ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានអំពាវនាវប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីសង្គមកិច្ចហើយ កុំយកទៅលក់ដូរ ឬបញ្ចាំឲ្យសោះ ត្រូវទុកដីនេះរស់នៅអាស្រ័យផល និងចែកកូនចៅរបស់ខ្លួនក្រោយៗបន្តទៀត។
ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងកម្មវិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យជូនសម្បទានិក និងសម្ពោធសមិទ្ធផលនានារបស់គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ (LASED II) កាលពីថ្ងៃទី ១២ ខែធ្នូ នៅខេត្តកំពង់ឆ្នាំងលោក ជា សុផារ៉ា បញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលបានផ្តល់ដីសង្គមកិច្ចដល់អតីតកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្រីក្រ និងគ្រួសារយោធិនដោយមើលឃើញពីតម្រូវការចាំបាច់ ដើម្បីសាងសង់ធ្វើលំនៅឋាន និងសម្រាប់ធ្វើកសិកម្ម។
បើតាមលោក វន ស៊ីផា អភិបាលស្រុក សាមគ្គីមានជ័យឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងដែនដីបានអំពាវនាវ អតីតកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្រីក្រ និងគ្រួសារយោធិនត្រូវថែរក្សាដីនេះឲ្យបានគង់វង្ស ដោយមិនត្រូវលក់ ឬបញ្ចាំជាដាច់ខាត ដើម្បីកសាងជីវិតថ្មី និងប្រកបមុខរបរចិញ្ចឹមសត្វ និងដាំដំណាំផ្សេងៗដែលអាចជួយលើកកម្ពស់ ជីវភាពគ្រួសារចៀសផុតពីភាពក្រីក្រ។
លោកបន្តថាលោករដ្ឋមន្ត្រីក៏ជំរុញដល់ប្រជាជនទាំងអស់ធ្វើយ៉ាងណាកុំលក់ដីសម្បទានសង្គមកិច្ច ដែលទទួលបានប្លង់កម្មសិទ្ធិនេះ។ ដីគឺមានក្ដីសង្ឃឹម ហើយជាកេរមរតកសម្រាប់កូនចៅ និងជាទុននៃប្រាក់ចំណូលប្រចាំថ្ងៃដែលធ្វើឲ្យពលរដ្ឋមានជីវភាពប្រសើរជាងមុន។ លោក [ជា សុផារ៉ា] ក៏សុំឲ្យប្រជាពលរដ្ឋកុំយកប្លង់ដីនេះទៅដាក់បញ្ចាំផងដែរ ដោយសារតែលោកបារម្ភខ្លាចការប្រើប្រាស់កម្ចីរបស់ពលរដ្ឋមិនចំគោលដៅ។
លោកបញ្ជាក់ថា៖ «ពេលខ្លះបងប្អូនយើង គាត់បានយកបណ្ណកម្មសិទ្ធិដីសង្គមកិច្ចយកទៅលក់ដូរ ឬបញ្ចាំ ដើម្បីយកថវិកាទៅដោះស្រាយជីវភាព ឬប្រកបមុខរបរបន្ថែមចិញ្ចឹមជីវិត។ ឯកឧត្តមឧប [នាយករដ្ឋមន្ត្រី ជា សុផារ៉ា] បានអំពាវនាវដល់ប្រជាពលរដ្ឋ ហើយយើងបានខិតខំអនុវត្តតាមអនុសាសន៍របស់រដ្ឋមន្ត្រីក្រសួង [ដែនដី] ហើយយើងក៏បានណែនាំគាត់ ពួកគាត់មិនត្រូវយកបណ្ណកម្មសិទ្ធិដីសង្គមកិច្ច យកទៅលក់ដូរ ឬបញ្ចាំនោះទេ។ តែយើងក៏គ្មានសិទ្ធិអីហាមគាត់មិនឲ្យមានការទិញ លក់ឬបញ្ចាំដែរ ដោយសារតែវាជាសិទ្ធិ និងតម្រូវការចាំបាច់របស់គាត់»។
