The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋមន្ត្រី​ជំរុញ​ឲ្យ​អប់រំ ​ពី​សារៈសំខាន់​នៃ​ការ​បំបៅ​ដោះ​ម្ដាយ




រដ្ឋមន្ត្រី​ជំរុញ​ឲ្យ​អប់រំ ​ពី​សារៈសំខាន់​នៃ​ការ​បំបៅ​ដោះ​ម្ដាយ

Content image - Phnom Penh Post
សកម្មភាពបំបៅកូនដោយទឹកដោះម្ដាយនៅកម្ពុជា កាលពីពេលកន្លងទៅ។ ហេង ជីវ័ន

រដ្ឋមន្ត្រី​ជំរុញ​ឲ្យ​អប់រំ ​ពី​សារៈសំខាន់​នៃ​ការ​បំបៅ​ដោះ​ម្ដាយ

ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

ការ​អំពាវនាវ​នេះ ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ២៣​ កញ្ញា​ បន្ទាប់​ពី​លោក​រដ្ឋមន្រ្តី​សង្កេត​ឃើញ​មាន​អ្នក​ម្តាយ​ដែល​មាន​កូន​តូច​មួយ​ចំនួន​ត្អូញ​ត្អែរ​ពី​បញ្ហា​សុខភាព​កូនៗ​របស់​ពួក​គាត់​ បន្ទាប់​ពី​បាន​បំបៅ​​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត។

ក្នុង​ចំណោម​ម្តាយៗ​ទាំង​នោះ​ មាន​ខ្លះ​ថា ​ក្រោយ​កូន​ៗ​របស់​ពួក​គាត់​បៅ​ទឹក​ដោះ​គោ​ម្សៅ​តាម​រូបមន្ត​ផ្សំ​ គឺ​មាន​បញ្ហា​ស្លេកស្លាំង​ ហើយ​​លទ្ធផល​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​បាន​បញ្ជាក់​ថា​ ក្មេង​ទាំង​នោះ​មាន​កង្វះ​ជាតិ​ដែក​។

បើ​តាម លោក​ ម៉ម​ ប៊ុនហេង​ ភ័ស្តុតាង​វិទ្យាសាស្រ្ត​​ បាន​បង្ហាញ​យ៉ាង​ច្បាស់​​​ថា ទឹក​ដោះ​ម្តាយ ​គឺ​ជា​អាហារ​​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក​ និង​កុមារ​នៅ​គ្រប់​កាលៈទេសៈ​ទាំង​អស់​។

លោក​បាន​បញ្ជាក់​ថា៖ ​«គ្មាន​ផលិតផល​ណា​មួយ​រួម​ទាំង​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ផង​ដែល​ល្អ​ប្រសើរ​ជាង​ទឹក​ដោះ​ម្តាយ​​នោះ​ទេ ដោយ​សារ​ទឹក​ដោះ​ម្តាយ ​មាន​ផ្ទុក​រាល់​សារ​ជាតិ​ចិញ្ចឹម​ទាំង​អស់​ដែល​ទារក​ត្រូវ​ការ​ដោយ​មិន​ចាំ​បាច់​បន្ថែម​អាហារ​​ទឹក ​ឬ​ភេស​ជ្ជៈ ​អ្វី​ទៀត​ទេ​ នៅ​ក្នុង​អំឡុង​ពេល ​៦ ​ខែ​ដំបូង​នៃ​ជីវិត​ទារក»​។

យោង​តាម​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះម្តាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​ បន្ទាប់​ពី​សម្រាល​ ​គឺ​អាច​ទប់​ស្កាត់​មរណភាព​​ទារក​បាន ​២០ ​ភាគរយ។ ​រី​ឯ​កុមារ​ដែល​បាន​ទទួល​ការ​បំបៅ​ដោយ​ទឹក​ដោះ​​ម្តាយ​តែ​ ១ ​មុខ​អំឡុង​ពេល ​៦ ​ខែ​ដំបូង អាច​កាត់​បន្ថយ​ជំងឺ​រាករូស​បាន ​១១ ​ដង​ និង​ជំងឺ​រលាក​សួត​បាន ​១៥ ​ដង​ បើ​ប្រៀប​ធៀប​ជាមួយ​កុមារ​ដែល​មិន​បាន​ទទួល​ការ​បំបៅ​ដោយ​ទឹក​ដោះ​ម្តាយ​។

