ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក កើត រិទ្ធ បាន​ណែនាំ​ដល់​អតីត​សិស្ស និង​សិស្ស​ក្រឡាបញ្ជី សាលា​ភូមិន្ទ​ក្រឡាបញ្ជី​នៃ​រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ​ត្រូវខិតខំ​ផ្តល់​សេវា​យុត្តិធម៌​ឱ្យបាន​ល្អ​ដល់​ប្រជាពលរដ្ឋ​ខណៈ​បច្ចុប្បន្ន​សិស្ស​ក្រឡាបញ្ជី​សរុប​មាន​ចំនួន ៦៨៨ រូប​។

លោក កើត រិទ្ធ ថ្លែង​បែប​នេះ​ពេល​ធ្វើជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​បំពាក់​ឯកសណ្ឋាន​ក្រឡាបញ្ជី​ជា​ផ្លូវការ​ដល់​អតីត​សិស្សសាលា​ភូមិន្ទ​ក្រឡាបញ្ជី​ជំនាន់​ទី​ ៥ និង​ជំនាន់​ទី​ ៦ នៃ​រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ​ចំនួន ២១០ ​រូប​កាលពី​ថ្ងៃ​អង្គារ​ទី​ ១៣ ខែ​តុលា​។

លោក កើត រិទ្ធ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​ច្បាប់ និង​តុលាការ​ក្នុង​ការខិតខំ​ផលិត​ធនធាន​មនុស្ស​ក្នុង​វិស័យ​យុត្តិធម៌​ក្នុង​នោះ​រួមមាន ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និង​សារការី ប្រកប​ដោយ​គុណភាព និង​ចំណេះដឹង ដើម្បី​ផ្ដល់​សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​តួនាទី​ភារកិច្ច​ដ៏សំខាន់​របស់​ក្រឡាបញ្ជី​នៅ​គ្រប់​កិច្ច​នៃ​នីតិវិធី​មិនអាច​ខ្វះ​បាន​ក្នុង​នាម​ជា​ជំនួយ​ដល់​អង្គតុលាការ និង​អង្គអយ្យការ​។ សិស្ស​ក្រឡាបញ្ជី ត្រូវខិតខំ​ផ្តល់​សេវា​យុត្តិធម៌​ដែល​ជា​សេវាសាធារណៈ​ឱ្យ​បាន​ល្អ​ជូន​ដល់​ប្រជាពលរដ្ឋ​»​។

លោក​រដ្ឋមន្ត្រី​ក៏​ថ្លែង​អំណរគុណ​ដល់​ក្រឡាបញ្ជី​ទាំងអស់​ដែល​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​នៅក្នុង​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី-ខេត្ត​នាពេល​កន្លងមក និង​បាន​ផ្ដាំផ្ញើ​ដល់​សិស្ស និង​អតីតសិស្ស​ក្រឡាបញ្ជី​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ចំនួន ៣ នៅពេល​បំពេញ​ការងារ​។

គោលការណ៍​ទាំងនោះ​រួមមាន ១ ត្រូវ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​តាមច្បាប់ និង​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈ​។ ២ គោរព​ឱ្យ​បាន​នូវ​អភិក្រម​ដ៏ថ្លៃថ្លា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ចំណុច​ស្នូល​នៃ​អភិបាលកិច្ច​គឺ​ «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» ​និង​ ៣ គោរព​ឱ្យបាន​នូវ​អភិក្រម​ការងារ​ដែល​បាន​ដាក់ចេញ​តាមរយៈ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​គឺ​ «​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​» ហើយ​ត្រូវអនុវត្ត​ជាប្រចាំ​ក្នុង​ការផ្ដល់សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ និង​អនុវត្ត​ជា​រៀងរហូត​ពោល​គឺ​មិនមែន​អនុវត្ត​តែ​ក្នុង​រយៈពេល​យុទ្ធនាការ​នោះទេ​។

យោង​តាម​របាយការណ៍​របស់​លោក​ ឈន ព្រលឹង ប្រធាន​រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ​ឱ្យដឹងថា សាលា​ភូមិន្ទ ក្រឡាបញ្ជី បាន​បង្ហាញ​ថា តាំងពី​ចាប់ផ្តើម​បណ្តុះ​បណ្តាល​សិស្ស​ក្រឡាបញ្ជី​ជំនាន់​ទី​ ១ តាំងពី​ឆ្នាំ​ ២០០៨ ​រហូត​ដល់​បច្ចុប្បន្ន សិស្ស​ក្រឡាបញ្ជី​សរុប​មាន​ចំនួន ៦៨៨ រូប ​ហើយ​សិស្ស​ក្រឡាបញ្ជី​ជំនាន់​ទី​ ៧ ​ចំនួន ១១៦ រូប​ កំពុង​ទទួល​ការបណ្តុះបណ្តាល​។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការណែនាំ​របស់​លោក​រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌​បែប​នេះ​គឺ​មិនមែន​កន្លងមក​ក្រឡាបញ្ជី​អនុវត្ដ​ការងារ​មិន​បាន​ល្អ​នោះទេ​។ ប៉ុន្ដែ​ជា​ការផ្ដាំផ្ញើ​ដើម្បីឱ្យ​សិស្ស​ក្រឡាបញ្ជី អតីត​សិស្ស​ក្រឡាបញ្ជី ខិតខំ​ប្រឹងប្រែង​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​។

លោក​ ជិន ម៉ាលីន បាន​ថ្លែងថា​៖ «​តួនាទី​ភារកិច្ច​របស់​ក្រឡាបញ្ជី​នេះ​គឺជា​សេនាធិការ ជំនួយការ បច្ចេកទេស​ឱ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា​ក្នុង​កិច្ច​អនុវត្ដ​នីតិវិធី​ពាក់ព័ន្ធ​ទៅនឹង​ដំណើរការ​រឿងក្ដី ដូច្នេះ​តួនាទី​គាត់​សំខាន់​។ បើ​គ្មាន​ក្រឡា​បញ្ជី​ជួយ​ទេ ការងារ​សំណុំរឿង​មួយចំនួន​អាច​ដំណើរការ​ទៅ​យឺត​ពេល និង​អាច​មាន​ការកកស្ទះ​ផងដែរ​»​។

លោក សុខ សំអឿន ប្រធាន​អង្គការ​ក្រុមប្រឹក្សា​ជំនួយ​ផ្នែក​ច្បាប់​បាន​លើក​ឡើង​ថា ក្រឡាបញ្ជី​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការជំរុញ​ឱ្យ​សំណុំ​រឿងក្ដី​ដំណើរការ​បាន​លឿន​ឆាប់​ទៅដល់​ចៅក្រម និង​ព្រះរាជអាជ្ញា​។

លោក​បាន​ថ្លែងថា​៖ «​បើសិន​ជា​ក្រឡាបញ្ជី​គាត់​ធ្វើ​ការងារ​ដោយ​តម្លាភាព ស្អាតស្អំ គ្មាន​ពាក់ព័ន្ធ​រឿង​កេះកៀវ​លុយកាក់​ពី​ពលរដ្ឋ នោះ​តុលាការ​នឹង​មិនមាន​បញ្ហា និង​មិន​អាច​មាន​ភាពយឺតយ៉ាវ​ក្នុង​ការដោះស្រាយ​សំណុំរឿង​ទេ​។ ចៅក្រម​គាត់​ពឹងផ្អែក​ទៅលើ​ក្រឡា​បញ្ជី​ចំពោះ​ការជំរុញ​សំណុំរឿង​ក្ដី​នីមួយៗ​ឱ្យ​ឆាប់​បញ្ចប់​»៕