ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​សម្រេច​ផ្អាក​ដំណើរការ​គ្រឹះស្ថាន​សិក្សា​ឯកជន​ជា​បណ្ដោះអាសន្ន​រយៈពេល​ ២ ​សប្ដាហ៍​ និង​បញ្ចប់​ឆ្នាំ​សិក្សា​ ២០១៩-២០២០ សម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ទាំងអស់​ដើម្បី​​ចៀសវាង​ការឆ្លង​ជំងឺ​កូវីដ​១៩​។ ​ប៉ុន្ដែ​ការប្រឡង​បាក់ឌុប​នៅ​ថ្ងៃ​ទី ២១ ​ខែ​ធ្នូ ​ឆ្នាំ​ ២០២០ នៅ​រក្សា​ទុក​ដដែល​។

ការណែនាំ​របស់​លោករដ្ឋមន្រ្តី​ក្រសួង​អប់រំ​បាន​ធ្វើ​ឡើង​ បន្ទាប់ពី​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ចេញ​សារ​សំឡេង​កាលពី​ថ្ងៃទី​ ២៩-៣០ ​ខែ​វិច្ឆិកា​ ដោយ​បាន​ផ្តល់​សិទ្ធិ​ឱ្យ​រដ្ឋមន្ត្រី​ និង​អភិបាល​រាជធានី-ខេត្ត បិទ​ផ្នែក​ខ្លះ​នៃ​ក្រសួង​ សាលារៀន អាហារដ្ឋាន​ ឬ​ទីតាំង​ដែល​ពាក់ព័ន្ធ​នឹង​​ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​​កូវីដ-​១៩ ​ដោយ​មិន​ចាំបាច់​ជូន​ដំណឹង​ដល់​លោក​ជា​មុន​ឡើយ​​។

លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា​ ក្រសួង​អប់រំ​បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​អប់រំ​ រាជធានី-ខេត្ដ​ និង​គណៈគ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ទាំងអស់​បញ្ចប់​​ឆ្នាំ​សិក្សា​ ២០១៩-២០២០ ​នៅ​ថ្ងៃទី​ ៣០ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២០។ ​សម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ បន្ទាប់ពី​បាន​វាយ​តម្លៃ​បឋម​រួច​មក​ និង​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ ២០២០-២០២១ នៅ​ថ្ងៃទី​ ១១ ​ខែ​មករា​ ឆ្នាំ​ ២០២១​»។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​លោក​រដ្ឋមន្រ្ដី​ចំពោះ​ការផ្អាក​ដំណើរការ​គ្រឹះស្ថាន​សិក្សា​ឯកជន​ជា​បណ្ដោះ​អាសន្ន​រយៈពេល​ ២ ​សប្ដាហ៍​គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​ ២៩ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២០។ ប៉ុន្ដែ​ត្រូវ​បន្ត​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក។

លោក​នាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ចេញ​បទបញ្ជា​តាមរយៈ​សារសំឡេង​បន្ថែម​ទៀត​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ​ អភិបាល​ខេត្ត​សៀមរាប និង​ក្រសួង​អប់រំ​ដាក់​ចេញ​វិធានការ​បន្ថែម​ទាក់ទង​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា​គឺ​ផ្អាក​រាល់​ការជួបជុំដែល​មាន​មនុស្ស​ច្រើន​​មាន​ពិធី​អាពាហ៍ពិពាហ៍​ ការជួបប្រជុំ​ជាដើម​រយៈពេល ១៥ ​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​ ៣០ ខែ​វិច្ឆិកា​ក្នុង​ខេត្ដ​ទាំង​ ២ នេះ​។

លោក​នាយករដ្ឋមន្រ្ដី​ថ្លែង​ថា​៖ «​ក្រសួង​អប់រំ ​ត្រូវ​ធ្វើ​សកម្មភាព​បន្ទាន់​ថ្ងៃ​នេះ​ (​ថ្ងៃ​ទី​ ៣០ ​ខែ​វិច្ឆិកា) ​ទាក់ទិន​ជាមួយ​នឹង​ការបិទ​សាលារៀន បិទ​បវេសនកាល​។ ​ហើយ​ការរៀន​បន្ត​ក៏​គួរ​ផ្អាក​សិន​សម្រាប់​សិស្ស​ថ្នាក់​ទី​ ១២ ​ដែល​ត្រៀម​ប្រឡង​»។

លោក​នាយក​រដ្ឋមន្រ្ដី​បញ្ជាក់​ថា ​ក្រសួង​អប់រំ​ត្រូវ​ណែនាំ​ទៅ​មន្ទីរ​អប់រំ​ និង​ផ្នែក​ពាក់ព័ន្ធ​ក្នុង​វិស័យ​អប់រំ​នៅ​ខេត្ដ​សៀមរាប​ និង​ភ្នំពេញ​ទាំង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក៏​ដូច​គ្នា​ដែរ​ក៏ត្រូវ​បិទ​ផ្អាក​ក្នុង​រយៈពេល​​ ១៥ ​ថ្ងៃ​ ដូច្នេះ​ត្រូវ​​អនុវត្ដ​ជា​បន្ទាន់​។

លោក ហង់ជួន ណារ៉ុន កាលពី​ម្សិលមិញ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ ១ ​ទៀត​ស្ដីពី​ការផ្អាក​សកម្មភាព​ជួបជុំ​រយៈពេល​ ១៥ ​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ ​និង​ខេត្ដ​សៀមរាប ​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូវីដ​១៩ និង​ការ​រីករាលដាល​ក្នុង​សហគមន៍​។

