ភ្នំពេញៈ លោក Hulusi AKAR រដ្ឋមន្ត្រី​ការពារជាតិ​តួកគី​បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ទៀ បាញ់ និង​គណៈប្រតិភូ​ក្រសួងការពារជាតិ​នៅ​សាធារណរដ្ឋ​តួកគី​ថា បាន​បង្កើត​ឱកាស​មួយ​ដ៏ល្អ​សម្រាប់​ឱ្យ​កងទ័ព​ទាំង​ ២ បាន​ធ្វើការ​ចែករំលែក​ចំណេះដឹង និង​បទពិសោធ​ពីគ្នា​ទៅវិញទៅមក និង​ធ្វើ​ការងារ​រួម​គ្នា ដើម្បី​ផលប្រយោជន៍​ប្រទេស​ទាំង​ ២​។ នេះ​បើ​យោងតាម គេហទំព័រ​របស់​ក្រសួង​ការពារ​ជាតិ​។

ការថ្លែង​របស់លោក Hulusi AKAR ធ្វើឡើង​នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​នឹង​លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​គណៈប្រតិភូ​ក្រសួង​ការពារជាតិ​កាលពី​ថ្ងៃទី​ ៣០ ខែ​មករា ឆ្នាំ​ ២០២០ ​នៅ​រដ្ឋធានី​អង់ការ៉ា​។

គេហទំព័រ​ក្រសួង​ការពារជាតិ​បាន​ដកស្រង់​សម្តី​លោក Hulusi AKAR មក​ចុះផ្សាយ​ថា ទោះបី​ជា​កម្ពុជា-តួកគី​នៅ​ឆ្ងាយ​ពីគ្នា​ពិតមែន ក៏ប៉ុន្តែ​ប្រទេស​ទាំង​ ២ ​អាច​ធ្វើ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​នៅលើ​វិស័យ​ជាច្រើន​។ លោក​ក៏​បាន​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៀ បាញ់ ​ថា ពិតជា​មាន​សារៈសំខាន់ ពីព្រោះ​ដំណើរ​ទស្សនកិច្ច​នេះ​បាន​បង្កើត​ឱកាស​មួយ​ដ៏ល្អ សម្រាប់​ឱ្យ​កងទ័ព​ទាំង​ ២ បាន​ធ្វើការ​ចែករំលែក​ចំណេះដឹង និង​បទពិសោធ​ពីគ្នា​ទៅវិញ​ទៅមក​។

លោក​បញ្ជាក់ថា​៖ «​ការហ្វឹកហ្វឺន​កងទ័ព​តាមរយៈ​ការផ្លាស់ប្ដូរ​ការសិក្សា​ក្នុង​បណ្ឌិត្យសភា​យោធា​ក៏ដូចជា​ការផ្លាស់ប្ដូរ​ទៅវិញទៅមក យោធា​ចារ្យ​តាម​វិស័យ​ផ្សេងៗ​ទៀត​។ យើង​អាច​ចែករំលែក​បទពិសោធ ចំណេះដឹង​ទាក់ទង​នឹង​វិស័យ​ការពារ​ជាតិ និង​ធ្វើ​ការងារ​រួមគ្នា ដើម្បី​ផលប្រយោជន៍​ប្រទេស​ទាំង​ ២ ក៏​ដូចជា​ដើម្បី​បុព្វហេតុ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ផងដែរ​»​។

ជា​ការឆ្លើយតប​លោក ទៀ បាញ់ ​ថ្លែង​ថា ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​នេះ គឺធ្វើ​ឡើង​ក្នុង​ការពង្រឹង និង​រៀបចំ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​យោធា​ប្រទេស​ទាំង​ ២​។ ទោះបី​ជា​មិនទាន់​មាន​វិស័យ​ជាច្រើន​ដែល​ត្រូវ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ក្តី តែ​ប្រទេស​ទាំង​ ២ ​បាន​សម្លឹង​ឃើញ​ជាមួយ​នឹង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​ឧស្សាហកម្ម និង​សម្ភារ​ផ្នែក​យោធា​ដែល​មាន​ខ្លះ​នាពេល​កន្លងមក​។

