ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានដាក់លិខិតជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីការកំណត់យកថ្ងៃឈប់សម្រាកសងសម្រាប់ពិធីបុណ្យចូលឆ្នាំរយៈពេល ៥ ថ្ងៃគឺនៅថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែសីហា ប៉ុន្តែខាងរោងចក្រ និងសហគ្រាសអាចកំណត់ឱ្យមានថ្ងៃឈប់សម្រាកខុសពីកាលបរិច្ឆេទនេះបាន។
លិខិតចុះថ្ងៃទី ១០ ខែកក្កដា របស់លោក អូន ព័ន្ធមុនីរ័ត្ន ដែលផ្ញើទៅកាន់លោក ហ៊ុន សែន បានបញ្ជាក់ថានៅក្នុងកិច្ចប្រជុំរវាងក្រុមរដ្ឋមន្ត្រីប្រហែល ១០ ក្រសួងជាមួយតំណាងវិស័យឯកជនជិត ១០ ស្ថាប័នមានដូចជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងតំណាងសហព័ន្ធទេសចរណ៍កម្ពុជាជាដើមគឺវិស័យឯកជនទាំងនេះបានស្នើសុំឱ្យមានការកំណត់ថ្ងៃឈប់សម្រាកនៅថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែសីហា ខាងមុខ។
លិខិតបន្តថា ការស្នើសុំនេះដោយសារខាងវិស័យឯកជនលើកមូលហេតុថា អាចផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់រោងចក្រ និងសហគ្រាស ជាពិសេសក្នុងវិស័យកាត់ដេរ និងស្បែកជើងឲ្យបញ្ចប់ចង្វាក់ផលិតកម្ម និងការនាំចេញទំនិញតាមការបញ្ជាទិញដែលមានស្រាប់ឱ្យបានមុនថ្ងៃទី ១២ ខែសីហា ដែលជាកាលបរិច្ឆេទចូលជាធរមាននៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ ភាគរយពីសហភាពអឺរ៉ុប។
បន្ថែមពីនេះគឺជាអំឡុងពេលឈប់សម្រាកមួយដែលមានគម្លាតសមរម្យក្នុងរយៈពេល ១ ខែពីពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែកញ្ញា ដែលនឹងអនុញ្ញាតឱ្យពលរដ្ឋចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកតាមរយៈការចំណាយ ២ ដងក្នុងអំឡុងពេលឈប់សម្រាកដាច់ពីគ្នា និងដើម្បីឱ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់អាចរៀបចំបើកដំណើរការអាជីវកម្មឡើងវិញរួមទាំងដើម្បីឱ្យកម្មករទទួលបានប្រាក់បៀវត្សរ៍មុនពេលឈប់សម្រាក។
លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់នៅក្នុងលិខិតទៀតថា ខាងវិស័យឯកជនក៏បានស្នើសុំអនុញ្ញាតឱ្យរោងចក្រ និងសហគ្រាសអាចកំណត់យកថ្ងៃឈប់សម្រាកផ្សេងពីកាលបរិច្ឆេទនេះតាមរយៈការចរចា និងយល់ព្រមពីសំណាក់កម្មករ។
លិខិតបន្តថា៖ «សូមគោរពស្នើសុំការសម្រេចជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រីលើចំណុចមួយចំនួនដូចជាស្នើកំណត់ថ្ងៃឈប់សម្រាកជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅថ្ងៃទី ១៧-២១ ខែសីហា ឆ្នាំ ២០២០។ ស្នើពន្យារពេលនៃការដាក់លិខិតប្រកាសពន្ធសម្រាប់ប្រចាំខែសីហា ឆ្នាំ ២០២០ ទៅក្រោយថ្ងៃឈប់សម្រាក»។
លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានស្នើសុំឱ្យក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយ អប់រំ និងណែនាំឱ្យប្រជាជនក៏ដូចជាម្ចាស់អាជីវកម្មឱ្យអនុវត្តដាច់ខាតតាមគោលការណ៍ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
លិខិតដដែលក៏បញ្ជាក់ដែរថា ចំពោះអ្នកដំណើរជនបរទេសដែលជាវិនិយោគិន ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ និងក្រុមគ្រួសារត្រូវបានកំណត់ឱ្យទិញការធានារ៉ាប់រងសម្រាប់រយៈពេលយ៉ាងតិច ២០ ថ្ងៃដែលមានតម្លៃប្រមាណ ៩០ ដុល្លារ ហើយនៅតែត្រូវដាក់តម្កល់ប្រាក់ ៣ ពាន់ដុល្លារដដែល៕