ភ្នំពេញៈ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​ ជា សុផារ៉ា កាលពី​ថ្ងៃទី​ ២០ កក្កដា បាន​សម្រេច​បង្កើត​គណៈកម្មការ​គាំទ្រ​ការចុះបញ្ជី​ដី​រដ្ឋ ដីឯកជន​របស់​ប្រជាពលរដ្ឋ ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច ដោះស្រាយ​វិវាទ​ដីធ្លី និង​រៀបចំ​ផែនការ​ប្រើប្រាស់​ដី​នៅ​ខេត្ដ​មណ្ឌលគិរី​។

យោង​តាម​សេចក្ដី​សម្រេច​បង្កើត​គណៈកម្មការ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ជា សុផារ៉ា សម្រេច​ឱ្យ​លោក​ សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​រួម​នឹង​មន្ដ្រី​មាន​តួនាទី​ជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ២១ ​រូប​ទៀត​ជា​សមាជិក​។

សេចក្ដី​សម្រេច​បាន​កំណត់​ឱ្យ​គណៈកម្មការ​នេះ​មាន​អនុគណៈកម្មការ​ចុះបញ្ជី​ដី​រដ្ឋ ដីឯកជន​របស់​ប្រជាពលរដ្ឋ ដី​សហគមន៍​ជនជាតិដើម​ភាគតិច​មួយទៀត​ដែល​មាន​ក្រុមការងារ​ចុះបញ្ជី​ដី​ចំនួន​ ១២ ​ក្រុម​អនុវត្ដ​នៅក្នុង​ក្រុង ស្រុក​ចំនួន ៥ នៃ​ខេត្ដ​មណ្ឌលគិរី​។

លោក​ ជា សុផារ៉ា បាន​ឱ្យ​ដឹង​តាមរយៈ​សេចក្ដី​សម្រេច​នេះ​ថា​៖ «​គណៈកម្មការ​នេះ​មាន​ភារកិច្ច ដឹកនាំ​អនុវត្ដ​ការចុះបញ្ជី​ដី​រដ្ឋ ដី​ប្រជាពលរដ្ឋ​កាន់កាប់​ និង​អាស្រ័យផល​ជាក់ស្ដែង​ក្នុង​តំបន់​ការពារធម្មជាតិ និង​គម្រប​ព្រៃឈើ​ឆ្នាំ​ ២០០២ ដី​សហគមន៍ ជនជាតិ​ដើម​ភាគតិច ដោះស្រាយ​វិវាទ​ដីធ្លី និង​រៀបចំ​ផែនការ​ប្រើប្រាស់​ដី​នៅ​ខេត្ដ​មណ្ឌលគិរី​»​។

លោក​បន្ថែម​ថា គណៈកម្មការ​ក៏​មាន​ភារកិច្ច សហការ​សម្របសម្រួល​ជាមួយ​ក្រុមការងារ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងបរិស្ថាន អាជ្ញាធរ​ដែនដី អង្គភាព និង​អ្នកពាក់ព័ន្ធ ដើម្បី​អនុវត្ដ​ការងារ​ខាងលើ និង​រាយការណ៍​វឌ្ឍនភាព​ការងារ​ប្រចាំ​ថ្ងៃ​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​។

លោក​ សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្លែង​ពី​ម្សិលមិញ​ថា ការ​សម្រេច​បង្កើត​គណៈកម្មការ​នេះ​ធ្វើឡើង​តាម​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែល​លើកឡើង​កាលពី​ថ្ងៃទី​ ៣ កក្កដា ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ និង​ជា​ភារកិច្ច​របស់​ក្រសួង​ដែល​ត្រូវ​ធ្វើ​ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​ចាប់​ផ្ដើម​ធ្វើ​ពី​ខេត្ដ​មណ្ឌលគិរី​ និង​ខេត្ដ​ផ្សេង​ទៀត​ជា​បន្តបន្ទាប់​ដូចជា​ខេត្ដ​កោះកុង និង​ខេត្ដ​ដទៃទៀត​ជា​ហូរហែ​។ សេចក្ដី​សម្រេច​បង្កើត​គណៈកម្មការ​នេះ​ជា​អនុសាសន៍​សម្ដេច​ [​ហ៊ុន សែន​] ​ហើយ​ក៏​ជា​ភារកិច្ច​ដែល​ក្រសួង​ត្រូវ​ធ្វើជា​បន្តបន្ទាប់​»​។

លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ៣ កក្កដា ឆ្នាំ​ ២០២០ បានចេញ​បទបញ្ជា និង​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​ដែនដី​គឺ​ត្រូវតែ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​មក​រស់នៅ​លើ​ទីតាំង​ដី​ដែល​ជា​គម្រប ព្រៃឈើ ឬ​ជា​តំបន់​ការពារ ឬ​តំបន់​អភិរក្ស​សត្វព្រៃ​របស់​រដ្ឋ​ដូចជា​នៅ​ខេត្ត​កោះកុង ព្រះវិហារ​ជាដើម​ដែល​មាន​ប្រជាពលរដ្ឋ​បាន​មក​ធ្វើ​ផ្ទះ​រស់នៅ​រយៈពេល​ជាង​ ១០-២០ ​ឆ្នាំ​មកហើយ​នោះ​។

លោក​ ជាក់ ម៉េងហ៊ាង អភិបាលរង​ និង​ជា​អ្នកនាំពាក្យ​សាលា ខេត្ដ​មណ្ឌលគិរី ថ្លែង​ពី​ម្សិលមិញ​ថា រដ្ឋបាល​ខេត្ដ​មណ្ឌលគិរី បាន​ទទួល​យន្តការ​របស់​គណៈកម្មការ​នេះ​ហើយ​។ ប៉ុន្ដែ​នៅ​មិនទាន់​បាន​ដំណើរការ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​លោក​ ជា សុផារ៉ា ដែល​នឹង​ចុះទៅ​ដឹកនាំ​កិច្ចប្រជុំ​នៅ​ថ្ងៃទី​ ២៨ ខែកក្កដា ខាង​មុខ​ជុំវិញ​ការអនុវត្ដ​ការងារ​នេះ​។

លោក​ថ្លែងថា​៖ «​កិច្ចប្រជុំ​នៅ​ថ្ងៃទី​ ២៨ ខែកក្កដា​ ខាងមុខ​យើង​នឹង​ដឹងថា យន្តការ​នេះ​ត្រូវធ្វើ​យ៉ាងម៉េច​ខ្លះ​? ប៉ុន្ដែ​ខេត្ដ​បាន​រៀបចំ​គណៈកម្មការ​រួចរាល់​ហើយ ដឹកនាំ​ដោយ​ឯកឧត្ដម​អភិបាលខេត្ដ​ក្នុង​នោះ​មាន​សមាជិក និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការសហការ​ចូលរួម​អនុវត្ដ​បញ្ជា​ពី​គណៈកម្មការ​ជាតិ​»​។

ក្នុង​សនិ្នសីទ​សារព័ត៌មាន​ស្តីពី​ «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​អនុវត្ត​បន្ត​របស់​រដ្ឋបាលខេត្ត​មណ្ឌលគិរី​» ​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថ្ងៃទី​ ១៦ ​កក្កដា​ នាទី​ស្ដីការគណៈរដ្ឋមន្ដ្រី អភិបាលខេត្ដ​មណ្ឌលគិរី លោក​ ស្វាយ សំអ៊ាង បង្ហាញ​របាយការណ៍​ថា ខេត្ត​មណ្ឌលគិរី​មាន​ចម្ងាយ​ផ្លូវ​ប្រវែង​ ៣៨២ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ ខេត្ដ​នេះ​មាន​ក្រុង​ចំនួន​ ១ សង្កាត់​ចំនួន ៤ និង​ស្រុក​ចំនួន​ ៤ ឃុំ​ចំនួន​ ១៧ និង​ភូមិ​ចំនួន​ ៩២ ​ភូមិ​។

លោក​បាន​ឲ្យ​ដឹងថា ខេត្ត​មាន​ផ្ទៃដី​សរុប​ ១៤ ២៨៨ ​គីឡូម៉ែត្រ​ក្រឡា​ផ្ទៃដី​គ្របដណ្តប់​ដោយ​ព្រៃឈើ ប្រជុំភ្នំ និង​ខ្ពង់រាប​សម្បូរ​ដោយ​ជ្រលង​ដងអូរ​ជាច្រើន​។ ខេត្ត​មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ​៩០ ៩៤៩ ​នាក់ ស្រី​ចំនួន ​៤៤ ១១១ ​នាក់ ស្មើនឹង ២១ ៤៧៨ គ្រួសារ​។ ប្រជាពលរដ្ឋ ៨២% ​មាន​មុខរបរ​ក្នុង​វិស័យ​កសិកម្ម ១% មាន​មុខរបរ​វិស័យ​សិប្បកម្ម និង ១៧% មាន​មុខរបរ​វិស័យ​សេវាកម្ម​៕