អភិបាល​រាជធានី-ខេត្ដ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​គឺ​ខេត្ដ​ចំនួន ២១ ដែល​មាន​តំបន់​ការពារ​ធម្មជាតិ​ដែល​ក្នុង​នោះ​មាន​ផ្ទៃដី ៧,៣ លាន​ហិកតា ដើម្បី​ឱ្យ​គាត់​ចូលរួម​ក្នុង​ការ​អនុវត្ដ​វិធានការ​ចាំបាច់​មួយ​ចំនួន។​ ក្នុង​នោះ​បដិសេធ និង​មោឃភាព​រាល់​លិខិត និង​ឯកសារ​ទាំងឡាយ​ណា​ដែល​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាន់កាប់ និង​ការ​ផ្ទេរ​សិទ្ធិ​ទាំងឡាយ​ទៅ​លើ​ដីធ្លី​ដែល​ស្ថិតនៅ​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​ដែល​រដ្ឋបាល​ឃុំ-សង្កាត់​បាន​ចុះ​ហត្ថលេខា​កន្លងទៅ»។

លោក​បាន​បន្ត​ថា ជាមួយ​នេះ​ក្រសួង​ក៏​បាន​ណែនាំ​ដល់​រដ្ឋបាល​ឃុំ-សង្កាត់​ឱ្យ​បញ្ឈប់​រាល់​ការ​ចុះហត្ថលេខា​បញ្ជាក់​លើ​លិខិត​ផ្ទេរ​សិទ្ធិ​ពាក្យ​ស្នើសុំ​កាន់កាប់ ប្រើប្រាស់​ដី លិខិត​ទិញ​លក់​ដី​រដ្ឋ ឬ​ក៏​ការ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ដី​ជា​ដើម​នៅ​លើ​ដី​ដែល​ស្ថិតនៅ​តំបន់​ការពារ​ធម្មជាតិ​ និង​របៀង​អភិរក្ស​ជីវចម្រុះ​នៃ​ដែន​សមត្ថកិច្ច​ខេត្ដ​នីមួយៗ។

លោក​បាន​ថ្លែង​ថា ក្រសួង​បរិស្ថាន​ស្នើ​ដល់​អភិបាល​រាជធានី-ខេត្ដ​ផ្ដល់​កិច្ច​សហការ និង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​តាម​ផ្លូវ​ច្បាប់​ចំពោះ​រដ្ឋបាល​ឃុំ-សង្កាត់​ណា ដែល​នៅ​តែ​បន្ត​ចុះ​ហត្ថលេខា​បញ្ជាក់​លើ​លិខិត​ផ្ទេរ​សិទ្ធិ ឬ​ក៏​ពាក្យ​ស្នើ​សុំ​កាន់​កាប់​ប្រើប្រាស់​ជាអាទិ៍​ទៅ​លើ​ដី​ដែល​បាន​កាប់​ឆ្ការ​រុករាន​ដី​ព្រៃ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​ក្នុង​តំបន់​នេះ។

លោក នេត្រ ភក្ត្រា បាន​បញ្ជាក់​ថា៖ «ក្រសួង​បរិស្ថាន​មាន​គោល​ជំហរ​មួយ​ គឺ​យើង​មិន​ទទួល​ស្គាល់​ចំពោះ​ការ​ទិញ ឬ​លក់​ដី​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នោះ​ទេ។ យើង​នឹង​បន្ត​ធ្វើ​ការ​ស៊ើបអង្កេត​តាម​ដាន​ទៅ​លើ​កិច្ច​ការងារ​នេះ​បន្ត​ទៀត​ ហើយ​នឹង​អនុវត្ដ​វិធានការ​ច្បាប់​ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​ប្រព្រឹត្ត​បទល្មើស»។

លោក​ថា៖ «គ្មាន​ជន​ណា​ម្នាក់​អាច​ទិញ ឬ​លក់​ដី​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​បាន​ឡើយ។ កន្លង​ទៅ​នេះ​យើង​បាន​អនុវត្ដ​វិធានការ​ច្បាប់​ទៅ​លើ​ជនល្មើស​មួយ​ចំនួន​ដែល​បំពាន។ ដូច្នេះ​សេចក្ដី​ជូនដំណឹង​នេះ​ គឺ​ដើម្បី​ស្នើ​ការ​អន្តរាគមន៍​ចាត់​វិធានការ​ឱ្យ​បញ្ឈប់​បន្ទាន់ នេះ​គឺ​ជា​ការ​ក្រើន​រំឭក​បន្ថែម​ទៀត​ ទៅ​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ឱ្យ​ចូលរួម​នៅ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ដោយ​ខុសច្បាប់»។

