ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញា​រីទ្ធ បាន​ជំរុញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​វិទ្យុ​និង​កាសែត​មួយចំនួនត្រូវ​កែតម្រូវ​អត្ថ​បទ​របស់​ខ្លួនឡើង​វិញ ប្រសិន​បើ​មាន​ការជំ​ទាស់​ចំពោះ​ការ​ចុះ​ផ្សាយ​ទាំងនោះថា ខុសពី​ការ​ពិត ​ជា​អ្វីដែ​ល​លោ​កថា​ដើម្បី​បញ្ចៀស​ពី​កា​រ​ប្ដឹង​ផ្ដល់​គ្នា​ទៅ​តាម​ផ្លូវ​ច្បាប់។

ថ្លែង​នៅ​ក្នុង​ពិធី​បូក​សរុប​ការ​ងារ​របស់​ក្រសួង​ព័ត៌​មាន​ប្រចាំ​ឆ្នាំ​ ២០១៨ នៅ​ថ្ងៃ ២២ កុម្ភៈ លោក ខៀវ កាញារីទ្ធ បាន​លើក​ឡើង​ថា កន្លង​មក​ធ្លាប់​មាន​ការ​ស្នើ​សុំ​ឲ្យ​ស្ថា​នីយ​វិទ្យុ​ និង​កាសែត​ខ្លះ​កែតម្រូវ​នូវ​អ្វីដែល​ចុះផ្សាយ​ខុសពី​ការពិត​និង​នាំឲ្យ​ប៉ះពាល់​កិត្តិ​យស​បុគ្គល ប៉ុន្តែ​ស្ថា​ប័ន​ព័ត៌​មាន​ទាំង​នោះ​បាន​បដិ​សេធ​មិន​កែ​ប្រែ​ឡើយ។

ថ្វី​ដ្បិត​មិន​បញ្ជាក់​ឈ្មោះ​ស្ថា​ប័ន​ព័ត៌មាន​ដែល​ធ្លាប់​ចុះ​ផ្សាយ​ខុស​មិន​កែ​ត​ម្រូ​វក្ដី ប៉ុន្តែ​លោក ខៀវ កាញារីទ្ធ បន្ត​ថា ក្រសួង​មិន​ចង់ឲ្យមាន​ការប្ដឹង​ផ្ដល់​អ្នក​កាសែត​ជុំវិញ​ករណីនេះ​ទេ​ ខណៈ​ក្រសួង​ក៏​ធ្លាប់​ទទួល​បាន​មតិ​ខ្លះស្នើ​ឲ្យធ្វើ​វិសោ​ធនកម្ម​ច្បាប់​ស្ដីពី​របប​សារព័​ត៌មាន​ ដើម្បី​ដាក់​បន្ថែម​អំពី​កាតព្វ​កិច្ច​​កែតម្រូវ​សម្រាប់​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ខុស​ពី​ការ​ពិត។

លោក​ថា៖ «អ៊ីចឹង​បាន​កន្លង​មក មាន​ការ​លើក​យោ​បល់​ថា ក្រសួង​គួរតែ​វិសោធន​កម្ម​ច្បាប់​ស្ដី​របប​សារ​​ព័ត៌មាន​ ដែល​យើង​បាន​អនុម័ត​តាំងពី​ឆ្នាំ​ ១៩៩៥ ដោយ​ដាក់​បន្ថែម​អំពី​កាតព្វកិច្ច​កែតម្រូវ​រប​ស់​អ្នក​សារព័​ត៌មាន នៅ​ពេល​ណា​ដែល​មានការ​សុំឲ្យ​កែតម្រូវ​ដោយ​មាន​ភ័ស្ដុ​តាង​ត្រឹម​ត្រូវ​គ្រប់​គ្រាន់​»​។

ជា​មួយ​គ្នានេះ លោក ខៀវ កាញារីទ្ធ ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​ក្រសួង​ព័​ត៌​មានទាំង​អស់​ត្រូវ​មាន​ភាព​រហ័ស​​រហួន​ក្នុង​ឆ្លើយ​តប​ឲ្យ​បាន​ឆាប់​ជុំវិញ​កា​រផ្សព្វ​ផ្សាយ​ព័ត៌​មាន​បំពុល​ដែល​ជា​ដំណឹង​ខុស​ពី​ការ​ពិត។