សេចក្ដី​ជូន​ដំណឹង​នេះ​បាន​ដាក់​ចេញ​នូវ​វិធានការ​ផ្អាក​រាល់​សកម្មភាព​ជួបជុំ​ សិក្ខាសាលា ​និង​កិច្ចប្រជុំ​ដែល​មាន​អ្នកចូលរួម​លើស​ពី​​ ២០ ​នាក់​។ ផ្អាក​ការរៀន​សូត្រ​របស់​សិស្ស​ថ្នាក់​ទី​ ១២ ​និង​ការបំប៉ន​ត្រៀម​ប្រឡង​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​គ្រឹះស្ថាន​សិក្សា​ ឬ​លក្ខណៈ​ប្រមូល​ផ្ដុំ​ការផ្អាក​នេះ​គឺ​គិត​ចាប់ពី​ពេល​ជូន​ដំណឹង​កាលពី​ថ្ងៃ​ម្សិលមិញ។

ចំណែក​សិស្ស​ថ្នាក់​ទី​ ១២ ​ត្រូវ​បន្ត​ធ្វើ​ស្វ័យសិក្សា​ និង​រៀន​តាម​អនឡាញ ​ហើយ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃទី​ ២១ ខែ​ធ្នូ​ ឆ្នាំ​​ ២០២០ ​គឺ​នៅ​រក្សាទុក​ដដែល​។

លោក​រដ្ឋមន្ដ្រី​អប់រំ​ក៏​បាន​ដាក់​វិធានការ​ឱ្យ​ផ្អាក​ដំណើរការ​គ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈ និង​ឯកជន​ជា​បណ្តោះអាសន្ន និង​ផ្អាក​រាល់​ការហាត់ប្រាណ ​និង​លេង​កីឡា​ដែល​មាន​លក្ខណៈ​ប្រមូលផ្ដុំ​រយៈពេល ១៥ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ម្សិលមិញ​ផង​ដែរ​។

ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាលពី​ម្សិលមិញ​ក៏បាន​ជូន​ដំណឹង​ស្ដីពី​ការផ្អាក​ដំណើរការ​បណ្តុះបណ្តាល​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ទាំងអស់​រយៈពេល ១៥ ​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​ ១ ​ដល់​ថ្ងៃទី​ ១៥ ​ខែ​ធ្នូ​ ឆ្នាំ​នេះ​ជា​បណ្តោះ​អាសន្ន​ផង​ដែរ​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍​។ ប៉ុន្ដែ​គ្រប់​គ្រឹះស្ថាន​អាច​បន្ត​ដំណើរការ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​បណ្តុះបណ្តាល​ពី​ចម្ងាយ (ONLINE)​។

សាលារៀន​អន្តរទ្វីប អាមេរិកាំង​នៅ​ថ្ងៃ​ទី​ ៣០ ខែ​វិច្ឆិកា ឆ្នាំ​ ២០២០ បាន​ជូន​ដំណឹង​ស្ដីពី​ការផ្អាក​ការសិក្សា​ក្នុង​ថ្នាក់​បណ្ដោះអាសន្ន​នេះ​ដល់​​​គ្រប់​សាខា​នៃ​សាលា​របស់​ខ្លួន​ ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូវីដ-១៩។ សាលារៀន​ឱ្យ​ប្អូន​ៗ​សិស្សា​នុសិស្ស​គ្រប់​កម្រិត​ថ្នាក់​ទាំងអស់​ផ្លាស់ប្ដូរ​ការសិក្សា​ក្នុង​ថ្នាក់​រៀន​ផ្ទាល់​មក​សិក្សា​ពី​ចម្ងាយ​ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​តាមរយៈ​កម្មវិធី​ Google Classroom, Zoom, Telegram, Messenger, Google Meet និង​កម្មវិធី​អនឡាញ​ផ្សេង​ទៀត​តាម​កាលវិភាគ​ និង​វេនសិក្សា​របស់​សិស្ស​ចាប់ពី​ថ្ងៃ​ទី​ ៣០ ខែ​វិច្ឆិកា​ ឆ្នាំ​នេះ​រហូត​ដល់​មាន​ការប្រកាស​ជា​ថ្មី​របស់​ក្រសួង​អប់រំ​។

ដោយឡែក​ទាក់ទង​នឹង​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋមភូមិ​ចាប់ពី​ថ្ងៃ​ ៣០ ខែ​វិច្ឆិកា​រហូត​ដល់​ថ្ងៃទី​ ១ ​ខែ​ធ្នូ​នេះ​​ លោក រស់ សុវាចា ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​បាន​បញ្ជាក់​ពី​ម្សិលមិញ​ថា ដំណើរការ​កំពុង​ប្រព្រឹត្ត​​ទៅ​ដោយ​រលូន​តាម​ការគ្រោង​ទុក​តាម​គ្រឹះស្ថាន​សិក្សា​នៅ​ទូទាំង​ ២៥ ខេត្ត-រាជធានី​។

អ្នកនាំពាក្យ​រូប​នេះ​បាន​ថ្លែង​ឱ្យ​ដឹង​ទៀត​ថា​៖ «​ជារួម​ ក្រសួង​អប់រំ​យល់​ឃើញ​ថា​ គណៈគ្រប់គ្រង​គ្រឹះស្ថាន​សិក្សា បេក្ខជន​ប្រឡង​ និង​គ្រប់ភាគី​ពាក់ព័ន្ធ​បាន​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​ខ្ជាប់ខ្ជួន​។ ​មេប្រយោគ​កំពុង​បំពេញ​ការងារ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​។ ​គ្មាន​ហេតុការណ៍ ​ឬ​ប្រធាន​ស័កិ្ត​អ្វី​កើតឡើង​គួរ​ឱ្យ​កត់​សម្គាល់​ទេ​»​៕