លោកបន្ថែមថា៖ «ប្រជាពលរដ្ឋដែលយកបណ្ណកម្មសិទ្ធិដីសង្គមកិច្ចទៅលក់ដូរ ឬបញ្ចាំភាគច្រើនគឺអតីតកងកម្លាំងប្រដាប់អាវុធ ដោយសារតែពេលខ្លះគាត់ចាស់ជរាណាស់ កូនគាត់មិននៅជាមួយគាត់។ សូមកុំលក់ដី និងកុំយកប្លង់ដីទៅដាក់បញ្ចាំនៅធនាគារ ព្រោះអាចធ្វើឲ្យពលរដ្ឋដែលរស់នៅលើដីសម្បទាននេះ កាន់តែក្រលំបាកជាងមុន»។
លោក សន គឹមរឿង ដែលជាអតីតទាហាន និងមន្ត្រីនគរបាលរស់នៅឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ដែលទទួលដីលំនៅឋានទំហំ ៣០ គុណ ៣០ ម៉ែត្រ និងដីកសិកម្ម ១ ហិកតាបានសម្តែងការសប្បាយចិត្ត។ លោកសន្យាថានឹងថែរក្សាដីសម្បទានសង្គមកិច្ច ដែលទទួលបានពីរដ្ឋាភិបាលឲ្យបានគង់វង្សហើយ និងប្រើប្រាស់ដីនេះប្រកបមុខរបរចិញ្ចឹមជីវិត។
លោកបញ្ជាក់ថា៖ «ខ្ញុំបានផ្ទះ និងដីសម្រាប់បង្កបង្កើនផល។ យើងត្រេកអរនៅពេលដែលយើងទទួលបានប្លង់»។
លោកថា មានអតីតកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្រីក្រ គ្រួសារយោធិន និងប្រជាពលរដ្ឋមួយចំនួនតូចដែលទទួលបានបណ្ណកម្មសិទ្ធិដីសង្គមកិច្ចយកទៅលក់ដូរ ឬបញ្ចាំ ដោយសារតែពួកគេមានការលំបាកក្នុងការដោះស្រាយជីវភាព។ ពីព្រោះតែនៅតំបន់នោះពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។
លោកបន្ថែមថា៖ «មានបងប្អូនយើងខ្លះបានយកប្លង់ដីដែលបានទៅបញ្ចាំ ឬក៏លក់ដូរដោយសារតែចាស់ជរា។ ពួកគាត់លក់ដោយសារការខ្វះទឹក មន្ទីរពេទ្យ ភ្លើង វាបង្កផលលំបាក»។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឱ្យដឹងថា គម្រោង LASED ជំហាន ២ បាននិងកំពុងអនុវត្តដោយមានស្ថាប័នទទួលខុសត្រូវអនុវត្តចំនួន ៣ រួមមាន លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
អគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រោមកម្ចីហិរញ្ញប្បទានពីធនាគារពិភពលោកនូវទឹកប្រាក់ចំនួន ២៥ លានដុល្លារអាមេរិក និងថវិកា បដិភាគរបស់រាជរដ្ឋាភិបាលបន្ថែមចំនួន ១,៨៦ លានដុល្លារអាមេរិក ដោយត្រូវអនុវត្តន៍រយៈពេល ៥ ឆ្នាំ គិតចាប់ពីខែសីហា ២០១៦ រហូតដល់ខែធ្នូ ២០២១។ គម្រោងនេះត្រូវអនុវត្ដក្នុងខេត្តគោលដៅចំនួន ៥ រួមមាន ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ ត្បូងឃ្មុំ និងខេត្តក្រចេះ។
គិតត្រឹមខែធ្នូ ២០១៩ គម្រោងបានបន្តការរៀបចំដីសម្បទានសង្គមកិច្ចក្នុងទីតាំងទាំង ១៤ កន្លែងទំហំ ១៤ ១២០,៤ ហិកតា និងបានជ្រើសរើសសម្បទានិកស្របតាមនីតិវិធីកំណត់ចំនួនប្រមាណ ៥ ០១០ គ្រួសារ ស្មើនឹង ៩៩ ភាគរយ នៃចំនួនគ្រួសារដែលបានគ្រោងទុកចំនួន ៥ ១៤១ គ្រួសារ។ ក្នុងនោះ សម្បទានិកដែលមិនទាន់បានចូលមករស់នៅសោះមានចំនួន ៥១៨ គ្រួសារ ហើយផ្ទៃដីដែលមិនទាន់បាន ប្រើសោះដែលនឹងត្រូវដកហូតយកមកវិញមានទំហំ ៧៥០,៧២ ហិកតា ស្មើនឹង ៩០៤ ឡូត៍៕