លោក​ថា៖ ​«ប្រសិន​បើ​មន្ត្រី​ក្រសួង​ព័ត៌មាន​មួយៗ​ នៅពេល​មាន​ដំណឹង​បំពុល​កើត​ឡើង​ គាត់​បំភ្លឺ​ភ្លាម​គឺ​ចប់​ហើយ។ ក្រសួង​ព័ត៌មាន​អត់​មានគោលជំហរ​ក្នុង​បញ្ហា​ប្ដឹង​អី​ទេ ប៉ុន្តែ​ជា​បុគ្គល​ឬ​អង្គភាព​ណា​គេ​គិតថា​ ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​កេរ្តិ៍ឈ្មោះ​គេ ប៉ះពាល់​ដល់​ការរកស៊ី​របស់​ពួកគេ អាហ្នឹង​គាត់​អាច​ប្ដឹង​បាន ប៉ុន្តែ​គោលការណ៍​ក្រសួង​សំខាន់ យើង​តប​ដំ​ណឹង​ក្លែង​បន្លំ​ និង​បំពុល​នេះ អា​ស្រ័យ​ដោយ​ការ​ឆ្លើ​យ​តប​ឲ្យទាន់​ពេល​វេលា»។

របាយ​ការណ៍​ប្រចាំឆ្នាំ​ ២០១៨ របស់​ក្រសួង​ព័ត៌​មាន​បាន​ចុះ​ផ្សាយ​ថា​ បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​អង្គភាព​​ព័ត៌មាន​ជាង​ ១ ៦០០ ​អង្គ​ភាព ក្នុង​នោះ​មាន​កាសែត ​៤៣៩ ​ស្ថាប័ន ទស្ស​នាវដ្ដី​ ១៩៤​ ស្ថាប័ន​និង​ស្ថានីយ​វិទ្យុ ២២០ ស្ថាប័ន។

លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកា​សែត​កម្ពុជា​លើក​ឡើង​ដែរ​ថា ក្រៅពី​មាន​តួនាទី​ជា​អ្នក​ផ្ដល់​ព័ត៌មាន ​អ្នកព័ត៌​មាន​ក៏មាន​កាតព្វកិច្ច​ដ៏​សំខាន់​ ១ ទៀត គឺ​ប្រសិន​បើមានការ​ចុះ​ផ្សាយ​ដោយ​ភាន់​ច្រឡំ​ ហើយ​មាន​ការ​ស្នើ​ឲ្យ​កែប្រែ​ពី​ភាគី​ណា​មួយ នោះ​អ្នកកាសែត​ត្រូវ​កែតម្រូវ​ឡើង​វិញដែលនេះ​ក៏​ជាការ​តម្រូវ​តាម​ច្បាប់​ដែរ។

ផ្ទុយ​ទៅវិញ​ លោក​បានថ្លែងថា បើទោះបី​ជាមាន​ភាគីណា​មួយប្រឆាំង​ជំទាស់​អំពី​ការចុះ​ផ្សាយ ហើយ​​​ស្នើឲ្យ​កែតម្រូវ​ក្ដី ប៉ុន្តែ​អ្នក​សារ​ព័ត៌​មាន​ក៏មាន​សិទ្ធិ​ក្នុង​ការរក្សា​អ្វីដែល​ពួកគេ​បាន​ចុះ​ផ្សាយ​ដែរ ប្រសិន​បើ​ការចុះ​ផ្សាយ​មាន​ភ័ស្ដុតាង​ច្បាស់​លាស់​នោះ។

លោក​ថា៖ «ស្ថាប័ន​កាសែត​មាន​វិជ្ជាជីវៈ គាត់​មានការ​ត្រួត​ពិនិត្យ​ខុសត្រូវ​ផ្ទៀង​ផ្ទាត់​ប្រយ័ត្ន​ប្រយែង​ខ្លាច​ព័ត៌មាន​ហ្នឹង​ខុសជាទូទៅ​ខ្ញុំ​ឃើញថា​ល្អ។ ប៉ុន្តែ​នៅមាន​សារព័ត៌មាន​ខ្លះ ពិសេស​អន​ឡាញ​ហ្នឹង​មួយ​ចំនួន​អត់​បាន​ចុះ​បញ្ជី​អី​ទេ គាត់​អត់​សូវ​មានការ​ទទួល​ខុសត្រូវ ដោយ​គ្រាន់តែ​ឮអ្វី​ ១ អ៊ីចឹង​ចុះ​ផ្សាយ​​រហ័ស អត់​បាន​ផ្ទៀងផ្ទាត់​ឲ្យបាន​ច្បាស់​លាស់ ដូច្នេះ​ជួនកាល​គាត់​ផ្សាយ​ទៅ​វា​ខុស»។

