ភ្នំពេញៈ រដ្ឋ​មន្រ្ដី​ក្រសួង​ធម្ម​​ការ និង​សាសនា លោក ហ៊ឹម ឆែម បានណែនាំ​ទៅ​អាចារ្យ នៅ​ក្នុង​ព្រះ​ពុទ្ធសាសនា​ត្រូវ​ធើ្វ​យ៉ាង​ណា​ប្រព្រឹត្ដ​ឲ្យ​បាន​ត្រឹម​ត្រូវ ​តាម​ក្បួនច្បាប់​ពី​បុរាណ ដែល​ដូនតា​បន្សល់ទុក គឺ​ត្រូវ​ធ្វើ​​ឲ្យ​ស្របគ្នា ​ពី​តំបន់​មួយ ទៅ​តំបន់​មួយ ក្នុង​ការ​រៀប​ចំ​​កិច្ច​នៃ​ពិធី​មង្គល​​ការ​ឬ​ពិធី​បុណ្យ​ផ្សេ​ង​​ៗ​តាម​បែប​ប្រពៃណី​ទំនៀម​​ទម្លាប់​​ខ្មែរ​ដែល​បន្សល់​ទុក​ពី​បុរាណ​។

លោក ហ៊ឹម ឆែម បានថ្លែង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តា​ល​ស្តីពី​ «តួនាទី ភារកិច្ចនិង​ក្រម​សីលធម៌​អាចារ្យ​ខ្មែរ​ជំនា​ន់​ទី ៣១» កាល​ពី​​ថ្ងៃ​​ទី ​២៣ ខែមក​រា ឆ្នាំ ២០១៩ ​ថា ប្រទេស​កម្ពុជា ​ជា​ប្រទេស​ដែមាន​វប្បធម៌ និង​ប្រពៃណី​ទំនៀមទម្លាប់​សម្បូរ​​បែប ហើយ​ជា​ជនជាតិ​មួយ ដែល​មាន​វ័យ​ចំណាស់​នៅ​ក្នុង​តំបន់។

លោក​​បន្ដ​ថា​៖ «ក្នុង​នា​ម​​​ជា​អ្នក​ដឹក​នាំ​ពិធី​ផ្សេងៗ ​អាចា​រ្យ​ត្រូវ​ធើ្វ​យ៉ាង​ណា ប្រព្រឹត្ដ​ឲ្យបាន​ត្រឹម​ត្រូវ​ តាម​ក្បួន​ច្បាប់​ពី​បុរាណដែល​ដូន​តា​យើង​បាន​​បន្សល់​ទុកឲ្យ។ ការ​អនុវត្ត​នោះ ​ត្រូវ​ធ្វើ​ឲ្យ​ស្រប​គ្នា​ពី​តំបន់​មួយ ទៅ​តំបន់​មួយ ចៀស​វាង​ការ​អនុវ​ត្ត​ផ្ទុយ​គ្នា ដែល​ខុស​ពី​ក្បួន​ច្បាប់​ពី​បុរាណនិង​ធ្វើ​ឲ្យ​មាន​កា​រ​ចម្លង​អនុវត្ត​ខុស​តៗ​គ្នា​ទៀត​»។

លោក ហ៊ឹម ឆែម ​បញ្ជា​ក់​​ថា រាល់​សកម្មភាព​ទាំង​ឡាយ ក្នុង​ប្រពៃណី​ទំនៀមទម្លាប់ តែង​តែ​មាន​​បែបបទ​ជា​ច្រើន និង​បង្កប់​ដោយ​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ។

លោក​បន្ថែម​ថា៖ «ចំពោះ​ពិធី​នីមួយៗ​ច្រើន​មាន​សិល្ប៍​​វិធី​អប់រំ ប្រកប​ដោយ​ទស្សន​​វិជ្ជា។ ដូច្នេះរាល់​ពិធីបុណ្យ​បែប​​ព្រះពុទ្ធសាសនា​ក្តីបែប​ទំនៀមទម្លាប់​ បុរាណ​ក្តី ចាំបាច់​ទាម​ទារឲ្យ​មាន​អ្នក​ចេះដឹង​ និង​អនុវត្តឲ្យ​បាន​ត្រឹម​ត្រូវ និង​មាន​គោល​ការណ៍​ឯក​ភាព​មួយ»។

បើ​តាម​លោក​រដ្ឋ​មន្រ្ដី​ អាចារ្យ​ជា​អ្នកដឹកនាំ​កិច្ច​ផ្សេងៗ ដូច្នេះ​ត្រូវ​ចេះ​ពន្យល់និង​ណែនាំ​អ្នក​ដទៃឲ្យ​បានដឹង​អំពី​ផ្លូវ​ខុស ​និង​​​ត្រូវ ហើយ​ត្រូវមាន​ចំណេះដឹង​ខ្ពស់និង​ច្បាស់លាស់ ទាំង​ផ្នែក​​ពុទ្ធចក្រ​និង​អាណាចក្រទើប​អា​ច​ដឹក​នាំ​កិច្ច​​ ក្នុង​ពិធី​កម្ម​ផ្សេ​ងៗ តាម​លក្ខណៈ​ប្រពៃ​ណីជាតិ​ខ្មែរ​បាន​ជា​ពិសេ​ស​​ក្នុង​ពិធី​មង្គលការ​ និង​ពិធី​បុណ្យ​ផ្សេង​ៗ​។

