ពោធិ៍សាត់ៈ អភិបាលខេត្ត​ពោធិ៍សាត់​លោក​ ម៉ៅ ធនិន នៅ​ថ្ងៃទី ១២ ខែ​ឧសភា បានទទួល​ឧបករណ៍​តេស្ត​រក​មេរោគ​កូវីដ ១៩​ ឆាប់រហ័ស​ចំនួន ១ ឈុត​ដែលមាន ១ ០០០ តេស្ត​ពី​តំណាង​លោក​ ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​សម្រាប់​ប្រើប្រាស់​ក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ១៩។

លោក​ ង៉ែត សីលា អ្នកនាំពាក្យ​សាលាខេត្ត​ពោធិ៍សាត់​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១២ ខែ​ឧសភា ថា រដ្ឋបាលខេត្ត​ពោធិ៍សាត់​បាន​ប្រគល់​ឧបករណ៍​តេស្ត​រហ័ស​នេះ​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត​រួចហើយ ដើម្បី​ប្រើប្រាស់​យក​សំណាក​មេរោគ​កូវីដ១៩។

លោក​ថ្លែងថា៖ «ករណី​សង្ស័យ យើង​ធ្វើតេស្ត​យក​សំណាក​អីហ្នឹង គឺ​យើង​ប្រើ​ឧបករណ៍​ហ្នឹង​ហ្មង»។

កាលពី​ថ្ងៃទី ១១ ខែឧសភា មន្ទីរ​សុខាភិបាល​ខេត្ត​ពោធិ៍សាត់​បាន​ប្រកាស​រកឃើញ​អ្នកមាន​វិជ្ជមាន​មេរោគ​កូវីដ១៩ ចំនួន ៧ នាក់​ដែល​មកពី​ភ្នំពេញ​ចំនួន ៦ នាក់ និង​មកពី​ប្រទេស​ថៃ ១ នាក់។ គិត​ត្រឹម​ថ្ងៃទី ១១ ខែ​ឧសភា ខេត្តពោធិ៍សាត់​មាន​ករណី​អ្នក​វិជ្ជមាន​កូវីដ១៩​សរុប ៣៨ នាក់​ដែល​ក្នុងនោះ​អ្នកជា​សះស្បើយ​មាន ៤ នាក់ និង​កំពុង​សម្រាក​ព្យាបាល ៣៤ នាក់។

កាលពី​ថ្ងៃទី ១១ ខែឧសភា អាជ្ញាធរខេត្ត​ពោធិ៍សាត់​សម្រេច​បិទ​បណ្តោះអាសន្ន​ទីតាំង​ចំនួន ៥ កន្លែង​ភ្លាមៗ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩​ក្នុង​សហគមន៍ ក្រោយពី​ពលរដ្ឋ​នៅក្នុង​ទីតាំង​ទាំងនេះ​មាន​ការពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ១៩ ដែល​រស់នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​មក​កាន់​ខេត្តពោធិ៍សាត់​កាលពី​ថ្ងៃទី ២ ខែឧសភា។ ពេល​ត្រឡប់​ទៅ​ខេត្ត​បន្ទាយមានជ័យ​វិញ ទើប​ធ្វើ​តេស្ត​រកឃើញ​មាន​វិជ្ជមាន​កូវីដ១៩។

ទីតាំង​ទាំង ៥ កន្លែង​នោះ រួមមាន មន្ទីរ​ព្យាបាល​ឈ្មោះ​ គន្ធា មន្ទីរ​សម្រាក​ព្យាបាល វឌ្ឍនៈ​ពោធិ៍សាត់ មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព មុត សារុន ទីតាំង​ ហួត ចន្ថា មាន​ទទួល​ខ្វៃ​ជ្រូក និង​ហាង​ឈ្មោះ ប្រាក់ បូរី ណាហ្សា។

អាជ្ញាធរខេត្ត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់​នឹង​អ្នក​វិជ្ជមាន​ខាងលើ​រួសរាន់​មកជួប​ក្រុមគ្រូពេទ្យ​ និង​ធ្វើ​ចត្តាឡីស័ក​ ដើម្បី​យក​សំណាក​ទៅពិនិត្យ។ ឯ​អ្នក​ប៉ះពាល់​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ត្រូវធ្វើ​ចត្តាឡីស័ក​តាម​ផ្ទះ​រៀងៗ​ខ្លួន​ដោយ​មិនត្រូវ​ពាក់ព័ន្ធ​ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ឡើយ។

លោក​ ង៉ែត សីលា ថ្លែងថា៖ «ថ្ងៃ​ម្សិលមិញ​ហ្នឹង យើង​បាន​បិទ​កន្លែង​ហ្នឹង​ជា​បណ្តោះអាសន្ន ហើយ​ម្សិលមិញ​ហ្នឹង​យើង​ធ្វើតេស្ត Rapid Test ហ្នឹង គឺ​អវិជ្ជមាន​ទាំងអស់​ហើយ។ អ៊ីចឹង​យើង​រង់ចាំ​លទ្ធផល​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ទៀត»។

លោក​ថ្លែងថា ប្រជាពលរដ្ឋ​មុននឹង​ធ្វើ​ដំណើរ​មកកាន់​ខេត្ត​ពោធិ៍សាត់ គឺ​ត្រូវ​ពិនិត្យ​សុខភាព​ជាមុនសិន។ ក្នុង​ករណី​សង្ស័យថា​មាន​វិជ្ជមាន​កូវីដ១៩ គឺ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក។

កាលពី​ថ្ងៃទី ១១ ខែឧសភា លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ប្រគល់​ឧបករណ៍​តេស្ត​រក​មេរោគ​កូវីដ១៩​ឆាប់រហ័ស ចំនួន ២ ឈុត​ដែលមាន ២ ០០០ តេស្ត ដល់​លោក ​ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​សម្រាប់​ប្រើប្រាស់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ១៩។

កាលពី​ថ្ងៃទី ៥ ខែឧសភា មន្ទីរ​សុខាភិបាល ខេត្ត​ពោធិ៍សាត់ បាន​ដាក់ចេញ​វិធានការ​ដោយ​ធ្វើការ​រឹតបន្ដឹង​ការធ្វើ​ចរាចរណ៍​ចន្លោះ​ម៉ោង ៨ យប់ រហូត​ដល់​ម៉ោង ៥ ព្រឹក​ក្នុង​ភូមិសាស្ត្រ​ភូមិ ឃុំ សង្កាត់ និង​ក្រុង ស្រុក ទូទាំង​ខេត្ត​សំដៅ​រកឱ្យឃើញ​ករណី​លបលួច​ធ្វើ​ដំណើរ ករណី​លួច​ឆ្លងដែន​ និង​ការលបលួច​ដឹកជញ្ជូន​ជនបរទេស គេច​ចេញ​ពី​ភូមិសាស្ត្រ ដែល​ត្រូវ​បិទខ្ទប់​មកកាន់​ខេត្តពោធិ៍សាត់៕