ចំណែក​លោក លាង ដឺ​លុច អគ្គ​នាយក​សារ​ព័ត៌​មាន​ថ្មី​ៗបាន​លើក​ឡើង​ថា តាម​ពិត​អ្នក​កាសែត​វិជ្ជាជីវៈ​តែង​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​មុន​នឹង​ចេញ​ផ្សាយ​ព័ត៌​មាន​ ប៉ុន្តែ​បើតាម​បទ​ពិសោធ​ចំពោះ​ការ​ចុះផ្សា​យ​ព័ត៌​មាន​ខុស​មួយចំនួ​នអាច​ដោយ​សារការ​ផ្ទៀង​ផ្ទាត់​មិន​បាន​គ្រប់​ជ្រុង​ជ្រោយ​ឬ​ភាព​ខ្វះ​ចន្លោះ និ​ង​ម្យ៉ាង​ទៀត​ប្រភព​ខ្លះ​បាន​បដិ​សេធ​វិញ​នូវ​អ្វីដែល​ពួកគេ​បាន​ផ្ដល់​ព័ត៌​មាន​មក​ឲ្យ​ចុះ​ផ្សាយ​។

លោក​ថា​៖ «អង្គ​ភាព​ខ្លះ​គេ​មិន​កែ គេ​ច្បាស់​ខ្លួ​នគេ​ហើយ​បាន​ន័យ​ថា​ ​អ្វី​ដែល​ផ្សាយ​គឺ​មិន​ខុស»។

ច្បាប់​ស្ដី​ពី​របប​សារ​ព័ត៌​មាន​មាត្រា ​១០ ​ចែង​ថា ​ជន​ណា​ម្នាក់​ដែល​យល់​ថា​ អត្ថ​បទ​ណា​មួយ ​ទោះ​ជា​សរសេរបញ្ឆិត​បញ្ឆៀង​ក៏​ដោយ រូប​គំនូរ​ឬរូ​បថតណា​មួយ​នៃសា​រ​ព័ត៌​មា​នណា​មួយដែ​លមា​ន​លក្ខណៈ​​ខុស​ពីកា​រពិ​តធ្វើឲ្យ​ខូចខា​តដ​ល់កិ​ត្តិយស ​និងសេ​ច​ក្ដីថ្លៃ​ថ្នូររបស់​ខ្លួន​មាន​សិទ្ធិ​ទាម​ទារ​ឲ្យសា​រព័​ត៌មាន​នោះធ្វើកា​រកែ​តម្រូ​វ​ឬ​មាន​សិទ្ធិ​ឆ្លើយ​តប​និង​ធ្វើកា​រប្ដឹ​ងពី​ប​ទប​រិហា​រកេរ្តិ៍ពី​បទ​មួល​បង្កាច់​ឬ​ពី​បទ​ជេរ​ប្រមាថ​ ចំពោះ​ការ​ប៉ះ​ពាល់​កិត្តិយស ​និង​សេច​ក្ដី​ថ្លៃថ្នូរ​របស់​ខ្លួន។

ក្រសួង​ព័ត៌​មាន​បញ្ជាក់​អំពី​ការ​មាន​វិធានការ​មួយចំនួន​ដូច​ជា​ ចុះ​បន្ត​ពិនិត្យ​តាមដាន​អំពី​សារ​ព័ត៌មាន​​មួយចំនួន​ដែល​ធ្វើឲ្យប៉ះ​ពាល់​ដល់​ក្រម​សីល​ធម៌​នៃ​ច្បាប់​ស្ដីពី​របប​សារ​ព័ត៌មាន និង​រដ្ឋ​ធម្មនុញ្ញ​ ចុះ​ត្រួត​ពិនិត្យ​នៅ​តាម​រោង​ពុ​ម្ពដែល​គ្មាន​ច្បាប់​អនុញ្ញាត​និង​ការ​ចុះ​ពិនិត្យ​ចំពោះ​ស្ថាប័​ន​កាសែត​​គ្មាន​អាជ្ញា​ប័ណ និង​គ្មាន​ការ​បោះ​ពុ​ម្ព​ផ្សាយ​ ជា​ដើម៕