ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​សុខាភិបាល​បាន​អះអាង​ថា ក្រសួង បាន​ផ្ញើលិខិត​ដោយផ្ទាល់​ទៅ​អភិបាលខេត្ត នៅ​ទូទាំង​ប្រទេស ដើម្បី​ស្នើឲ្យ​អាជ្ញាធរ​ដែនដី​មាន​វិធានការ និង​ទប់ស្កាត់​ទីតាំង​ខារ៉ាអូខេ​មួយ​ចំនួន​ដែល​លួចលាក់​បើក​ដោយ​មិន​ស្ដាប់​ការណែនាំ​វិធាន​ការពារ​​ជំងឺ​កូវីដ​ ១៩ ក្នុង​អំឡុង​ពេល​ដែល​រដ្ឋាភិបាល​ហាមឃាត់​ក្នុង​ន័យ​បញ្ចៀស​ការរីករាលដាល​ជំងឺ​នេះ​។ ការអះអាង​យ៉ាង​ដូច្នេះ​បាន​ធ្វើឡើង​នៅក្នុង​អំឡុងពេល​លោក រដ្ឋមន្ត្រី ដឹកនាំ​ក្រុម​ការងារ​ចូលរួម​ក្នុង​ពិធី​ដាក់​ដំណើរការ​កម្មវិធី Smart Hospital e-Health Yoeung នៅក្នុង​មន្ទីរពេទ្យ​ព្រះអង្គឌួង​កាលពី​ថ្ងៃទី​ ២២ ខែមិថុនា​។

លោក ម៉ម ប៊ុនហេង បាន​ថ្លែងថា​៖ «​ខ្ញុំ​បាន​សរសេរ​សេចក្តី​ណែនាំ​ផ្ញើ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ហើយ ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​មាន​វិធានការ​លើ​រឿងនេះ​។ ព្រោះ​ខ្ញុំ​សង្កេត​ឃើញ​ឥឡូវ​មាន​កន្លែង​ខ្លះ ខ្ញុំ​ចេះតែ​តាមដាន​ទៅ​មើល​គឺ​មាន​កន្លែង​ខ្លះ​មាន​ការលួចលាក់​បើក ដោយ​បើក​មិន​ចំហ​។ អានេះ​ជា​បញ្ហា​ដែរ ពេល​បើក​លួចលាក់! ចាំ​គេ​ឲ្យ​បើក​សិន​ទៅ​»​។

លោក ម៉ម ប៊ុនហេង បន្ថែមថា​៖ «​យើង​ធ្វើ​យ៉ាងម៉េច​កុំ​ទាន់​ឲ្យ​បើក​ខារ៉ាអូខេ ព្រោះ​ខារ៉ាអូខេ​ជា​បន្ទប់​ជិត ហើយ​ស្រែក​ឮៗ​ជាមួយ​គ្នា ដល់​ពេល​អ្នកណា​មាន​ផ្ទុក​ជំងឺ​កូវីដ គឺ​មាន​ឆ្លង​នៅ​ពេញ​បន្ទប់​នេះ​ទាំងអស់​គ្នា​។ ចាំ​តិច ចាំ​ដល់​វា​ស្រាល​ទៅ ចាំ​យើង​ច្រៀង ចាំ​យើង​បើក​ខារ៉ាអូខេ​វិញ ព្រោះ​បើ​បើក​ឥឡូវ បើ​វា​ឈឺ​ទៅ វា​ស្លាប់​ទៅ វា​ខាន​ច្រៀង​ទៀត ពេល​អស់​កូវីដ​ទៅ​»​។

ចាប់​តាំងពី​ការរកឃើញ​ករណី​អ្នក​ឆ្លង​កូវីដ ១៩ ជា​លើកដំបូង​នៅ​កម្ពុជា កាលពី​ដើម​ខែ​មីនា ឆ្នាំ ២០២០ ​មក​ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឱ្យ​បិទ​បណ្តោះអាសន្ន​នូវ​អាជីវកម្ម និង​កន្លែង​សាធារណៈ​មួយចំនួន​ជា​បន្តបន្ទាប់ ដូចជា​សាលារៀន ខារ៉ាអូខេ ​រោងកុន កាស៊ីណូ ក្លិប និង​មជ្ឈមណ្ឌល​ហាត់ប្រាណ​។​ល​។ រហូត​ឈាន​ដល់​ការប្រកាស​បិទ​ប្រទេស​ក្នុង​រយៈពេល​ខ្លី​ផងដែរ ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​នេះ​។

ប៉ុន្តែ​ក្រោយ​ស្ថានភាព​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា​មាន​លក្ខណៈ​ល្អប្រសើរ​ឡើងវិញ រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ឲ្យ​ដំណើរការ​កន្លែង​សាធារណៈ​មួយ​ចំនួន ដូចជា សារមន្ទីរ​ជាតិ​ទូទាំង​ប្រទេស និង​ការដើរហើរ ប៉ុន្តែ​កន្លែង​កម្សាន្ត​ដូចជា ខារ៉ាអូខេ​នោះ​គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​នោះឡើយ​។

លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា អាជ្ញាធរ​ដែនដី​បាន​ដាក់​ចេញ​វិធានការ​យ៉ាង​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការលួចលាក់​បើក​ខារ៉ាអូខេ​ក្នុងអំឡុង​ពេលនេះ​។

លោក​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏​បាន​បន្ត​យកចិត្ត​ទុកដាក់ និង​បញ្ជា​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម ចុះ​តាមដាន​ជា​ប្រចាំ​ផងដែរ ខណៈ​លោក​បារម្ភ​ថា ប្រសិន​បើ​មាន​ករណី​ផ្ទុះឡើង​​ជាថ្មី នោះ​គឺជា​ការទទួល​ខុសត្រូវ​មួយផ្នែក​របស់​អាជ្ញាធរ​ដែនដី​។

លោក​បញ្ជាក់ថា​៖ «​យើង​តាមដាន​គ្រប់​សកម្មភាព​ទាំងអស់ ព្រោះ​ខ្លាច​មាន​ការលួចលាក់​ដូច​ការលើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​។ សម្រាប់​ជាទូទៅ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ មិនមាន​កន្លែង​ណា​ដែល​គាត់​លួច​បើក​នោះទេ​។ យើង​បាន​អនុវត្ត​តាម​ការចង្អុល​បង្ហាញ​របស់​ក្រសួង​»​។

ក្នុងពេល​បច្ចុប្បន្ន​កម្ពុជា​នៅ​​មាន​អ្នក​ផ្ទុក​ជំងឺ​កូវីដ​ ១៩ ចំនួន​ ៣ ​នាក់​ប៉ុណ្ណោះ​ ក្នុងចំណោម​​អ្នក​ឆ្លង​ចំនួន ១៣០ ​នាក់ នៅ​ទូទាំង​ប្រទេស ខណៈ​អ្នក​ផ្សេង​​បាន​ព្យាបាល​ជាសះស្បើយ​៕

វីដេអូ៖