លោក​បញ្ជាក់​ថា​៖ «​ការផ្លាស់ប្តូរ​ទស្សនៈ​យោបល់​ជាមួយ​នឹង​ការចែករំលែក​ព័ត៌មាន​ភេរវកម្ម និង​គោលនយោបាយ​បទពិសោធ​ទៅវិញទៅមក​តាមរយៈ​ជំនាញ​នយោបាយ​ការពារជាតិ និង​អាច​ពិនិត្យ​ពិគ្រោះគ្នា និង​ផ្តល់​បទពិសោធ​លើ​វិស័យ​កងទ័ព​ជាមួយ​នឹង​ការធានា និង​គោលការណ៍​សង្គម​ព្រម​ទាំង​បញ្ហា​មួយ​ចំនួន​ទៀត​»​។

លោក​បន្ថែមថា ដំណើរការ​អភិវឌ្ឍន៍​ក្រោម​ទង់​សុខសន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ ក្រោម​ការដឹកនាំ​ដោយ​លោក នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការលើក​កម្ពស់​នូវ​កំណែទម្រង់​នានា​គ្រប់​វិស័យ ទន្ទឹម​នេះ​វិស័យ​កងទ័ព​ក៏​ត្រូវ​បាន​លើកកម្ពស់​សមត្ថភាព​ក្នុង​ការកសាង​ខឿន​ការពារជាតិ ហើយ​ក៏​បាន​រួម​ចំណែក​ក្នុង​សន្តិភាព​ពិភពលោក​តាមរយៈ​ការបញ្ជូន​កងកម្លាំង​ទៅ​ចូលរួម​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​ ២០០៦ មក​ប្រកប​ដោយ​ជោគជ័យ​ដ៏ធំធេង​។

ជាមួយ​គ្នា​នេះ​កាលពី​ថ្ងៃទី ២៩ ខែ​ មករា ឆ្នាំ​ ២០២០ ក្រុម​គណៈប្រតិភូ​ក្រសួង​ការពារ​ជាតិ​បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន នូរ៉ូ ម៉ាគីណា (NuroMakina) ដែល​ជា​ក្រុមហ៊ុន ឧស្សាហកម្ម​យោធា​ផលិត​រថពាសដែក​ដ៏ធំ​មួយ​នៅក្នុង​ទីក្រុង​អង់ការ៉ា​នៃ​សាធារណរដ្ឋ​តួកគី​។ រថពាសដែក​ដែល​ផលិត​ដោយ​ក្រុមហ៊ុន NuroMakina ត្រូវ​បាន​ទទួលស្គាល់ និង​ប្រើប្រាស់​ជាទូទៅ នៅលើ​ពិភពលោកក្នុង​វិស័យ​យោធា​លើ​កិច្ចការ​ការពារ​សន្តិសុខ និង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​។

គណៈប្រតិភូ​ក៏​បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន អែហ្វ អិន អេស អេស ( FNSS) ជា​ក្រុមហ៊ុន ឧស្សាហកម្ម​យោធា​ផលិត​យានយន្ត រថក្រោះ រថពាស​ដែក និង​វិស្វកម្ម​សម្រាប់​កងទ័ព​តួកគី និង​បាន​ទៅ​ទស្សនា​ខ្សែ​ចង្វាក់​ផលិត​យានយន្ត និង​បាន​អញ្ជើញ​ទៅ​ទស្សនា​វាំង Topkapi និង​ទៅ​ទស្សនា សារមន្ទីរ Hagia Sofia ស្ថិត​នៅ​ទីក្រុង អ៊ីស្តង់ប៊ុល​ផងដែរ​។

លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​នេះ​ជា​ផ្នែក​មួយ​នៃ​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​តួកគី​ទៅ​លើ​វិស័យ​យោធា និង​ការពារជាតិ​ដែល​នឹង​ជួយ​លើក​ស្ទួយ​ឲ្យ​វិស័យ​ការពារ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ភាពរីកចម្រើន​តែ​លោក​ថា ប្រទេស​តួកគី​អាច​ជួយ​តិចតួច​ណាស់​ដល់​ប្រទេស​កម្ពុជា​ទាំង​វិស័យ​យោធា និង​សេដ្ឋកិច្ច​។

លោក​ថ្លែងថា​៖ «​វា​ជា​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​តួកគី​ដូចដែល​យើង​បានឃើញ​កាលពី​លើក​មុន​សម្តេច​នាយក​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​នេះហើយ​បាន​ជួប​ថ្នាក់ដឹកនាំ​មួយ​ចំនួន​របស់​ប្រទេស​តួកគី​។ វា​ជា​ការល្អ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ ១ និង​ប្រទេស​ ១ ​ទៀត​»៕