ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បានចេញ​លិខិត​ជូន​ដល់​អភិបាល​រាជធានី-ខេត្ត​ទាំងអស់​ឲ្យ​បន្ត​ពង្រឹង​ការអនុវត្ត​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ផែនការ​ស្នើសុំ​កុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​មាន​ការយោគយល់ និង​ឃុបឃិត​ក្នុង​ការចេញ​បណ្ណ​។

ក្នុង​លិខិត​ផ្ញើ​ជូនទៅ​អភិបាល​រាជធានី ខេត្ត កាលពី​ថ្ងៃទី​ ២៨ ធ្នូ លោក ស ខេង បញ្ជាក់ថា គិត​ចាប់ពី​ថ្ងៃទី​ ២៤ មិថុនា ឆ្នាំ​ ២០២០ ​មក​ដល់​ខែធ្នូ​នេះ គ្រួសារ​ក្រីក្រ​ជាង​ ៧០ ​ម៉ឺន​គ្រួសារ និង​គិត​ជា​ប្រជាជនមាន​ជាង​ ២,៨ ​លាន​នាក់​កំពុង​តែ​បើកប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​។ ការឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​ដល់​គ្រួសារ​ក្រីក្រ​ទទួល​បាន​ការគាំទ្រ និង​កោតសរសើរ​យ៉ាង​ធំធេង​ពី​គ្រប់​មជ្ឈដ្ឋាន​។ ខណៈ​ពេលដែល​រដ្ឋាភិបាល​បន្ត​បើកប្រាក់​ឧបត្ថម្ភ​នេះ​ដល់​គ្រួសារ​ក្រីក្រ​ក្នុង​ជុំទី​ ៤ ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ ២០២១ លោក​ស្នើ​ឲ្យ​អាជ្ញាធរខេត្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព និង​សមធម៌​។

លិខិត​លោក ស ខេង សរសេរ​ថា​៖ «[​អភិបាល​រាជធានី-ខេត្ត​] ត្រូវ​ធ្វើ​ការណែនាំ​ឲ្យ​បាន​ម៉ឺងម៉ាត់​ដល់​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​មេភូមិ មេឃុំ និង​ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវ​ពង្រឹង​ការបំពេញ​ការងារ​កំណត់​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ច្បាស់លាស់ និង​ខ្ជាប់ខ្ជួន​បំផុត​»​។ «[​អាជ្ញាធរ​មូលដ្ឋាន​] ​ត្រូវ​ចៀសវាង​ឲ្យ​ខាង​តែ​បាន​នូវ​ការយោគយល់ និង​ឃុបឃិត​គ្នា​ដើម្បី​ដាក់បញ្ចូល​ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ឬ​អ្នក​ស្គាល់គ្នា​ដែល​មិនមែន​ជា​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិតប្រាកដ​ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​នេះ មុន​ដំណាច់ឆ្នាំ​ ២០២០ ​នេះ​។

រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​តាមដាន ត្រួតពិនិត្យ​ និង​ជំរុញ​ដល់​រដ្ឋបាល​ឃុំ សង្កាត់ ក្នុងការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ប្រកប​ដោយ​តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធភាព​។ រដ្ឋបាល​រាជធានី-ខេត្ត​ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រីឃុំ សង្កាត់ ណា​ដែល​បាន​អនុវត្ត​មិន​ប្រក្រតី​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​។

ការណែនាំ​របស់​លោក ស ខេង ធ្វើ​ឡើង​តាម​សំណើ​ពី​លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនការ​ដែល​បាន​សរសេរ​លិខិត​មួយ​ទៅ​លោក ស ខេង កាលពី​ថ្ងៃទី​ ២១ ធ្នូ ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផ្ដល់​ការណែនាំ​ជាថ្មី​ដល់​អភិបាល​រាជធានី​ខេត្ត​ឲ្យ​ណែនាំ​បន្តទៅ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ឲ្យ​បាន​ត្រឹមត្រូវ​។

យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គិត​ចាប់ពី​ខែមិថុនា ដល់​ដំណាច់ខែ​វិច្ឆិកា ពលរដ្ឋ​ក្រីក្រ​ចំនួន ៧០៤ ១៣៥ ​គ្រួសារ​ បាន​ទទួល​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ ១៧៥ ​លាន​ដុល្លារ​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា រដ្ឋបាល​ខេត្ត​លោក​ទទួល​សេចក្ដីណែនាំ​នេះហើយ ព្រមទាំង​បាន​បញ្ជូន​ទៅ​អាជ្ញាធរ​ថ្នាក់ក្រោម​រួចហើយ តាមរយៈ​បណ្ដាញ​រដ្ឋបាល​អេឡិចត្រូនិក​។

