ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្ដីប្រកាសណែនាំដល់មន្ត្រីក្រោមបង្គាប់ទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺរលាកសួតដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ខណៈដែលក្រសួងសុខាភិបាលបានអះអាងថា អ្នកផ្ទុកវីរុសនៅខេត្តព្រះសីហនុ និងអ្នកពាក់ព័ន្ធដទៃទៀត ស្ថិតនៅក្រោមការគ្រប់គ្រងបាន។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើសេចក្ដីប្រកាសរបស់លោកដោយបានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងប្រទេសត្រូវអនុវត្តនូវវិធានការការពារខ្លួនបណ្ដោះអាសន្នតាមការណែនាំដោយក្រសួងសុខាភិបាល។
សេចក្តីណែនាំនោះបានបញ្ជាក់ថា៖ «គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ត្រូវណែនាំបន្តដល់បុគ្គលិកអប់រំ និងអ្នកសិក្សាឲ្យអនុវត្តវិធានការការពារខ្លួន»។
ដោយឡែកលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានធ្វើការណែនាំដល់និយោជក កម្មករនិយោជិត ដែលធ្វើដំណើរមកពីតំបន់ដែលមានការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី និងមានប្រវត្តិធ្វើដំណើរទៅតំបន់នោះត្រូវប្រញាប់ធ្វើការត្រួតពិនិត្យ និងតាមដានរយៈពេល ១៤ ថ្ងៃនៅតាមសេវាសុខាភិបាលដែលនៅជិតក្នុងករណីដែលមានរោគសញ្ញាមួយចំនួនដូចជា កម្តៅឡើងចាប់ពី ៣៨ អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ដកដង្ហើមខ្លី ឬពិបាកដកដង្ហើម។
សេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងការងារបានឲ្យដឹងថា៖ «ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់នឹងអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់»។
សេចក្តីណែនាំរបស់ក្រសួងទាំង ២ នេះបានណែនាំឲ្យអ្នកក្រោមបង្គាប់ និងប្រជាពលរដ្ឋគួរចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជំងឺផ្លូវដង្ហើមស្រួចស្រាល់ ការប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រវូហាន និងត្រូវលាងដៃឱ្យបានទៀងទាត់ បន្ទាប់ពីការប៉ះពាល់សត្វ ត្រូវបរិភោគអាហារឆ្អិនជាពិសេសសាច់ និងស៊ុត ហើយត្រូវស្ថិតនៅចម្ងាយជាង ១ ម៉ែត្រពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាល់។ បន្ថែមពីនេះគឺត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវអនាម័យស្អាត និងត្រូវណែនាំបន្តទៅអ្នកដទៃនូវវិធានការទាំងអស់នេះ។
កាលពីថ្ងៃចន្ទក្រសួងសុខាភិបាលបានប្រកាសទទួលស្គាល់ពីការរកឃើញជាលើកដំបូងទៅលើបុរសជនជាតិចិនម្នាក់ដែលមកពីទីក្រុងវូហានប្រទេសចិន ទើបមកស្នាក់នៅខេត្តព្រះសីហនុកាលពីថ្ងៃទី ២៣ ខែមករាមានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលបានបញ្ជាក់នៅលើទំព័រហ្វេសបុករបស់ខ្លួនកាលពីម្សិលមិញថា គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៨ មករា ឆ្នាំ ២០២០ ស្ថានភាពអ្នកជំងឺរលាកសួត បង្កឡើងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនៅខេត្តព្រះសីហនុមានសុខភាពល្អ និងគ្មានរោគសញ្ញាធ្ងន់ធ្ងរនោះទេ។
នាយកដ្ឋាននេះបានបន្តថា៖ «ក្រសួងបានរកឃើញអ្នកប៉ះពាល់ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺដែលរហូតដល់ពេលនេះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ។ មន្ត្រីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ ហើយគ្រូពេទ្យថែទាំអ្នកជំងឺ គ្មានចេញរោគសញ្ញាអ្វីទេ និងគ្រប់គ្រូពេទ្យបម្រើការនៅមន្ទីរពេទ្យក្រុងព្រះសីហនុកំពុងបម្រើការងារក្នុងមន្ទីរពេទ្យជាធម្មតា»។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ក៏បានអះអាងដែរថា នៅកម្ពុជាមិនទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីម្សិលមិញក៏បានចុះទៅដល់ខេត្តព្រះសីហនុផ្ទាល់ ដើម្បីធ្វើការណែនាំដល់មន្ត្រីសុខាភិបាលឲ្យយកចិត្តទុកដាក់ត្រៀមបង្ការគ្រប់ពេលវេលា ចំពោះបច្ចុប្បន្នភាពនៃជំងឺនេះនៅក្នុងខេត្តព្រះសីហនុផងដែរ។
លោកស្រីបានបន្តថា៖ «រដ្ឋមន្ត្រីចុះទៅខេត្តព្រះសីហនុនេះ ដើម្បីពិនិត្យការងារទប់ស្កាត់ ការចម្លងវីរុសកូរ៉ូណាថ្មី និងដើម្បីជួបផ្ទាល់ជាមួយអ្នកជំងឺជាជនជាតិចិនដែលយើងរកឃើញភាពវិជ្ជមាននៃវីរុស។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានជួបជាមួយអាជ្ញាធរដែនដីខាងផ្នែកពាក់ព័ន្ធក៏ដូចជាមន្ត្រីផ្នែកសុខាភិបាលខេត្ត ដើម្បីផ្តល់ការណែនាំបន្ថែមទៀត និងបង្កើនកិច្ចសហការរួមគ្នាក្នុងការទប់ស្កាត់ការចម្លង»។
លោកស្រីក៏បានបញ្ជាក់ដែរថា គ្រូពេទ្យបានដាក់បុរសជាជនជាតិចិននេះ នៅក្នុងបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯង ដោយមិនដាក់លាយជាមួយអ្នកជំងឺផ្សេងទៀតនោះទេ ហើយពេទ្យជំនាញក៏បន្តត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់៕