ជាមួយ​នេះ​ដែរ ក្រសួង​បាន​ឱ្យ​ដឹង​ថា ការ​មិន​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល ​និង​សតិ​បញ្ញា​ស្មារតី​​របស់​កុមារ។ ​ចំណែក​​ការ​បំបៅ​កូន​ដោយ​ផលិតផល​ជំនួស​ទឹក​ដោះ​​ម្តាយ​រួម​ទាំង​ទឹក​ដោះ​គោ​ម្សៅ​​ផ្សំ​តាម​រូបមន្ត​អាច​បង្ក​ហានិភ័យ​ជា​ច្រើន​ដល់​កុមារ​ដូច​ជា ​ជំងឺ​រាក ​ជំងឺ​ហឺត​ជំងឺ​សួត​ ពិន្ទុ​ភាព​ឆ្លាត​វៃ​ចុះ​ខ្សោយ​ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​សម្ពាធ​ឈាម​ ជំងឺ​បេះដូង​បញ្ហា​លើស​ទម្ងន់​ និង​ធាត់​ជ្រុល​ជា​ដើម​។

ជុំវិញ​បញ្ហា​នេះ​ លោក​ ម៉ម ​ប៊ុន​ហេង​ បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​បង្កើន​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​រឹងមាំ​ដោយ​លោក​ចាត់​ទុក​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ គឺ​ជា​ការ​វិនិ​យោគ​ដ៏​ប្រសើរ​បំ​ផុត ​ដើម្បី​កាត់​បន្ថយ​បញ្ហាក​ង្វះ​អាហារូបត្ថម្ភ​កុមារ។

លោក​បាន​ថ្លែង​ថា៖ ​«គ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​កំពុង​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ត្រូវ​បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះម្តាយ​ទាំង​នៅ​ថ្នាក់​ជាតិ​​ និង​ថ្នាក់​ក្រោម​ជាតិ​រួម​ទាំង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ​និង​ឯកជន»។

អ្នកស្រី​ ថុល ​ស្រីលក្ខណ៍ ​អាយុ ​៣១ ​ឆ្នាំ​​ ដែល​មាន​កូន ​៣ ​នាក់​បាន​ឱ្យ​ដឹង​ថា អ្នកស្រី​តែង​បាន​ឱ្យ​កូន​​បៅ​​ដោះ​ផ្ទាល់​តាំង​ពី​កើត​ដំបូង ដោយសារ​អ្នកស្រី​បាន​យល់​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ទឹក​ដោះ​ម្តាយ​។

អ្នកស្រី​ បាន​ថ្លែង​ថា៖ ​«ក្រសួង​បាន​ប្រកាស​ពី​សារៈសំខាន់​របស់​ទឹក​ដោះ​ម្តាយ​ ហើយ​ម្សៅ​ទឹក​ដោះ​​គោ​ មិន​សូវ​ល្អ​សម្រាប់​សុខភាព​កូន​ ទើប​ខ្ញុំ​សម្រេច​ចិត្ត​បំបៅ​កូន​ដោយ​ទឹក​ដោះ​ខ្ញុំ​ផ្ទាល់។ ​មិន​តែ​ប៉ុណ្ណោះ​វា​ចំណេញ​ទាំង​លុយ​ទិញ​ទឹក​ដោះ​គោ​ម្សៅ​ និង​ចំណេញ​ទាំង​សុខភាព​កូន​ទៀត​ ដោយសារ​កូន​របស់​ខ្ញុំ​ទាំង ​៣​ មិន​សូវ​ឈឺ​ទេ បើ​ប្រៀប​ធៀប​ជាមួយ​ក្មួយៗ​ខ្ញុំ​ និង​កូន​មិត្តភក្តិ​ខ្ញុំ​ដែល​ឱ្យ​កូន​បៅ​ទឹក​ដោះគោ​ម្សៅ​​»។

អ្នកស្រី​ ថុល​ ស្រីលក្ខណ៍ ​បាន​អំពាវនាវ​ និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​ម្តាយ​ទាំង​អស់​ គួរ​តែ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ខ្លួន​ឯង ទោះបី​ជា​ហត់​ក៏​ដោយ ដោយសារ​មាន​កត្តា​ជា​ច្រើន​ជួយ​ដល់​សុខភាព​ ប្រព័ន្ធ​ការពារ​ខ្លាំង​ និង​ការ​លូត​លាស់​របស់​កូនៗ​ល្អ​ជាង​ក្មេង​ដែល​បៅ​ទឹក​ដោះ​គោ​ម្សៅ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រសួង​សុខាភិបាល​ មាន​គោល​នយោបាយ​​ចំនួន ​៣ ​ដើម្បី​លើក​កម្ពស់​គាំទ្រ​ និង​ការពារ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​គឺ៖ ការ​ចាប់​ផ្តើម​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​ បន្ទាប់​ពី​សម្រាល ការ​បំបៅ​កូន​ដោយ​ទឹក​ម្តាយ​តែ ​១ ​មុខ​គត់​រយៈពេល​ ៦ ​ខែ​ដំបូង​នៃ​ជីវិត​ និង​បន្ត​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​រហូត​កុមារ​អាយុ ​២ ឆ្នាំ ឬ​លើស​ និង​ការ​ផ្តល់​អាហារ​បន្ថែម​នៅ​ពេល​កុមារ​មាន​អាយុ​ចាប់​ពី ​៦ ​ខែ​ឡើង​ទៅ​៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។