The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋមន្ត្រី​ថា កម្ពុជា​ចង់​ឱ្យ​មាន​វត្ដមាន​ការិយាល័យ​ RFA និង VOA

រដ្ឋមន្ត្រី​ថា កម្ពុជា​ចង់​ឱ្យ​មាន​វត្ដមាន​ការិយាល័យ​ RFA និង VOA

Content image - Phnom Penh Post
រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ។ ហេង ជីវ័ន

រដ្ឋមន្ត្រី​ថា កម្ពុជា​ចង់​ឱ្យ​មាន​វត្ដមាន​ការិយាល័យ​ RFA និង VOA

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​​ថ្លែង​ថា កម្ពុជា​ចង់​ឲ្យ​មាន​ការិយាល័យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ VOA និង​ការិយាល័យ​វិទ្យុ​អាស៊ីសេរី RFA នៅ​កម្ពុជា​ដើម្បី​ងាយស្រួល​ប្រាស្រ័យ​ទាក់ទង ខណៈ​វិទ្យុ​គាំទ្រ​ដោយ​បរទេស​ទាំងនេះ​អវត្តមាន​ពី​កម្ពុជា​​ក្រោយ​នយោបាយ​ប្រែប្រួល​។

ការ​ថ្លែង​របស់​លោក​ដូច្នេះ​ធ្វើ​ឡើង​ក្នុង​អំឡុង​ជំនួប​លា​គ្នា​ជាមួយ​លោក William A. Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្រសួង​ព័ត៌មាន​។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​។

សារព័ត៌មាន Fresh News ដែល​គាំទ្រ​រដ្ឋាភិបាល​បាន​រាយការណ៍​ថា​៖ «​លោក ខៀវ កាញារីទ្ធ ថែម​ទាំង​បាន​បញ្ជាក់​ប្រាប់​ឯកអគ្គរដ្ឋទូត​អាមេរិក​ថា កម្ពុជា​​ចង់​ឲ្យ​ស្ថានីយ​វិទ្យុ​ទាំង​ ២ ​នេះ​មាន​ការិយាល័យ​នៅ​កម្ពុជា​ដើម្បី​ស្រួល​ទាក់ទង​ការងារ​អ្វី​មួយ​»​។

កាលពី​ឆ្នាំ​មុន​ស្ថានីយ​វិទ្យុ​ជាង​ ៣០ ដែល​ជួល​រលក​ធាតុអាកាស​ RFA និង​ VOA ​ត្រូវ​បាន​បិទ​។ RFA ​បាន​បិទ​ប្រតិបត្តិការ​នៅ​កម្ពុជា​កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន ដោយ​អះអាង​ថា ការបង្ក្រាប​​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើឲ្យ​ខ្លួន​មិន​អាច​បន្ត​ប្រតិបត្តិការ​បាន​។

បន្ទាប់ពី​ការបិទ​វិទ្យុ​នេះ អ្នក​យក​ព័ត៌មាន​ ២ ​រូប​របស់​ RFA ​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ពី​បទ​ «​ប្រមូល​ព័ត៌មាន​ខុសច្បាប់​សម្រាប់​ប្រភព​បរទេស​» ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ដោះលែង​នៅ​ក្រៅ​ឃុំ បន្ទាប់ពី​ការបោះឆ្នោត​ជាតិ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​អាសនៈ​សភា​ទាំងអស់​។

សារព័ត៌មាន Fresh News បាន​ដកស្រង់​សម្ដី​លោក ខៀវ កាញារីទ្ធ ថា​ VOA និង​ RFA ​មិន​អាច​ផ្សាយ​លើ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​បាន​ដោយសារ​ស្ថានីយវិទ្យុ​ក្នុង​ស្រុក​បំពាន​វិធាន​នៃ​ការជួល​ដោយ​មិន​គោរព​តាម​នីតិវិធី​ដែល​កំណត់​ដោយ​ក្រសួង​។

លោក អ៊ុក គឹមសេង អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន និង​មន្ត្រី​ក្រសួង​ដទៃៗ​ទៀត​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​អង្គារ​។

អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​មិន​បាន​ឆ្លើយតប​ទាន់​ម៉ោង​ចេញ​កាសែត​។ ប៉ុន្តែ​សារព័ត៌មាន​ក្នុង​ស្រុក​រាយការណ៍​ថា លោក William A. Heidt បាន​ប្រាប់​លោក ខៀវ កាញារីទ្ធ ថា [​ស្ថានទូត​អាមេរិក​] ​កំពុង​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​វិទ្យុ​ទាំង​ ២ ហើយ​ពួកគេ​នឹង​បន្ត​ការផ្សាយ​លើ​បណ្តាញ​ក្នុង​ស្រុក​ឡើង​វិញ​ បន្ទាប់ពី​បញ្ហា​ត្រូវ​បាន​ដោះស្រាយ​រួច ដើម្បី​ពង្រឹង​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​៕ PS

អត្ថបទគួរចាប់អារម្មណ៍