ភ្នំពេញ៖ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ស្នើ​ឱ្យ​ម្ចាស់​ស្ថានីយវិទ្យុ ទូរទស្សន៍​គ្រប់​ប្រព័ន្ធ និង​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អនឡាញ​ផ្អាក​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ក្នុង​អំឡុង​ពេល​អនុវត្ត​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល​នេះ។

ក្នុង​លិខិត​ដែល​លោក ខៀវ កាញារីទ្ធ ផ្ញើ​ទៅ​កាន់​ម្ចាស់​ស្ថានីយ​ផ្សព្វផ្សាយ​ទាំង​អស់​បាន​ឱ្យ​ដឹង​ថា ការ​ផ្អាក​នេះ​យោង​ទៅ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃទី ១៦ ខែ​មេសា​ កន្លង​ទៅ ស្តីពី​ការ​ហាម​លក់​គ្រឿង​ស្រវឹង​នៅ​ទូទាំង​ប្រទេស​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នេះ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖ «ខ្ញុំ​សូម​ជម្រាប​ជូន​លោក លោកស្រី​ជ្រាប​ថា ក្រសួង​ព័ត៌មាន​សូម​ធ្វើ​ការ​ណែនាំ​ឱ្យ​ម្ចាស់​ស្ថានីយវិទ្យុ ទូរទស្សន៍​គ្រប់​ប្រព័ន្ធ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អនឡាញ​ទាំង​អស់​ផ្អាក​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ រហូត​ដល់​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១»។

យោង​តាម​សារ​ជា​សំឡេង​របស់​លោក ហ៊ុន សែន កាល​ពី​យប់​ថ្ងៃទី ១៤ ខែ​មេសា កន្លង​មក​នេះ បាន​លើក​ឡើង​ពី​ការ​បន្ត​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​ផឹក​ស៊ី ដោយ​មិន​មាន​ការ​ត្រួតពិនិត្យ ដែល​លោក​បាន​បញ្ជា​ឱ្យ​បញ្ឈប់​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​ទូទាំង​ប្រទេស​រយៈពេល ១៤ ថ្ងៃ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩ បន្ថែម​ទៀត ប៉ុន្តែ​ការ​លក់​​ដូរ​គ្រឿង​ឧបភោគ​បរិភោគ​ផ្សេង​ទៀត ដូចជា ភេសជ្ជៈ ទឹកសុទ្ធ ជាដើម ត្រូវ​បន្ត​លក់​ជូន​ពលរដ្ឋ​ដដែល៕