ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​ប្រកាស​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចំណីអាហារ​នៅតាម​សាលារៀន ដោយ​ស្នើ​ឲ្យ​សាលារៀន​នានា​ក្លាយជា​សាលា​កុមារ​មេត្រី​ដែល​មាន​សុវត្ថិភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​សម្រាប់​កុមារ​។

ពិធី​ប្រកាស​ស្ដីពី​យុទ្ធនាការ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចំណីអាហារ​នៅក្នុង​​សាលារៀន​នេះ​ធ្វើឡើង​នៅ​សាលា​បឋមសិក្សា​ព្រះនរោត្ដម​ក្នុង​រាជធានី​​ភ្នំពេញ​មុនពេល​យុទ្ធនាការ​នេះ​បន្ត​ទៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​។

លោក​បាន​ពន្យល់​ក្នុង​ពិធី​ប្រកាស​យុទ្ធនាការ​នេះ​ថា​៖ «[​សុវត្ថិភាព​] ផ្លូវកាយ​របៀប​ម៉េច​បាន​ន័យ​ថា ត្រូវមាន​អគារ​ដែលមាន​សុវត្ថិភាព​ចៀសវាង​នូវ​ការកើតឡើង​នូវ​ឧបទ្ទវហេតុ​ផ្សេងៗ​។ ហេតុដូច្នេះ​ហើយ​បាន​ជា​ក្រសួង​អប់រំ យុវជន និង​កីឡា​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​សុវត្ថិភាព​នៃ​បរិស្ថាន​សិក្សា​នេះ ហើយក៏​បាន​ស្នើសុំ​ឲ្យ​ខេត្ត​ទាំងអស់ មន្ទីរ​ទាំងអស់ ការិយាល័យ​អប់រំ​ស្រុក​ខណ្ឌ ជាពិសេស​នាយក​សាលារៀន​ត្រូវ​វាយតម្លៃ​ជាប្រចាំ​នូវ​ស្ថានភាព​អគារសិក្សា​ចៀសវាង​អគារសិក្សា​ដែល​ទ្រុឌទ្រោម​ដែល​អាចធ្វើឲ្យ​ប៉ះពាល់​ទៅដល់​សុវត្ថិភាព​ផ្លូវកាយ​របស់​សិស្ស​»​។

ចំពោះ​សុខភាព​ផ្លូវចិត្ត​វិញ លោក​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​ចៀសវាង​កុំ​ឲ្យ​មាន​បង​តូច​បងធំ ការគំរាមកំហែង​ផ្លូវចិត្ត​ដែល​អាច​ប៉ះពាល់​ទៅដល់​កុមារ និង​សុវត្ថិភាព​ចំណីអាហារ​។ ​

លោក​បន្តថា ការពិនិត្យ​មើល​លើ​បញ្ហា​ផ្លូវចិត្ត​ និង​ផ្លូវកាយ​គឺជា​តួនាទី​របស់​​នាយក​សាលា​។

លោក រស់ សុវិចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​បានបញ្ជាក់​កាលពី​ម្សិលមិញ​ថា គោលបំណង​ចម្បង​នៃ​យុទ្ធនាការ​នេះ គឺ​ផ្សព្វផ្សាយ​ឲ្យ​បាន​រឹតតែ​ទូលំទូលាយ​ជូន​គ្រប់ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ដូចជា គណៈកម្មការ​គ្រប់គ្រង​សាលារៀន ឬ​នាយក​សាលារៀន និង​អ្នកលក់​ចំណីអាហារ​នៅក្នុង​សាលារៀន​ទាំងអស់​ដើម្បី​ឲ្យ​ពួកគាត់​កាន់តែ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់ និង​ត្រួតពិនិត្យ​ឲ្យ​បាន​រឹតតែ​ហ្មត់ចត់​នូវ​រាល់​ចំណីអាហារ​ក្នុង​សាលារៀន​។

លោក​បញ្ជាក់ថា ដើម្បី​សុវត្ថិភាព និង​សុខុមាលភាព​របស់​សិស្សានុសិស្ស អាហារ​ ៦ ​ប្រភេទ​ត្រូវបាន​ហាមឃាត់​រួមមាន​អាហារ​ដែល​ហួសកំណត់​កាលបរិច្ឆេទ គ្រឿង​ស្រវឹង និង​ផលិតផល​ថ្នាំជក់ ចំណីអាហារ​ដែល​មិនមាន​ប្រភព​ច្បាស់លាស់ ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​មាន​រសជាតិ​ផ្អែម​ខ្លាំង កាហ្វេ ការ៉េម ទឹកស៊ីរ៉ូហ៍ ស្ករ​សូកូឡា ស្ករ​គ្រាប់ និង​ស្ករ​កៅស៊ូ ចាហួយ​គ្រប់​ប្រភេទ នំ​ដូណាត់ និង​នំ​ផ្អែម​ខ្លាំង​។

លោក​ថ្លែងថា​៖ «​លទ្ធផល​រំពឹងទុក​នៃ​យុទ្ធនាការ​នេះ​គឺ​ការបញ្ជ្រាប​លើកកម្ពស់​ចំណេះដឹង​ជូន​អ្នកលក់ដូរ​ដែល​ជា​គោលដៅ​សំខាន់​ឲ្យ​បាន​យល់ដឹង​រឹតតែ​ខ្ពស់​អំពី​ការរក្សា​ក្បួន​អនាម័យ​ក្នុង​ការលក់ដូរ និង​ការហាម​លក់ដូរ​ចំណីអាហារ​ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ដល់​សិស្ស ជាពិសេស​កុមារ​តូចៗ​»​។

