ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ កាលពី​ថ្ងៃ​ចន្ទ​បាន​គូសបញ្ជាក់​ឡើងវិញ​ពី​ជំហរ​ដ៏ម៉ឺងម៉ាត់​របស់​ក្រសួង​យុត្តិធម៌​ក្នុង​ការបន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​យុត្តិធម៌ និង​ការពង្រឹង​វិធានការ​វិន័យ ក្រមសីលធម៌ និង​ភាព​ស្អាតស្អំ​របស់​អង្គចៅក្រម ដើម្បី​លើកកម្ពស់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​អង្គចៅក្រម​លើក​កម្ពស់​គុណភាព​នៃ​ការកាត់ក្តី​ប្រកប​ដោយ​ភាពត្រឹមត្រូវ និង​យុតិ្តធម៌​។

លោក កើត រិទ្ធ បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា ការពង្រឹង​វិធានការ​វិន័យ​នឹង​ក្រមសីលធម៌​នេះ​ក៏​នឹង​លើកកម្ពស់​ការផ្តល់សេវា​យុត្តិធម៌​ឲ្យ​មាន​ភាពងាយស្រួល ឆាប់រហ័ស និង​ស្អាតស្អំ ដើម្បី​ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​ចំពោះ​វិស័យ​យុត្តិធម៌​។

ការ​ថ្លែង​របស់លោក​បាន​ធ្វើ​ឡើង​នៅ​ខេត្តបាត់ដំបង​ក្នុង​ពេល​លោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ជា​ផ្លូវការ​របស់​លោក សម ប៊ុនថុន ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​សាលាឧទ្ធរណ៍​បាត់ដំបង​លោក នួន សាន ដែល​ត្រូវ​បាន​តែងតាំង​ជា​អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង និង លោក គឺ ប៊ុណ្ណារ៉ា ដែល​ត្រូវ​បាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​។

លោក​ថ្លែងថា​៖ «​ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ដ៏ថ្លៃថ្លា​ទាំង​ ៥ របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ ដើម្បី​ធ្វើជា​គោលការណ៍​ក្នុង​ការអនុវត្ត​មុខងារ និង​ភារកិច្ច​របស់​ខ្លួន​ក៏ដូចជា​ក្នុង​ការដឹកនាំ​អង្គភាព​សាលា​ជម្រះក្តី​»​។

លោក​បន្តថា ចៅក្រម ព្រះរាជអាជ្ញា​ក៏​ដូចជា​មន្ត្រី​តុលាការ​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់​របស់​ខ្លួន​ក្នុង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​ការកាត់ក្តី​មួយ​ប្រកប​ដោយ​អនាគតិ​ក្នុង​ការធានា​ឲ្យ​បាន​នូវ​ភាព​យុតិ្តធម៌ ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ ជាពិសេស​គឺ​ការវៀរចាក​នូវ​អគតិធម៌​ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និង​មោហោគតិ​ដូច​ដែល​ចៅក្រម ព្រះរាជអាជ្ញា​ទាំងអស់​បាន​ធ្វើ​សច្ចាប្រណិធាន​នៅ​មុន​ពេល​ខ្លួន​ចូលកាន់​តំណែង​។

លោក​ថ្លែងថា​៖ «​ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិន័យ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា​ទាំង​ក្នុងពេល​បំពេញ​ការងារ ទាំង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ការប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន គឺជា​ការរួមចំណែក​ដ៏សំខាន់​ក្នុង​ការលើក​កម្ពស់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​កិត្យានុភាព​នៃ​អង្គចៅក្រម​ខ្លួនឯង ហើយ​វា​ជា​កត្តារួម​ចំណែក​ដ៏សំខាន់​មិនអាច​ខ្វះ​បាន ក្នុង​ការពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​ចំពោះ​វិស័យ​យុត្តិធម៌​»​។

លោក​ប្រាប់​ឲ្យ​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​តុលាការ​ឲ្យ​ចូលរួម​ប្រកប​ដោយ​ឆន្ទៈ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការអនុវត្ត​នូវ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង ដែល​យុទ្ធនាការ​នេះ​ត្រូវបាន​ដាក់ចេញ​ដោយ​ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃទី​ ១៨ ខែ​ឧសភា​។ ការដោះស្រាយ​ការកកស្ទះ​នេះ​ត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​តាម​អភិក្រម «​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​»​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការងារ​អាទិភាព​ធំជាងគេ​របស់​ក្រសួង​យុត្តិធម៌​នាពេល​បច្ចុប្បន្ននេះ​គឺ​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តាម​តុលាការ​។ ប្រសិន​បើ​សំណុំរឿង​កកស្ទះ​ច្រើន វា​ធ្វើឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព​របស់​ស្ថាប័ន និង​ធ្វើ​ឲ្យ​សេវា​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​មាន​ភាពយឺតយ៉ាវ​។

ការងារ​អាទិភាព​ផ្សេងទៀត​របស់​ក្រសួងយុត្តិធម៌​រួមមាន​ការកសាង​ក្របខ័ណ្ឌ​ច្បាប់ និង​គោលនយោបាយ​សំខាន់ៗ​នៅក្នុង​វិស័យ​យុត្តិធម៌​ដែល​នៅ​​ខ្វះខាត រួមមាន​ការកសាង​ធនធាន​មនុស្ស ការពង្រឹង​សមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈ​របស់​មន្ត្រី​។ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​បន្ថែម​នៅតាម​តុលាការ និង​យន្តការ​អធិការកិច្ច​លើ​មន្ត្រី​ក្នុង​វិស័យ​យុត្តិធម៌ ក៏​ជា​ការងារ​អាទិភាព​របស់​ក្រសួង​យុត្តិធម៌​ដែរ​។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ថ្លែង​ដោយ​គាំទ្រ​ការលើកឡើង​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ព្រោះ​ការធានា​ឯករាជ្យភាព​នៃ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​គឺជា​បញ្ហា​បន្ទាន់ និង​ចាំបាច់​បំផុត ព្រោះ​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ និង​អាច​ទុកចិត្ត​បាន​នឹង​បង្កើត​បាន​ជា​បរិយាកាស​មួយ​ដល់​វិស័យ​ផ្សេង ជាពិសេស​សុខុមាលភាព​របស់​ពលរដ្ឋ ការវិនិយោគ និង​សេដ្ឋកិច្ច​រីកលូតលាស់​៕