ដើម្បី​លើក​កម្ពស់​ការ​ពង្រឹង និង​ការប្រតិបត្តិ​នូវ​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរឲ្យ​បាន​គត់​មត់ ស្រប​តាម​ចរន្ត​ហូរ​ចូលនៃ​សកល​ភាវូបនីយ​កម្ម និង​ការអភិវឌ្ឍលើ​គ្រប់​វិស័យ រដ្ឋមន្ត្រី​ក្រសួង​ធម្មការ បាន​ណែនាំ​ទៅ​អាចារ្យ​ទាំង​ឡាយ​ទៀត​ថា​ ត្រូវ​មាន​សាមគ្គី​ភាព កិច្ច​សហការ និង​ទំនាក់​ទំនង​ល្អ ជាមួយ​នឹង​គណៈកម្មកា​រ​វត្ត ចៅ​អធិការ​វត្ត ព្រម​ទាំង​ព្រះ​មេគណ ព្រះ​អនុគណ មន្ទីរ​ធម្មការ និង​សាសនា​​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាជ្ញាធរ​មូលដ្ឋាន និង​ពុទ្ធ​បរិស័​ទ​​មិន​ប្រកាន់​បក្ខពួក និង​រើស​អើង​វណ្ណៈ​សង្គម។

លោក សេង សុមុនី អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ​ និង​សាស​នា ​បញ្ជាក់​​ថា៖ «គោល​បំណង​ និង​ទិស​ដៅរបស់​ឯកឧត្ដម​រដ្ឋ​​មន្រ្ដី​ គាត់​ចង់​ឲ្យ​អាចារ្យ​របស់​យើងជួយ​ពង្រឹងការ​ផ្សព្វ​ផ្សា​យ ការ​អប់រំ ការ​ណែ​នាំ ឲ្យ​បាន​ត្រឹម​ត្រូវ»។

លោក​បន្ថែម​ថា​ ទាក់ទង​នឹង​បញ្ហា​នេះ លោករដ្ឋ​​មន្រ្ដី​ក៏ចង់​ឲ្យ​អាចារ្យ​ទាំង​ឡា​យ ត្រូវ​ប្រតិបត្ដិ​ខ្លួន​ឯង​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ត្រូវ​យក​ចំណុច​​ល្អ​ទៅ​អប់រំ​បន្ដ​ទៅដល់​ពុទ្ធបរិស័ទ ដែ​ល​​នៅ​ចំណុះជើង​វត្ដ​របស់​ខ្លួន​ឲ្យ​បាន​យល់​ដឹង​។

បើ​តាម​លោក សុមុនី អា​ចារ្យ​ដែល​បាន​ចូល​រួម​​សិក្សា​ ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ តួនាទី ភារកិច្ច និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​ សរុប​មាន​ចំនួនជាង ១ ម៉ឺននាក់​ហើយ ខណៈ​ក្រសួង​កំពុង​រៀប​ចំវគ្គ​បណ្ដុះ​បណ្ដាល​នេះ រយៈ​ពេល​ ៣ ​ខែ​ម្ដង ​ចាប់​តាំង​ពី​ឆ្នាំ ​២០០៩​ មក​ដែល​អាច​ឲ្យ​អាចារ្យ​ទូទាំង​ប្រទេស​មក​សិក្សា និង​តម្រង់ទិស​បន្ថែម​។

លោក ញឹក កៅ អាចារ្យ​នៅ​វត្ដ​ចំពុះក្អែកដែល​ធ្លាប់​ចូល​រៀន​វគ្គ​បណ្ដុះ​បណ្ដាល​អាចារ្យ​នេះ​ដែរ​ តាំង​ពីលើក​ទី ១ មក បាន​ថ្លែង​ថា ការ​ណែនាំ​របស់​រដ្ឋ​មន្រ្ដី​ក្រសួង​ធម្មការ និង​សាសនានេះ គឺ​ជាការ​ត្រឹម​ត្រូវ ដើម្បី​កុំ​ឲ្យ​អាចារ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​ មាន​ការ​ប្រព្រឹត្ដខុស​គន្លង​បែប​បទ​ចាស់​បុរាណ។

លោក​​បន្ដ​ថា​៖ «កាល​ពី​ខ្ញុំ​ទៅ​​ចូលរួម​វគ្គបណ្ដុះ​បណ្ដាល​នេះ ក៏​គេ​បាន​ណែនាំ​បែប​នេះ​ដែរ។ ការ​ណែ​នាំ​បែប​នេះ​គឺ​ត្រឹម​ត្រូវ​ណាស់ គឺកុំ​ឲ្យ​មាន​ការ​ប្រព្រឹត្ដ​ខុស​ពី​បែប​បទ​បុរាណ​យើង​ដែល​បាន​បន្សល់​ទុក​មក​»។​

លោក​បន្ថែម​ថា​៖ «វត្ដ​ចំពុះ​ក្អែក​ ក៏ជាវត្ដ​ចាស់​បុរាណ​មួយ​ដែរ ចំណែក​ការ​អនុវត្ដ​កិច្ច សម្រាប់​ពិធី​បុណ្យ​ផ្សេងៗ មិន​ខុសគ្នា​ទេ​ គឺ​ធ្វើ​ដូច​គ្នា​តាម​បែប​បទ​បុរាណ​ទាំង​អស់​»៕