លោក​បញ្ជាក់ថា យុទ្ធនាការ​នេះ​មាន​ការចូលរួម​ពី​ក្រុមហ៊ុន​មួយចំនួន ហើយ​ក្រសួង​នឹង​ចុះ​អប់រំ​ផ្សព្វផ្សាយ​នៅតាម​សាលារៀន​នានា​ក្នុងប្រទេស​កម្ពុជា ដោយ​ជំហាន​ដំបូង​នេះ​នឹង​ឆ្ពោះ​ទៅ​កាន់​សាលាបឋមសិក្សា ​នរោត្ដម​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​បន្តថា យុទ្ធនាការ​ដ៏ធំ​មួយ​នេះ​នឹង​បន្តទៅ​កាន់​សាលាបឋមសិក្សា​នៅតាម​បណ្ដា​ខេត្ត​ផ្សេងទៀត​ដូចជា​នៅ​សាលាបឋមសិក្សា​អង្គរ​បាន ខេត្ត​កំពង់ចាម សាលាបឋមសិក្សា​ផ្សារ ខេត្តកំពង់ឆ្នាំង សាលា​បឋមសិក្សា​ឃ្លាំង​លើ ក្រុងព្រះសីហនុ និង​សាលាបឋមសិក្សា​បាគូរ​តាម​កាលបរិច្ឆេទ​ខុសៗ​គ្នា​ក្នុង​ខែមករា​នេះ​។

ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ផ្នែក​សំណង់​សាលារៀន​លោក សុវិចា បាន​ថ្លែងថា ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​បន្ត​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​អគារសិក្សា​នៅ​សាលារៀន​ចំនួន ៣៩ ដោយ​ប្រើ​ថវិកា​សរុប ៧២០០ ​លាន​រៀល​នៅ​តាម​រាជធានី ​និង​ខេត្ត​ចំនួន​ ១៩ នៅ​ទូទាំង​ប្រទេស​។ លោក​ថា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​សាលារៀន​សាធារណៈ​សរុប ១៣ ០០០ ​សាលា​។

លោក​បាន​ថ្លែងថា​៖ «​ក្រសួង​អប់រំ​ទទួល​បាន​ថវិកា​ប្រមាណ​ ១៨០០០ ​លាន​រៀល​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ធ្វើការ​ជួសជុល និង​សាងសង់​ក្នុង​ ១ ​ឆ្នាំៗ​។ [​ចំនួន​នេះ​] មិន​គិតពី​ថវិកា​សាងសង់​ដែលជា​អំណោយ​ដ៏ថ្លៃថ្លា​របស់​សម្តេច​តេជោ និង មិន​គិតពី​ថវិកា​ដៃគូ​អភិវឌ្ឍន៍​ទេ​»​។

លោកស្រី Natascha Paddison អនុប្រធាន​អង្គការ UNICEF ប្រចាំ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​តាមរយៈ​អ៊ីមែល​កាលពី​ម្សិលមិញ​ថា អង្គការ​យូនីសេហ្វ​កោតសរសើរ​ដល់​យុទ្ធនាការ​របស់​ក្រសួង​អប់រំ​ក្នុងការ​លើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ​នៅតាម​សាលា និង​ការហាម​មិន​ឲ្យ​លក់​អាហារ​ប៉ះពាល់​សុខភាព​ដល់​សិស្សសាលា​។

លោកស្រី​បន្តថា អាហារ​មាន​សារធាតុចិញ្ចឹម​មាន​សារៈសំខាន់​សម្រាប់​ការរស់​រាន​មានជីវិត​របស់​កុមារ សុខភាព និង​បរិស្ថាន​។ កុមារ​ដែលមាន​អាហារូបត្ថម្ភ​ល្អ​មាន​សុខភាព​ល្អ ហើយ​មាន​សមត្ថភាព​លូតលាល់ រៀនសូត្រ និង​ចូលរួម​ក្នុង​សហគមន៍​របស់​ពួកគេ​។

លោកស្រី​ថ្លែងថា​៖ «​ដើម្បី​ធ្វើឲ្យ​មាន​បរិស្ថាន​ចំណីអាហារ​មាន​សុខភាព​សម្រាប់​កុមារ យើង​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ប្រមែប្រមូល​ប្រព័ន្ធ​គាំទ្រ​នានា ដូចជា សុខភាព ទឹក អនាម័យ ការអប់រំ និង​ការការពារ​សង្គម ដើម្បី​ពង្រីក​ដល់​លទ្ធផល​នៃ​អាហារូបត្ថម្ភ​សម្រាប់​ក្មេងៗ​»​។

លោកស្រី Natascha Paddison បាន​ថ្លែងថា នៅ​ឆ្នាំ​ ២០២០ នេះ អង្គការយូនីសេហ្វ និង​ក្រសួង​អប់រំ​នឹង​ធ្វើការ​ជាមួយគ្នា​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើងដល់​កម្មវិធី​អាហារូបត្ថម្ភ​សម្រាប់​សិស្សសាលា ដោយ​ពង្រឹង​ទំនាក់ទំនង​រវាង​មណ្ឌល​សុខភាព និង​សាលា​នៅតាម​សហគមន៍ និង​លើកកម្ពស់​ការបរិភោគ​ប្រកប​ដោយ​សុខភាព និង​មាន​អាហារូបត្ថម្ភ​សម្រាប់​សិស្ស​​សាលា និង​ក្មេង​តូចៗ​៕