
ទូកុងតឺន័រដាក់ពេញទៅដោយឈើ។ រូបថត Hong Kong Customs
ភ្នំពេញៈ រដ្ឋមន្ត្រីកសិកម្មបដិសេធចំពោះការផ្សាយអំពីសមត្ថកិច្ចគយហុងកុង រឹបអូសឈើប្រមាណ ២១១ តោន ដែលជាឈើជិតផុតពូជ និងមានតម្លៃជាទឹកប្រាក់ចំនួន ១,១ លានដុល្លារហុងកុង ដែលត្រូវបានដឹកចេញពីកម្ពុជានៅចន្លោះថ្ងៃទី ២៩ មេសា និងថ្ងៃទី ៥ ឧសភា ឆ្នាំ ២០២១ ដែលជាចំនួនច្រើនបំផុត ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។ ក្រសួងក៏កំពុងស្រាវជ្រាវករណីនេះផងដែរ។
រដ្ឋមន្ត្រីក្រសួងរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែឧសភា នេះ ដោយបានបដិសេធចំពោះករណីខាងលើ។ លោកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីលោកបានឡើងកាន់តំណែងជារដ្ឋមន្ត្រីមិនដែលមានការអនុញ្ញាតឱ្យមានការនាំឈើចេញពីកម្ពុជា ទៅលក់នៅក្រៅប្រទេសនោះទេ។
លោក វេង សាខុន អះអាងថា ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ប្រកាសផ្អាកការនាំឈើធម្មជាតិចេញទៅកាន់ទីផ្សារអន្តរជាតិ ឬទៅកាន់ពិភពលោក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទោះជាយ៉ាងណា ក្រសួងកំពុងស្វះស្វែងរកការពិតចំពោះករណីនេះ។
បើតាមលោក វេង សាខុន កាលពីថ្ងៃទី ១២ ខែឧសភា លោកបានចាត់ឱ្យមន្ត្រីនៃរដ្ឋបាលព្រៃឈើធ្វើការស្រាវជ្រាវពីបញ្ហានេះ ថា តើឈើទាំងនេះត្រូវបានដឹកចេញពីចំណុចណា និងឆ្លងកាត់តាមរយៈណា បានជាឈើទាំងនេះចេញទៅដល់កោះហុងកុង។
លោករដ្ឋមន្ត្រី ថ្លែងថា៖ «អ៊ីចឹង យើងកំពុងតែធ្វើការស្រាវជ្រាវពីបញ្ហានេះ ប៉ុន្តែលទ្ធផលយ៉ាងណានោះ ខ្ញុំនឹងជម្រាបជូននៅពេលក្រោយ»។
ទោះជាយ៉ាងណា លោក វេង សាខុន មិនបានបញ្ជាក់ពីការកំណត់ពេលវេលានៃការស្រាវជ្រាវករណីនេះនឹងបញ្ចប់នោះទេ ដោយអាស្រ័យលើស្ថានភាពជាក់ស្តែង និងការសហការរវាងភាគីពាក់ព័ន្ធទាំងអស់ ហើយបើគេមិនសហការ ក៏មិនអាចដំណើរការស្រាវជ្រាវទៅមុខបានដែរ។
សារព័ត៌មានហុងកុង Dimsum Daily កាលពីថ្ងៃទី ៥ ខែឧសភាបានចុះផ្សាយថា គយហុងកុងបានរឹបអូសប្រភេទឈើជិតផុតពូជចំនួន ២១១ តោន ស្មើនឹងតម្លៃ ១,១ លានដុល្លារហុងកុងពីកុងតឺន័រចំនួន ៧ នៅកំពង់ផែត្រួតពិនិត្យទំនិញគយ Kwai Chung និង កំពង់ផែត្រួតពិនិត្យទំនិញគយ Tsing Yi ចន្លោះថ្ងៃទី ២៩ ខែមេសា និង ថ្ងៃទី ៥ ឧសភា។
បើតាមសារព័ត៌មានដដែលនេះគឺជាការរឹបអូសក្នុងទំហំធំបំផុត ដែលត្រូវបានធ្វើឡើង ដោយគយហុងកុងក្នុងរយៈពេល ៥ ឆ្នាំមកនេះ។
តាមរយៈការវាយតម្លៃពីមន្ត្រីគយហុងកុង គឺកុងតឺន័រទាំង ៧ ត្រូវបានដឹកចេញពីប្រទេសកម្ពុជា មកដល់ហុងកុងក្នុងចន្លោះពេលខាងលើ ពិនិត្យឃើញថា មានឈើជាច្រើននៅក្នុងកុងតឺន័រទាំងនេះ៕