យោង​តាម​លិខិត​របស់ លោក សាយ សំអាល់ ផ្ញើ​ជូន​លោកស្រី​អភិបាល​ខេត្ដ​កោះកុង​បាន​បញ្ជាក់​ថា ថ្មីៗ​នេះ ក្រសួង​បរិស្ថាន​បាន​ពិនិត្យ​ឃើញ​ថា រដ្ឋបាល​ឃុំ-សង្កាត់ មួយ​ចំនួន​នៅ​តែ​បន្ត​ចុះ​ហត្ថលេខា​បញ្ជាក់​ទទួល​ស្គាល់​នៅ​លើ​លិខិត​ផ្ទេរ​សិទ្ធិ ពាក្យ​ស្នើសុំ​កាន់​កាប់ ប្រើប្រាស់​ដីធ្លី លិខិត​ទិញ​លក់​ដី​រដ្ឋ ឬ​ការ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី​ស្ថិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស ជីវចម្រុះ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ដែល​ជា​ការ​ផ្ទុយ​នឹង​ច្បាប់។

លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​បាន​គាំទ្រ​ចំពោះ​វិធានការ​របស់​ក្រសួង​បរិស្ថាន​នេះ ដោយ​លោក​បាន​អះអាង​ថា​ សកម្មភាព​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុស​ច្បាប់ តាមរយៈ​ការ​ឃុបឃិត​គ្នា​ពី​មន្ដ្រី​ភូមិ-ឃុំ នៅ​មូលដ្ឋាន​ជា​អ្នក​ចុះ​ហត្ថលេខា គឺ​មាន​ការ​កើត​ឡើង​ជាច្រើន។

លោក​បាន​ថ្លែង​ថា៖ «សកម្មភាព​បទល្មើស​នៃ​ការ​កាប់​រាន់​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​នេះ ភាគ​ច្រើន​មន្ដ្រី​មូលដ្ឋាន​ជា​អ្នក​ឃុបឃិត ចុះ​ហត្ថលេខា​ឱ្យ​ប្រជាពលរដ្ឋ​រួច​យក​ឯកសារ​បញ្ជាក់​សម្គាល់​ទីតាំង​ដី​ទាំង​នោះ​ទៅ​លក់​ឱ្យ​ឈ្មួញ​ក្នុង​តម្លៃ​ថោក។ សកម្មភាព​នេះ​កំពុង​កើត​មាន​ឡើង​ច្រើន​ពិសេស​នៅ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ដ​កោះកុង។ ជនល្មើស​បាន​ធ្វើ​សកម្មភាព​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​ខេត្ដ​កំពុង​ជាប់​រវល់​ចាត់​វិធានការ​រឿង​ជំងឺ​កូវីដ ១៩»។

តំណាង​សហគមន៍​ម្នាក់​នៅ​ឃុំ​ជ្រោយស្វាយ ស្រុក​ស្រែអំបិល ខេត្ដ​កោះកុង ប្រាប់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ​អាជ្ញាធរ​ភូមិ​ជ្រោយស្រាយ ឃុំ​ជ្រោយស្វាយ​ បាន​ធ្វើ​លិខិត​បញ្ជាក់​សិទ្ធិ​កាន់កាប់​ដី​មួយ​ចំនួន​ឱ្យ​ពលរដ្ឋ​ជាង ២០ គ្រួសារ​នៅ​ក្នុង​ទីតាំង​ដី​របស់​សហគមន៍​ជាង ៦៣ ហិកតា​ ដែល​ស្ថិតនៅ​ភូមិ​ជ្រោយស្រាយ។

តំណាង​សហគមន៍​រូប​នេះ​ថា៖ «គេ​ឱ្យ​ពលរដ្ឋ​ទៅ​ឈរ​ឈ្មោះ​​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​ក្នុង​ដី​សហគមន៍​ដោយ​បញ្ជាក់​ថា បាន​កាន់កាប់​ដី​នោះ​យូរ​ឆ្នាំ​ដោយ​ឱ្យ​លុយ​ពលរដ្ឋ​ក្នុង ១ គ្រួសារ ៥០០ ដុល្លារ និង​ឱ្យ​សារព័ត៌មាន​គ្មាន​វិជ្ជាជីវៈ​ច្បាស់លាស់​ផ្សព្វផ្សាយ​ពី​ការ​ផ្ដល់​ដី​នោះ​ដល់​ពលរដ្ឋ។ ជា​ការ​​ឃុបឃិត​គ្នា​យក​ដី​សហគមន៍​ធ្វើ​ជា​កម្មសិទ្ធិ។ ពលរដ្ឋ​នៅ​សហគមន៍​ក្នុងភូមិ​ជ្រោយស្វាយ​ជាង ១០០ គ្រួសារ កំពុង​បន្ត​តវ៉ា​រឿង​នេះ​នៅ​រដ្ឋបាល​ស្រុក​ស្រែអំបិល»៕