លោក​ថ្លែងថា​៖ «​យើង​នឹង​តាមដាន​ឲ្យ​មានការ​ត្រួតពិនិត្យ​ទៅលើ​ការធ្វើ​អត្តសញ្ញាណកម្ម​របស់​មេភូមិ មេឃុំ ក្រែងលោ​គាត់​មានការ​គៃបន្លំ​ប្រាក់​ដែល​យើង​ត្រូវ​ឧបត្ថម្ភ​ដល់​ជនក្រីក្រ​។ និយាយ​ដូច្នេះ​មិនមែន​មានន័យថា បងប្អូន​មេភូមិ មេឃុំ គ្មាន​សិទ្ធិ​ក្រ​ទេ កុំ​ឲ្យ​តែ​គាត់​បន្លំ បាន​ន័យ​ថា គាត់​មាន​ហើយ​តែ​ឆ្លៀតឱកាស​នោះ​ដាក់​បងប្អូន​កូនក្មួយ​ដើម្បី​គៃបន្លំ កេងប្រវ័ញ្ច​ពី​លុយ​របស់​រាជរដ្ឋាភិបាល​ដែល​ឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ និង​ងាយ​រងគ្រោះ​»​។

លោក​អះអាងថា ចាប់ពី​មាន​កម្មវិធី​ផ្ដល់​សាច់ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​កូវីដ​ ១៩ មិនមាន​ករណី​ចុះឈ្មោះ​សាច់ញាតិ​មិត្តភក្តិ​របស់​មេភូមិ​មេឃុំ​ទេ នៅក្នុង​ខេត្តកំពង់ស្ពឺ ប៉ុន្តែ​មាន​ករណី​ផ្ទុយ​ពីនេះ​។

លោក​ថ្លែងថា​៖ «​នៅ​ឃុំ​មួយ​នៅ​ស្រុក​សំរោង​ទង ដែល​បងប្អូន​តែង​យល់ច្រឡំ​។ ពីមុន​គាត់​ជា​អ្នកមាន ប៉ុន្តែ​ក្រោយមក​គាត់​គ្រោះថ្នាក់​ចរាចរណ៍​ប្ដី​គាត់​ស្លាប់​បាត់ទៅ គាត់​ក្លាយជា​អ្នកក្រ ហើយ​បងប្អូន​យើង​ចេះតែ​និយាយថា គាត់​នោះ​មាន​ខ្នង​ជា​បងប្អូន​គាត់​។ ប៉ុន្តែ​ក្រោយ​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ​ទើប​ដឹងថា គាត់​បាន​ក្លាយ​ជា​អ្នកក្រ​»​។

លោក ស្រី ដា អ្នកនាំពាក្យ​ក្រសួង​ផែនការ​បាន​ថ្លែងប្រាប់​កាលពី​ថ្ងៃទី​ ២៨ ធ្នូ​ថា គិត​ចាប់ពី​ខែមិថុនា​ដល់​បច្ចុប្បន្ន​មាន​ការដកហូត​បណ្ណ​ក្រីក្រ​មកវិញ​ចំនួន​ ១៤ ៤០០ ​ករណី​ ដោយសារ​តែ​អ្នក​ដែល​ធ្លាប់​ទទួល​បាន​បណ្ណ​នេះ​មាន​ជីវភាព​ប្រសើរ​ជាង​មុន​ផុតពី​លក្ខខណ្ឌ​កំណត់ ហើយ​ចំនួន​នេះ​ក៏​គិត​បញ្ចូល​ទាំង​ការចេញ​បណ្ណ​មាន​ភាពមិន​ប្រក្រតី​សម្រាប់ សាច់ញាតិ​របស់​អាជ្ញាធរ​ដែល​មាន​ជីវភាព​ប្រសើរ​។

លោក ស្រី ដា ថ្លែងថា ករណី​រកឃើញ​ថា​បុគ្គល​ដែលមាន​សមត្ថកិច្ច​ជា​អ្នក​កេង​បន្លំ​ត្រូវ​សង​ថវិកា​ចូល​រដ្ឋ​វិញ ឯ​ករណី​ប្រជាពលរដ្ឋ​វិញ មិន​តម្រូវ​ឲ្យ​សង​ត្រឡប់​ទេ គ្រាន់តែ​ដក​បណ្ណ​ក្រីក្រ​មក​វិញ​៕